ការបោះឆ្នោតសម្រេចចុងក្រោយរបស់ព្រឹទ្ធសភាអាមេរិកលើការតែងតាំងលោក Brett Kavanaugh ជាចៅក្រមតុលាការកំពូលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ខាងមុខនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍នេះ សមាជិកព្រឹទ្ធសភានានាគ្រោងនឹងពិនិត្យរបាយការណ៍របស់ទីភ្នាក់ងារ FBI អំពីការចោទប្រកាន់លោក Kavanaugh ថា បានបំពានផ្លូវភេទលើលោកស្រី Christine Blasey Ford នៅពេលដែលពួកគេរៀននៅថ្នាក់វិទ្យាល័យ និងបានបង្ហាញប្រដាប់ភេទរបស់លោកឲ្យស្ត្រីម្នាក់ទៀតឃើញនៅពេលពួកគេរៀនឆ្នាំទីមួយនៅសាកលវិទ្យាល័យ។
លោក Kavanaugh បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។
ការតតាំងរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតតែងតាំងលោក Kavanaugh នេះ បានធ្វើឲ្យព្រឹទ្ធសភាអាមេរិកបែកបាក់គ្នា ដោយគណបក្សសាធារណរដ្ឋចោទប្រកាន់គណបក្សប្រជាធិបតេយ្យថាបានបង្អាក់ដំណើរការនេះដោយមិនទំនង ចំណែកឯគណបក្សប្រជាធិបតេយ្យវិញ ចោទប្រកាន់គណបក្សសាធារណរដ្ឋថា ប្រញាប់តែងតាំងលោក Kavanaugh ដោយមិនបានពិចារណាឲ្យបានហ្មត់ចត់លើការចោទប្រកាន់ទាំងនេះលើលោក Kavanaugh។
របាយការណ៍របស់ទីភ្នាក់ងារ FBI គឺជារបាយការណ៍សម្ងាត់ ហើយសមាជិកព្រឹទ្ធសភានានានឹងត្រូវបានគេអនុញ្ញាតឲ្យអានរបាយការណ៍នេះនៅក្នុងបន្ទប់សុវត្ថិភាពពិសេសមួយនៅក្នុងសភា។ គេនៅមិនទាន់ច្បាស់ទេថាតើព័ត៌មានមួយណានៃរបាយការណ៍នេះដែលនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនោះ។
ប្រសិនបើព្រឹទ្ធសភាបោះឆ្នោតយល់ព្រមលើការតែងតាំង លោក Kavanaugh នឹងជំនួសតំណែងលោកចៅក្រម Anthony Kennedy ដែលចូលនិវត្តន៍។ តុលាការកំពូលអាមេរិកដែលមានចៅក្រមទាំងអស់ ៩ រូប ឥឡូវនេះកំពុងដំណើរការដោយមានចៅក្រមតែ ៨ រូបប៉ុណ្ណោះ៕