សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានដាក់ចេញនូវសេចក្តីព្រាងកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធរបស់គណបក្សទាំងពីរ ដែលមានតម្លៃប្រមាណ១លានលានដុល្លារដើម្បីជួសជុលផ្លូវថ្នល់ និងស្ពាន ដែលទ្រុឌទ្រោមនៅក្នុងសហរដ្ឋអាមេរិក និងពង្រីកបណ្តាញសេវាអ៊ីនធឺណិតល្បឿនលឿននៅទូទាំងប្រទេសផងដែរ។
សំណើនេះបានកើតមានឡើងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំដ៏កម្រមួយកាលពីថ្ងៃអាទិត្យ ហើយសមាជិកសភានឹងមានឱកាសស្នើវិសោធនកម្មចំពោះសេចក្តីព្រាងច្បាប់កម្រាស់២.៧០០ទំព័រនោះ។សំណើនេះជាលទ្ធផលនៃការចរចាគ្នាជាច្រើនសប្តាហ៍រវាងសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋ និងសេតវិមាន។ សំណើនេះរួមមានគម្រោងចំណាយថ្មីមានទឹកប្រាក់ប្រមាណ៥៥០លានដុល្លារ និងមូលនិធិ៤៥០ពាន់លានដុល្លារ ដែលត្រូវបានយល់ព្រមកន្លងទៅ។
ទឹកប្រាក់ដែលរួមបញ្ចូលក្នុងកញ្ចប់ថវិកានោះគឺមានចំនួន១១០ពាន់លានដុល្លារសម្រាប់ផ្លូវ និងស្ពាន ចំនួន៣៩ពាន់លានដុល្លារសម្រាប់ធ្វើទីកន្លែងឆ្លងកាត់របស់អ្នកដំណើរ និង៦៦ពាន់ដុល្លារទៀតសម្រាប់ផ្លូវរថភ្លើង។ ចំណែកទឹកប្រាក់៥៥ពាន់លានដុល្លារត្រូវបានបម្រុងសម្រាប់ទឹកបរិភោគ និងហេដ្ឋារចនាសម្ព័ន្ធទឹកសំណល់ ហើយនឹងរាប់ពាន់លានដុល្លារទៀតសម្រាប់អាកាសយានដ្ឋាន កំពង់ផែ បណ្តាញសេវាអ៊ីនធឺណិតល្បឿនលឿន និងស្ថានីយបញ្ចូលថាមពលរថយន្តប្រើអគិ្គសនី។
ថ្លែងទៅកាន់កិច្ចប្រជុំព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ ប្រធានសំឡេងភាគច្រើននៃគណបក្សប្រជាធិបតេយ្យលោក Chuck Schumer លើកឡើងថា៖ «ដោយសារសេចក្តីព្រាងច្បាប់នេះត្រូវបានស្នើឡើងដោយគណបក្សទាំងពីរ និងមានការងារលម្អិតជាច្រើននោះ អ៊ីចឹងខ្ញុំគិតថា ព្រឹទ្ធសភាអាចដំណើរការធ្វើវិសោធនកម្ម និងអនុម័តសេចក្តីព្រាងច្បាប់នេះក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ»។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក Rob Portman ដែលជាអ្នកចរចាមួយរូបសម្រាប់កញ្ចប់ថវិកានេះ បានឲ្យដឹងថា ច្បាប់នេះនឹងមានប្រយោជន៍ជាខ្លាំងដល់ពលរដ្ឋអាមេរិក។
កញ្ចប់ថវិកានេះគឺជាអាទិភាពដ៏ធំបំផុតមួយនៃអាទិភាពរបស់លោកប្រធានាធិបតី Joe Biden។
សេតវិមានប្រមាណថា ការចំណាយនោះអាចបន្ថែមការងារថ្មីប្រមាណ២លានក្នុងមួយឆ្នាំៗ ដែលភាគច្រើនក្នុងវិស័យសំណង់ នៅទសវត្សរ៍ខាងមុខ៕