ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បានទៅកាន់វិមានសភាអាមេរិកកាលពីពុធដើម្បីជួបប្រជុំជាមួយសមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីសមាជិកព្រឹទ្ធសភាទាំងនោះបានប្រកាសពីកិច្ចព្រមព្រៀងមួយស្តីពីគម្រោងដែលមានទឹកប្រាក់ប្រមាណ៣,៥លានលានដុល្លារ ក្នុងការពង្រីកទៅលើចំណាយស្តីពីការថែទាំសុខភាពសម្រាប់មនុស្សចាស់ ការប្រែប្រួលអាកាសធាតុ និងកម្មវិធីផ្សេងៗដែលជួយដល់ក្រុមគ្រួសារពលរដ្ឋអាមេរិកាំង។ នេះបើតាមការលើកឡើងរបស់លោកChuck Schumer មេដឹកនាំគណបក្សសំឡេងភាគច្រើននៃព្រឹទ្ធសភាសហរដ្ឋអាមេរិក។
លោក Schumer បាននិយាយកាលពីថ្ងៃអង្គារថា កញ្ចប់ថវិកានេះនឹងក្លាយជា«ការវិនិយោគដ៏ធំបំផុតមួយសម្រាប់ពលរដ្ឋអាមេរិកាំងវណ្ណៈកណ្តាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៀត។
លោក Mark Warner សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Virginia បានប្រាប់អ្នកសារព័ត៌មានថា ផែនការនោះនឹងរួមបញ្ចូលនូវបទបញ្ញត្តិដែលគ្របដណ្តប់លើការចំណាយទាំងអស់សម្រាប់កម្មវិធីទាំងនោះ។
បើទោះបីលោកWarner មិនបានបញ្ជាក់ច្បាស់ថា តើការចំណាយនោះនឹងត្រូវធ្វើយ៉ាងណាក្តីក៏ដោយ ក៏លោកប្រធានាធិបតី Biden បានជំរុញឲ្យមានការដំឡើងពន្ធដល់ក្រុមអ្នកមានទ្រព្យសម្បត្តិស្ដកស្ដម្ភនិងក្រុមហ៊ុនឯកជននានា។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សមាជិកសភាខាងគណបក្សសាធារណរដ្ឋបានប្រឆាំងលើការដំឡើងពន្ធនោះ បន្ទាប់ពីមានការកាត់បន្ថយពន្ធដាដែលក្នុងនោះក៏មានពន្ធលើក្រុមហ៊ុនផងដែរ នៅក្នុងអំឡុងពេលនៃការកាន់អំណាចរបស់អតីតប្រធានាធិបតីលោក Donald Trump។
ដើម្បីធ្វើឲ្យគម្រោងផែនការនេះបន្តដំណើរទៅមុខបាន គេត្រូវការសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យទាំង៥០រូបនៅក្នុងព្រឹទ្ធសភា។ មេដឹកនាំគណបក្សប្រជាធិបតេយ្យចង់ឲ្យកញ្ចប់ថវិកានេះទទួលបានការអនុម័តដែលនឹងផ្តល់ក្របខណ្ឌលើច្បាប់មួយមុនពេលសមាជិកសភាចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោននៅខែសីហាខាងមុខនេះដើម្បីឈប់សម្រាក៕