ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានអនុម័តកញ្ចប់ថវិកាជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែនដែលមានទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារ ខណៈដែលប្រទេសនេះកំពុងធ្វើការប្រយុទ្ធទប់ទល់នឹងការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។ រដ្ឋសភាអាមេរិក បានបោះឆ្នោតគាំទ្រលើកញ្ចប់ជំនួយនេះកាលពីសប្តាហ៍មុន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ត្រូវគេរំពឹងថា នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទករថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា ការអនុម័តរបស់ព្រឹទ្ធសភាអាមេរិកលើកញ្ចប់ជំនួយថវិកានេះ ជាការបង្ហាញនូវការដឹកនាំដ៏រឹងមាំនិងជាការរួមវិភាគទានដ៏សំខាន់លើការការពារសេរីភាពទូទៅរបស់យើង»។
កាលពីថ្ងៃព្រហស្បតិ៍នេះផងដែរ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យផ្តល់ប្រាក់ចំនួន១០០លានដុល្លារបន្ថែមទៀតសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន។ កញ្ចប់ជំនួយថវិកាយោធានោះ រួមមានការផ្តល់កាំភ្លើងផ្លោងចំនួន១៨គ្រឿងបន្ថែមទៀតរួមជាមួយនឹងរថយន្ត១៨គ្រឿងសម្រាប់ដឹកកាំភ្លើងផ្លោងនោះផងដែរហើយនឹងរ៉ាដាប្រឆាំងកំាភ្លើងធំចំនួន៣គ្រឿងបន្ថែមទៀត។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby។
ដោយឡែកក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះផងដែរថា ទាហានអ៊ុយក្រែនរាប់រយនាក់បន្ថែមទៀតបានចុះចូលជាមួយខ្លួននៅរោងចក្រដែកថែក Azovstal ក្នុងទីក្រុង Mariupol ដែលកំពុងត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី ដែលធ្វើឱ្យចំនួនទាហានអ៊ុយក្រែនដែលបានចុះចូលជាមួយរុស្ស៊ីសរុបទាំងអស់មានចំនួន១.៧៣០នាក់ នៅក្នុងសប្តាហ៍នេះ។
ក្រុមមន្ត្រីអ៊ុយក្រែនមិនបានបញ្ជាក់ពីចំនួនកងទ័ពរបស់ខ្លួន ដែលបានចុះចូលជាមួយរុស្ស៊ីនៅក្នុងទីក្រុង Mariupol នោះនៅឡើយទេ។ អ៊ុយក្រែនសង្ឃឹមថា ក្រុមទាហានរបស់ខ្លួនអាចជាផ្នែកមួយនៃការដោះដូរអ្នកទោសសង្គ្រាមជាមួយរុស៊្សី ខណៈពេលដែលក្រុមស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ខ្លួនមានបំណងសួរចម្លើយក្រុមទាហានទាំងនោះដើម្បីកំណត់ថា តើពួកគេមានបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មណាមួយប្រឆាំងនឹងជនស៊ីវិលដែរឬទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។