សមាជិកព្រឹទ្ធសភា​និង​តំណាងរាស្ត្រ​អាមេរិក​ស្នើ​ច្បាប់​​​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត

រូបឯកសារ៖ វិមាន​សភា​អាមេរិក​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា​ ឆ្នាំ២០២៣។

សមាជិក​ព្រឹទ្ធសភា និង​តំណាង​រាស្ត្រ​អាមេរិក​មួយ​ចំនួន​បាន​ស្នើ​ច្បាប់​មួយ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​«ការ​បំពាន​នានា​និង​អំពើ​ពុក​រលួយ​ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​និង​សិទ្ធិមនុស្ស» នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ការិយាល័យលោក Edward J. Markey សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​ប្រចាំ​រដ្ឋ Massachusetts​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ ទី១៤ ខែ​កក្កដា។

សមាជិក​ព្រឹទ្ធសភា​ ៣​រូប និង​តំណាង​រាស្ត្រ​អាមេរិក​ ២​រូប បាន​សហការ​គ្នា​ស្នើ​«សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រជាធិប​តេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ២០២៣» ឬ​ជា​ភាសា​អង់​គ្លេស “Cambodia Democracy and Human Rights Act of 2023” នេះ​ឡើង។

សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​២៧ទំព័រ ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​គោល​បំណង​«លើក​កម្ពស់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ លទ្ធិប្រជាធិប​តេយ្យ សេរី​ភាព​នយោបាយ និង​សិទ្ធិ​មនុស្ស និង​ដើម្បី​គោល​បំណង​ផ្សេងៗ​ទៀត» ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ដាក់​ទណ្ឌកម្ម​នានា​លើ​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​ តាមរយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ហាម​ឃាត់​ទិដ្ឋាការ​មិន​ឱ្យចូល​សហរដ្ឋ​អាមេរិក​ និង​មិន​ឱ្យពលរដ្ឋ​អាមេរិ​កាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ។

ការ​ស្នើ​ច្បាប់​នេះ​បាន​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​និង​កំពុង​ដឹកនាំ​ប្រទេស​ជិត៤០​ឆ្នាំ​មក​នេះ កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ដោយ​គ្មាន​គូ​ប្រជែង​ពិត​ប្រាកដ បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​ ដោយ​សារ​បញ្ហា​ចម្រូង​ចម្រាស​ផ្នែក​លិខិត​ស្នាម។

នេះ​មិន​មែនជា​លើក​ដំបូង​ទេ​ដែល​សមាជិក​ព្រឹទ្ធសភា​ និង​តំណាង​រាស្រ្ត​អាមេរិក​មួយ​ចំនួន​បាន​ស្នើច្បាប់ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ លោក Edward J. Markey ក៏​ធ្លាប់​បានស្នើ​សេចក្តី​ស្នើ​ច្បាប់​មួយ ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​គោលបំណង​លើក​កម្ពស់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ច្បាប់​នេះ​ក៏​តម្រូវ​ឱ្យ​ដាក់​ទណ្ឌកម្ម​បុគ្គល​ទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាមឃាត់​ទិដ្ឋាការ​មិន​ឱ្យ​ចូល​សហរដ្ឋ​អាមេរិក​ និង​ដកហូត​ទិដ្ឋាការ​ដែល​មាន​ស្រាប់។ ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធ​សភា​អាមេរិក ដើម្បី​បញ្ជូន​ទៅ​ប្រធានាធិបតី​អាមេរិក ដើម្បី​ចុះ​ហត្ថលេខា​ឡើយ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២២ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Edward J. Markeyបាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​លោកជំរុញ​កម្ពុជា​សម្រេច​ឱ្យ​បាន​នូវ​ការ​សន្យាតាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១ ដោយ​ឈរ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ស្នើ​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ​គ្រាន់​តែ​ការ​បន្លឺ​សំឡេង​ឱ្យបាន​មុន​ការ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ការ​លើក​ឡើង​ហ្នឹង​ គ្រាន់​តែ​ជា​ឈុត​ឆាក​នយោបាយ ​ដើម្បី​បន្លឺ​នៅ​មុន​ពេល​បោះ​ឆ្នោត​ប៉ុណ្ណោះ​ មិន​មាន​ជា​ការ​អី​ឱ្យ​យើង​ចាប់​អារម្មណ៍​ខ្ពស់​ណាស់​ណា​ប៉ុន្មាន​ទេ ពីព្រោះ​កម្ពុជា​នៅ​តែ​ពង្រឹង​បន្ត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក»។

លោក​បន្ថែម​ទៀត​ថា​លទ្ធិប្រជា​ធិបតេយ្យ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ប្រទេស​ក្នុង​តំបន់​ ដែល​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​អាមេរិក​បាន​លើក​ឡើង​នោះ​ឡើយ។

លោក​បន្ថែម​ថា៖ «កម្ពុជា​យើង​មិន​មែន​បោះ​បង់​ចោល​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឯណា។ យើង​មាន​គោល​ការណ៍​ច្បាស់​លាស់​អំពី​ការ​បង្កើត​ឱ្យ​មាន​ទាំង​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពី​ថ្នាក់​ក្រោម​ជាតិ​គឺ​ យើង​បាន​ធ្វើ​ល្អ​ណាស់​ ដែល​សមាជិក​សភា​សហរដ្ឋ​អាមេ​រិក​ហ្នឹង​ លោក​អត់​យល់​ពី​ការ​ប្រឹង​ប្រែង​របស់​កម្ពុជា​ ដែល​បង្កើត​នូវ​លម្ហ​ក្នុង​ការ​ដោះ​ស្រាយ​ដោយ​កិច្ច​សន្ទនា​ប្រកប​ដោយ​សន្តិភាព​ ប្រកប​ដោយ​គុណភាព​ ប្រកបដោយ​កិច្ច​សហ​ប្រតិបត្តិការ​ដែល​យើង​ខំ​ប្រឹង​ប្រែង»។

លោក​បញ្ជាក់​ថា​ការ​ស្នើ​ច្បាប់​ ដើម្បី​ដាក់​ទណ្ឌកម្ម​នេះ​ មិន​មាន​អ្វី​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ឬ​ Generalized System of Preferences ដែល​កម្ពុជា​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិក​ឡើយ ដោយ​លោក​ថា បើ​សិន​ជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ក៏​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដែរ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ អំ សំអាត លើក​ឡើង​ថា​ កន្លង​មក​ក៏​ធ្លាប់​មាន​ច្បាប់​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ ឬក៏​មាន​អំពើ​ពុក​រលួយ​ជា​ដើម។

លោក​ថ្លែង​ថា៖ «កម្ពុជា​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ និង​កែ​លម្អ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជា​ធិបតេយ្យ​ កុំ​ឱ្យ​មាន​ចំពោះ​បុគ្គល​ណា​មួយ​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ ពីព្រោះ​ការ​ដាក់​ទណ្ឌកម្ម​ទោះបី​ជា​បុគ្គល​ក៏​ដោយ ​ក៏​វា​អាច​ជៀស​ឥទ្ធិពល​មិន​ល្អ​សម្រាប់​កម្ពុជា​យើង​ផង​ដែរ»។

លោក​បន្ថែមថា​ បើ​សិន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធGSP ​បាត់បង់ នោះ​វា​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ផល​ចំណេញ​មួយ​កម្រិត៕