សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ចង់កែ​ច្បាប់​ពន្ធដារ​របស់​លោក Trump

  • ​Reuters

​រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​លោក Ron Wyden ដែលជា​ប្រធាន​នៃ​​គណៈកម្មាធិការ​​ហិរញ្ញវត្ថុ ​ថ្លែង​នៅឯ​សវនាការគណៈកម្មាធិការ​​ហិរញ្ញវត្ថុនៅ​វិមានសភា​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

កាលពី​ដើមខែមេសា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាន់ខ្ពស់ក្នុង​គណៈកម្មាធិការហិរញ្ញវត្ថុ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​ស្នើការកែប្រែធំៗក្នុង​កំណែ​ទម្រង់​ពន្ធដារ​ឆ្នាំ២០១៧របស់អតីតប្រធានាធិបតី​ Donald Trump ដើម្បី​បំបាត់​អ្វី​ដែលពួក​គេនិយាយ​ថា ​ជា​ការ​លើក​ទឹកចិត្តឱ្យ​ក្រុមហ៊ុន​ផ្លាស់​ទីតាំង​ទៅ​ប្រទេស​ក្រៅ​ហើយ​បង្វែរប្រាក់​កម្រៃទៅកាន់ប្រទេស​នានាដែលយក​ពន្ធដារតិច។

ផែន​ការ​ដែល​ស្នើ​ឡើង​ដោយសមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​គឺលោក Ron Wyden លោក Sherrod Brown និង​លោក Mark Warner ស្របជា​មួយសំណើ​ដំឡើង​ពន្ធដារលើក្រុម​ហ៊ុនដែលលោក​ប្រធានាធិបតី​ Joe Biden បានប្រកាសកាល​ពី​ចុង​ខែ​មីនា​ដើម្បីរក​ប្រាក់២លានលាន​ដុល្លារសម្រាប់​ធ្វើ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។​

សមាជិក​ព្រឹទ្ធសភា​នៃគណបក្ស​ប្រជាធិបតេយ្យ​ទាំង​នេះ ​ចង់​ផ្តោត​ទៅលើមាត្រា​ទាំងឡាយ​នៅក្នុង​ច្បាប់ស្តីពី​ពន្ធដារ​និង​ការងារ​ឆ្នាំ២០១៧ ​ដែល​ទាក់​ទង​នឹងការ​យក​ពន្ធ​លើ​ប្រាក់​ចំណូល​នៅ​ក្រៅ​ប្រទេស​របស់ក្រុម​ហ៊ុន និង​ច្បាប់មួយចំនួន​ផ្សេងទៀត។​

ប្រព័ន្ធ​ទាំង​នេះ​មានគោល​ដៅទាក់ទាញក្រុមហ៊ុនរក​ស៊ី​នៅប្រទេសក្រៅឱ្យ​យក​ប្រាក់​ចំណូលមក​កាន់​សហរដ្ឋ​អាមេរិក​វិញ​ដោយបង់ពន្ធ​ទាប ហើយ​ប្រាក់​កម្រៃ​ទាំង​នេះ​អាចយក​ទៅ​វិនិយោគ​ក្នុង​ការងារក្នុង​ប្រទេស​អាមេរិក។​ ក៏ប៉ុន្តែ​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ថ្លែងថា ក្នុងការ​អនុវត្តន៍​ជាក់ស្តែង ប្រព័ន្ធទាំង​នេះ​ លើកទឹក​ចិត្ត​ថ្មីៗ​ថែមទៀត​ដល់​ក្រុម​ហ៊ុនឱ្យ​បណ្តាក់ទុន​ច្រើន​ជាងមុននៅប្រទេស​ក្រៅ ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ការ​លើកលែង​ថ្មី»។

លោក​ Warner បាន​និយាយប្រាប់ពួក​អ្នក​កាសែត​នៅ​ក្នុងសន្និសីទសារព័ត៌មាន​តាម​ទូរស័ព្ទថា «ក្រុម​ហ៊ុន​ជា​ច្រើន​មិន​បាននាំ​យក​ប្រាក់​កម្រៃ​មក​ប្រទេស​អាមេរិក​វិញ​ទេ។ ចំពោះ​ក្រុម​ហ៊ុន​ដែល​ផ្ទេរ​ប្រាក់កម្រៃ​មកអាមេរិក​វិញ ភាគ​ច្រើន​យក​ប្រាក់​នោះ​ទៅ​ទិញ​ភាគ​ហ៊ុន​វិញ​។»។

ផែន​ការ​របស់​គណបក្ស​ប្រជាធិបតេយ្យមិន​បានលុបចោលការ​អនុគ្រោះ​ពន្ធដារ​ទាំង​នោះទេ តែកែប្រែពន្ធដារទាំង​នោះដើម្បី​ធ្វើឱ្យ​អត្រា​វាស្មើ​គ្នា​និងធ្វើ​វា​ឱ្យ​ជិត​ស្មើនឹង​អត្រា​ពន្ធដារក្រុមហ៊ុន​ធំៗ។​ ​បន្ថែ​ម​លើ​នេះ ផែនការ​ទាំង​នេះ នឹងនាំ​ឱ្យ​មានការ​លើក​ទឹកចិត្តថ្មីៗ​សម្រាប់​ការបណ្តាក់​ទុនក្នុងការស្រាវជ្រាវ​ និង​បង្កើត​ការងារ​ក្នុង​សហរដ្ឋ​អាមេរិក​ថែមទៀត​ផង។

សេចក្តីស្នើទាំង​នេះ ទំនង​ជា​នឹង​ប្រឈម​នឹងការ​ជំទាស់​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​បានរិះគន់ផែនការរបស់​លោក Biden ​ក្នុងការ​លុប​ចោលសមិទ្ធិខាង​ការ​បង្កើត​ច្បាប់របស់គណបក្ស​ពួក​គេ​ក្នុង​ពេល​លោក Trump កាន់​តំណែង​ប្រធានាធិបតី​ថា​ ជា​ការដាក់ក្រុម​ហ៊ុន​អាមេរិកាំងមិន​ឱ្យ​មានប្រៀបក្នុង​ការ​ប្រកួត​ប្រជែង។ ផែនការ​នេះ​ អាច​ត្រូវ​អនុម័ត​ដោយមានតែ​ការគាំទ្រ​របស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ ជា​ផ្នែក​មួយ​នៃផែនការទូលំទូលាយខាង​ហេដ្ឋារចនាសម្ព័ន្ធរបស់​លោក Biden តែ​ការណ៍​នេះ នឹង​តម្រូវ​ឱ្យ​មានការ​គាំទ្រ​ពី​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​៥០​នាក់​ក្នុង​ព្រឹទ្ធសភា។

ចំពោះ​ពន្ធដារមួយក្នុង​បណ្តាពន្ធអាករនានាដែលគេ​ហៅ​ថា BEAT ដែលមាន​គោលដៅយក​ពន្ធដារ​ខ្លះលើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ដែល​បង្វែរទៅ​កាន់អង្គភាពក្រៅ​ប្រទេស ផែនការ​របស់​គណបក្ស​ប្រជាធិបតេយ្យ ក៏​នឹង​ធ្វើឱ្យ​មានឡើង​វិញ​នូវ​ការអនុគ្រោះ​ពន្ធសម្រាប់​វិនិយោគក្នុង​ប្រទេស​ ក្នុង​វិស័យ​ថាមពល​ស្អាត​ និងក្នុង​សហគមន៏​មានប្រាក់​ចំណូល​ទាប​ និងបង្កើន​ពន្ធលើ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ច្រើន​ជាង​មុន។

ផែនការរបស់​លោក Biden ​បានស្នើ​ដំឡើងអត្រាពន្ធដារលើក្រុមហ៊ុន​សាជីវកម្ម​ធំៗពី​២១% ទៅ​ដល់​២៨% នឹងពន្ធដារ​សាកល​អប្បបរមា​ដែល​នឹង​ត្រូវ​ធ្វើការចរចា​ជាមួយប្រទេស​មាន​សេដ្ឋកិច្ចធំៗ​ឯ​ទៀត។

លោក Wyden បានថ្លែង​ថា​ លោក​មានជំនឿ​ថា ពន្ធដារ​សាកល​អប្បបរមាសម្រាប់​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​តាម​រយៈ​ផែនការ​លោក Biden អាច​មានដំណើរការ​បាន​ជា​មួយកំណែ​ទម្រង់​ដែល​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បានស្នើឡើង​ដរាបណាលោកស្រី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Janet Yellen អាចមាន«កិច្ច​ព្រមព្រៀង​ពហុជាតិល្អមួយ​ជា​មួយ​អង្គការកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និងការ​អភិវឌ្ឍន៍​ហៅ​កាត់​ថា ORCD»។

កាល​ពី​ដើមខែ​មេសា លោកស្រី Yellen បានអំពាវនាវ​ឱ្យ​មានពន្ធដារសាកលអប្បបរមានៅ​ពេល​លោកស្រី​ចូលរួម​ជា​លើក​ដំបូង​ក្នុង​ការប្រជុំ​ក្នុង​រដូវផ្ការីក​នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុអន្តរជាតិនិង​ធនាគារពិភពលោក​ក្នុង​ឋានៈជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ដុ​សហរដ្ឋ​អាមេរិក។

ទាក់​ទង​ទៅ​នឹងការ​ទាមទារ​របស់លោក​ Joe Manchin សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យឱ្យ​មាន​អត្រាពន្ធដារលើ​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​ចំនួន​២៥%នោះ លោក Wyden ដែល​ជា​ប្រធាន​នៃគណៈកម្មាធិការហិរញ្ញវត្ថុ​បានពោល​ថា​អត្រាចុង​ក្រោយ​ នឹងត្រូវ​សម្រេចនៅ​ក្នុង​ការ​ពិភាក្សា​គ្នាក្នុង​ការ​ប្រជុំ caucus របស់​គណបក្សប្រជាធិបតេយ្យនិងក្នុង​គណៈកម្មាធិការ​នេះ។

លោក Wyden ក៏​បាន​និយាយដែរ​ថា ​លោក​មានជំនឿ​ថា​ សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​អស់ក្នុង​ព្រឹទ្ធសភា​ ​នឹង​គាំទ្រសំណើកែទម្រង់ពន្ធដារ​អន្តរជាតិ។

ប្រែសម្រួលដោយលោក ឈឹម សុមេធ