តំណារាស្ត្រអាមេរិកកំពូលម្នាក់នៃគណបក្សសាធារណរដ្ឋ បានទស្សន៍ទាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើគណបក្សប្រជាធិបតេយ្យកាន់កាប់សភា ព្យាយាមឱ្យមានការចោទប្រកាន់លោកប្រធានាធិបតីអាមេរិក Donald Trump នោះ លោកប្រធានាធិបតីនឹងបានជាប់បោះឆ្នោតមួយអាណត្តិទៀតនៅឆ្នាំក្រោយ ហើយគណបក្សសាធារណរដ្ឋនឹងមានសំឡេងភាគច្រើនកាន់កាប់សភាវិញ។
លោក Lindsey Graham សមាជិកព្រឹទ្ធសភារដ្ឋ South Carolina ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump បានប្រាប់បណ្តាញទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថាប្រសិនបើលោកស្រី Nancy Pelosi ជាមេដឹកនាំសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ អនុញ្ញាតឱ្យមានចាប់ផ្តើមស៊ើបអង្កេតការចោទប្រកាន់នោះ «វានឹងក្លាយជាការធ្វើអត្តឃាតសម្រាប់គណបក្សប្រជាធិបតេយ្យ»។
លោក Graham បាននិយាយថា «ការងាររបស់លោកស្រី Pelosi ស្ថិតនៅលើបន្ទាត់កំណត់មួយ» ដោយអាស្រ័យថា តើជាយថាហេតុ អ្នកស្រីអាចបន្ទន់ចិត្តលើការអនុញ្ញាតឱ្យបើកសវនាការចោទប្រកាន់ ឬយ៉ាងណា។
តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យជាង ៣០ នាក់ និងតំណាងរាស្ត្រគណបក្សសាធារណរដ្ឋម្នាក់នៅក្នុងសភាមាន ៤៣៥ អាសនៈ បានអំពាវនាវឱ្យមានសវនាការចាប់ផ្តើមការចោទប្រកាន់ប្រឆាំងនឹងលោក Trump ដើម្បីពិចារណាថា តើលោកបានរារាំងយុត្តិធម៌ដោយការព្យាយាមរារាំងការស៊ើបអង្កេតរបស់លោក Robert Mueller រដ្ឋអាជ្ញាពិសេសទាក់ទងនឹងការលូកដៃរបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ដែលលោក Trump បានឈ្នះនោះ។
បើទោះបីជាសភាតំណាងរាស្ត្រនេះសម្រេចចោទប្រកាន់លោក Trump ក៏ដោយ ក៏ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋទំនងជានឹងមិនដកលោកចេញពីតំណែងនោះទេ៕