ប្រធានក្រុមសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell មានប្រសាសន៍ថាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ មិនបានបដិសេធលទ្ធភាពក្នុងការកោះហៅសាក្សីក្នុងសវនាការចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំនោះទេ។
លោក Mitch McConnell បានប្រាប់កម្មវិធីព័ត៌មាន «Fox & Friends» កាលពីថ្ងៃចន្ទថា «យើងមិនបានទាត់ចោលសាក្សីទេ។ យើងបាននិយាយហើយថាយើងនឹងដោះស្រាយករណីដូចដែលយើងបានធ្វើជាមួយលោកប្រធានាធិបតី Clinton ដូច្នេះដែរ។ យុត្តិធម៌គឺត្រូវតែយុត្តិធម៌»។
កាលពីសប្ដាហ៍មុន ប្រមុខដឹកនាំសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋរូបនេះ បានច្រានចោលការអំពាវនាវរបស់មេដឹកនាំក្រុមសំឡេងភាគតិចក្នុងព្រឹទ្ធសភាគឺលោក Chuck Schumer ក្នុងការស្ដាប់កសិណសាក្សីដែលជាមន្ត្រីចំនួន៤រូប ក្នុងអំឡុងសវនាការព្រឹទ្ធសភា ដើម្បីចោទប្រកាន់ដកតំណែងប្រធានាធិបតី។
មន្ត្រីទាំង៤រូបរួមទាំងអតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកគឺលោកJohn Bolton និងនាយកស្ដីទីខុទ្ទកាល័យប្រធានាធិបតីគឺលោក Mick Mulvaney ផងដែរ។
មន្ត្រីទាំងនេះ បានបដិសេធ ធ្វើកសិណសាក្សីក្នុងអំឡុងពេលស៊ើបអង្កេតរបស់រដ្ឋសភា ដើម្បីចោទប្រកាន់ដកតំណែងលោកប្រធានាធិបតី។
រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានអនុវត្តបទចោទប្រកាន់ពីរករណី ប្រឆាំងនឹងលោកត្រាំ កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយបានធ្វើឱ្យប្រធានាធិបតីរូបនេះ ក្លាយជាប្រធានាធិបតីអាមេរិកាំងទី៣ ដែលត្រូវបានចោទប្រកាន់ដើម្បីដកចេញពីតំណែង ក្នុងប្រវត្តិសាស្ត្រ២៤៣ឆ្នាំនៃប្រទេសនេះ។
លោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទបំពានអំណាចជាប្រធានាធិបតី ដើម្បីទទួលបានផលប្រយោជន៍នយោបាយខ្លួនឯង និងបទរារាំងដំណើរការស៊ើបអង្កេតរបស់រដ្ឋសភា ដែលខិតខំស៊ើបអង្កេតពីទង្វើរបស់លោក៕