ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានជំរុញសេចក្តីព្រាងច្បាប់ស្តីពីកញ្ចប់ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធចំនួន១លានលានដុល្លារ ឆ្លងផុតឧបសគ្គពីរដំណាក់កាលបន្ថែមទៀត កាលពីយប់ថ្ងៃអាទិត្យ ហើយការបោះឆ្នោតចុងក្រោយត្រូវគេរំពឹងថា នឹងធ្វើនៅថ្ងៃអង្គារ។
នៅក្នុងការបោះឆ្នោតកាលពីយប់ថ្ងៃអាទិត្យនោះ ការបោះឆ្នោតលើកទី១ដែលមានសំឡេងគាំទ្រ៦៩ទល់នឹង២៨នោះគាំទ្រសេចក្តីលម្អិតនៃសេចក្តីព្រាងច្បាប់ដែលសម្របសម្រួលដោយក្រុមសមាជិកព្រឹទ្ធសភានៃគណបក្សទាំងពីរ ហើយការបោះឆ្នោតទី២ដែលមានសំឡេងគាំទ្រចំនួន៦៨ទល់នឹង២៩នោះ បានកំហិតការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ទាំងមូល។
ការបោះឆ្នោតនេះបង្ហាញការគាំទ្រដ៏ខ្លាំងទៅលើការចំណាយ ដែលនឹងជួសជុលផ្លូវ និងស្ពាននានាដែលចាស់ទ្រុឌទ្រោម ពង្រីកសេវាអ៊ីនធឺណិតល្បឿនលឿន ធ្វើទំនើបកម្មផ្លូវរថភ្លើង និងប្រព័ន្ធស្ថានីយអ្នកដំណើរឆ្លងកាត់ ក៏ដូចជាផ្លាស់ប្តូរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរទឹកបរិភោគដែលអាចបង្កគ្រោះថ្នាក់ព្រោះបន្សារសំណ។
សេចក្តីព្រាងច្បាប់នេះ បានអំពាវនាវឲ្យមានការធ្វើវិនិយោគធំបំផុតក្នុងច្រើនទសវត្សរ៍នេះលើហេដ្ឋារចនាសម្ព័ន្ធអាមេរិក ដែលរួមមានផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ និងប្រព័ន្ធទឹកជាដើម។
ដោយឡែក សមាជិកសភាគណបក្សប្រជាធិបតេយ្យ កំពុងផ្តួចផ្តើមសេចក្តីព្រាងច្បាប់ចំណាយថវិកា៣,៥លានលានដុល្លារទៅលើប្រព័ន្ធសុវត្ថិភាពសង្គម ដែលពុំមានការគាំទ្រពីគណបក្សសាធារណរដ្ឋឡើយ។
កញ្ចប់ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាអាទិភាពកំពូលមួយនៃអាទិភាពផ្នែកច្បាប់របស់លោកប្រធានាធិបតី Joe Biden ដែលមួយផ្នែកដើម្បីបង្ហាញដល់អ្នកបោះឆ្នោតថា សេតវិមាននិងសភាអាចយល់ព្រមលើកិច្ចខិតខំប្រឹងប្រែងរវាងគណបក្សទាំងពីរដើម្បីផលប្រយោជន៍ប្រទេសនៅពេលតំណាងរាស្ត្រនៅរដ្ឋធានីវ៉ាស៊ីនតោនដែលបែកបាក់ខាងនយោបាយជាប់គាំងលើបញ្ហាជាច្រើនទៀត៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France Presse)