ព្រឹទ្ធសភាសហរដ្ឋអាមេរិកបន្តសួរដេញដោលក្រុមមេធាវីការពារក្តីឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំនិងក្រុមរដ្ឋអាជ្ញានៃសភាតំណាងរាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃចុងក្រោយ ដើម្បីជំនុំជម្រះដកតំណែងលោក ត្រាំ ខណៈដែលការសម្រេចចិត្តដើម្បីកោះហៅសាក្សីបន្ថែមនៅមានភាពស្រពេចស្រពិលនៅឡើយ។
មេធាវីរបស់លោក ត្រាំ គឺលោក Alan Dershowitz បានប្រកែកកាលពីថ្ងៃពុធថា បើទោះបីជាលោក ត្រាំ បានស្នើឲ្យលោកប្រធានាធិបតី Zelensky ផ្តល់ប្រយោជន៍នយោបាយ ដើម្បីដោះដូរយកជំនួយក៏ដោយ ក៏មិនមែនធ្ងន់ដល់ថ្នាក់អាចដកតំណែងប្រធានាធិបតីទេ។
លោកមេធាវី Alan Dershowitz ថ្លែងថា៖
«រាល់មន្ត្រីសាធារណៈដែលខ្ញុំស្គាល់សុទ្ធតែជឿថា ការជាប់ឆ្នោតរបស់លោកត្រាំ គឺជាប្រយោជន៍សម្រាប់សាធារណជន ហើយប្រសិនបើប្រធានាធិបតីម្នាក់បានធ្វើអ្វីមួយដែលលោកជឿថានឹងជួយលោកឲ្យជាប់ឆ្នោត ដើម្បីជាប្រយោជន៍ដល់សាធារណជន នោះវាមិនអាចចាត់ទុកថាជាការដោះដូរប្រយោជន៍ដែលអាចឈានដល់ការដកតំណែងប្រធានាធិបតីនោះទេ»។
លោក Adam Schiff ប្រធានក្រុមរដ្ឋអាជ្ញានៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាមកពីខាងគណបក្សប្រជាធិបតេយ្យ ចាត់ទុកអំណះអំណាងរបស់លោក Dershowitz ថា មិនមានហេតុផលដោះបន្ទុកគ្រប់គ្រាន់នោះទេ។
លោក Schiff បានប្រកាសថា៖
«អំណះអំណាងនេះគ្មានផ្អែកលើច្បាប់ទម្លាប់អ្វីទាល់តែសោះ។ ខ្ញុំសង្ឃឹមថា ពលរដ្ឋអាមេរិកាំងគ្រប់រូបអាចដឹងថា ការពឹងឲ្យបរទេសជួយឲ្យជាប់ឆ្នោតគឺជាទង្វើដែលខុស ហើយពលរដ្ឋអាមេរិកាំងគួរសម្រេចទៅលើការបោះឆ្នោត»។
លោក Patrick Philbin មេធាវីការពារក្តីឲ្យលោក ត្រាំ មួយរូបទៀតបានថ្លែងការពារថា ប្រធានាធិបតីមានអំណាចនីតិប្រតិបត្តិយ៉ាងទូលំទូលាយ។
លោក Patrick Philbin បានថ្លែងថា៖
«សិទ្ធិអាចត្រូវបានការពារទៅបាន។ សិទ្ធិមានឡើងដើម្បីត្រូវបានការពារ ហើយការការពារសិទ្ធិទាំងនោះមិនគួរត្រូវបានចាត់ទុកថាជាទង្វើដែលត្រូវផ្តន្ទាទោស ឬចាត់ទុកជាភស្តុតាងនៃកំហុសឆ្គងនោះទេ»៕