ព្រឹទ្ធសភាស.រ.អាមានកំណត់នឹងពិចារណាជាថ្មីអំពីសេចក្តីសម្រេចចិត្តមួយ ដើម្បីបញ្ឈប់ការគាំទ្ររបស់អាមេរិកដល់អន្តរាគមន៍យោធារបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសង្គ្រាមស៊ីវិលនៃប្រទេសយេម៉ែនជាមួយការបោះឆ្នោតមួយអំពីវិធានការនេះ ដែលបានត្រូវគ្រោងធ្វើនៅរសៀលថ្ងៃព្រហស្បតិ៍នេះតាមពេលវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
គេរំពឹងថា ក្រុមសមាជិកព្រឹទ្ធសភាស.រ.អាខាងគណបក្សសាធារណរដ្ឋមួយចំនួនតូចនឹងចូលរួមជាមួយពួកប្រជាធិបតេយ្យក្នុងការអនុម័តសេចក្តីសម្រេចចិត្តនេះ។
ព្រឹទ្ធសភាអាមេរិកាំង ដែលដឹកនាំដោយពួកសាធារណរដ្ឋបានបោះឆ្នោត ៦០ សំឡេងទល់នឹង៣៩សំឡេងកាលពីថ្ងៃពុធដើម្បីចាប់ផ្តើមជជែកដេញដោលគ្នាអំពីវិធានការនេះ ដោយរឹងទទឹងនឹងរដ្ឋបាលលោកត្រាំ ដែលបាននិយាយបង្ហាញហេតុផលយ៉ាងខ្លាំងក្លាប្រឆាំងនឹងការផ្តាច់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងរីយ៉ាដ ដែលជាសម្ព័ន្ធមិត្តរបស់ស.រ.អាយូរយាមកហើយ។
លោក Richard Blumenthal សមាជិកព្រឹទ្ធសភាស.រ.អាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Connecticut បាននិយាយប្រាប់វីអូអេថា «គេត្រូវការឱ្យមានការបញ្ចប់ការឃុបឃិតរបស់ស.រ.អ.នៅក្នុងការទម្លាក់គ្រាប់បែកលើក្រុមជនស៊ីវិល និងការសម្លាប់ក្រុមកុមារនៅក្នុងប្រទេសយេម៉ែន ដែលជាឧក្រិដ្ឋកម្មសង្គ្រាម»។
លោក Bernie Sanders សមាជិកព្រឹទ្ធសភាឯករាជ្យប្រចាំរដ្ឋ Vermont ដែលជាសហអ្នកផ្តើមគំនិតនៃវិធនាការនេះបានមានប្រសាសន៍ថា «សេចក្តីសម្រេចចិត្តនេះចែងថាគឺនៅក្នុងសង្គ្រាមដ៏អាក្រក់និងរន្ធត់នេះហើយដែលសភាប្រុងប្រៀបធ្វើសកម្មភាពហើយខ្ញុំសង្ឃឹមខ្លាំងថាយើងទាំងអស់គ្នានឹងក្តាប់យកឱកាសនេះ»៕