ព្រឹទ្ធសភាស.រ.អា. បានបោះឆ្នោតរារាំងរដ្ឋបាលលោកអូបាម៉ាទៅលើច្បាប់ថ្មីដែលមានគោលបំណងការពារតំបន់ដីសើម និងផ្លូវទឹក ពីការបំពុល និងភាពរិចរិលនៃបរិស្ថាន។ ការផ្គត់ផ្គង់ទឹកស្អាតនៅសហរដ្ឋអាមេរិក បានក្លាយជាការប្រជែងផ្នែកអេកូឡូស៊ីចុងក្រោយបង្អស់រវាងសភាអាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ និងសេតវិមាន។
លោក Mitch McConnell សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានលើកឡើងថា ច្បាប់ទឹកស្អាតរបស់ទីភ្នាក់ងារការពារបរិស្ថាន (Environmental Protection Agency) គម្រាមកំហែងដល់ម្ចាស់ដីនៅទូទាំងសហរដ្ឋអាមេរិក។
« វានឹងបង្ខំជនជាតិអាមេរិកដែលរស់នៅក្បែរគ្រលុក ស្នាមជីក និងទីលាន ឲ្យស្នើសុំពួកអ្នកការិយាល័យនូវការអនុញ្ញាត ដើម្បីគ្រាន់តែធ្វើអ្វីៗនៅលើដីកម្មសិទ្ធិរបស់ពួកគេ។»
ប៉ុន្តែវាមិនមែនបែបនោះទេ នេះបើយោងទៅលើលោក Barbara Boxer សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ ។
«វាមិនសមហេតុផលទាល់តែសោះ។ ការពិតនោះគឺថា ច្បាប់គ្រប់គ្រងទឹកស្អាត នឹងការពារទឹកសម្រាប់ពិសារឲ្យប្រជាពលរដ្ឋអាមេរិកចំនួន១១៧លាននាក់»។
ការបោះឆ្នោតព្រឹទ្ធសភាមួយនេះ គឺគ្រាន់ជាជំហានមួយនៅក្នុងដំណើរការប៉ុណ្ណោះ។ សេតវិមានបានសន្យាថា នឹងបោះឆ្នោតវេតូ ទៅលើសេចក្តីព្រាងច្បាប់ណា ដែលផ្ទុយពីច្បាប់របស់ទីភ្នាក់ងារការពារបរិស្ថាន ដែលកំណត់គោលការណ៍ណែនាំអំពីផ្ទៃទឹកដែលត្រូវបានរកឃើញនៅជិតផ្លូវទឹក។
អ្នកជំទាស់បាននិយាយថា ច្បាប់នោះត្រូវបានព្រាងឡើងយ៉ាងទូលំទូលាយថា នៅសឹងតែគ្រប់ទីកន្លែងដែលទឹកត្រូវបានប្រមូលតាមធម្មជាតិនៅលើទ្រព្យសម្បតិ្តឯកជន អាចនឹងត្រូវចាត់ទុកជាការរំលោភចូលកម្មសិទ្ធិឯកជនច្បាប់សហព័ន្ធ។
សកម្មភាពទីភ្នាក់ងារការពារបរិស្ថានកើតចេញមកពីច្បាប់សកម្មភាពទឹកស្អាត Clean Water Act នៅក្នុងអំឡុងឆ្នាំ១៩៧០ ដែលត្រូវបានយកមកជជែកនៅក្នុងតុលាការជាច្រើនដង ហើយអាចបញ្ជូនបន្តទៅកាន់តុលាការកំពូល មុនពេលដែលការជជែកពិភាក្សានៅវិមានសភា Capitol ត្រូវបានបញ្ចប់។
តុលាការឧទ្ធរណ៍សហព័ន្ធបានរារាំងច្បាប់គ្រប់គ្រងទឹកស្អាតរបស់ទីភ្នាក់ងារការពារបរិស្ថាននៅទូទាំងប្រទេស ដែលជាការសម្រេចមួយទំនងនឹងមានការប្តឹងឧទ្ធរណ៍តទៅទៀត៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា