សហរដ្ឋ​អាមេរិក​រឹប​អូស​បាន​គ្រឿង​បន្លាស់​មីស៊ីល​ដែល​គេ​សង្ស័យ​ថា​ជា​របស់​អ៊ីរ៉ង់

រូបឯកសារ៖ មីស៊ីលដាក់តាំងនៅពីមុខមេដឹកនាំសាសនាលោក Ayatollah Ali Khamenei នៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

នាវា​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​ស្ទាក់​រក​ឃើញ «កន្លែង​លាក់​ទុក​ដ៏​សំខាន់‍» មួយ​នូវ​អ្វី​ដែល​គេ​គិត​ថា​ជា​គ្រឿង​បន្លាស់​គ្រាប់​មីស៊ីល​អ៊ីរ៉ង់​សម្រាប់​បញ្ជូន​ទៅ​ឲ្យ​ពួក​បះបោរ​នៅ​ក្នុង​ប្រទេស​យេមែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ទាហាន​ជើង​ទឹក និង​កង​កម្លាំង​ល្បាត​សមុទ្រ​អាមេរិកាំង​បាន​ឡើង​ជិះ​លើ​នាវា​តូច​មួយ​នៅ​ក្នុង​សមុទ្រ​អារ៉ាប់​ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន និង​បាន​រឹបអូស​អាវុធ​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​អ៊ីរ៉ង់។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់​ជា​យូរ​មក​ហើយ​ថា​បាន​រត់​ពន្ធ​អាវុធ​ឲ្យ​ពួកឧទ្ទាម Houthi ដែល​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​យេមែន​អស់​រយៈពេល ៤ ឆ្នាំ​កន្លង​មក។ ប៉ុន្តែ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​អាវុធ​ទំនើប​បែប​នេះ​ត្រូវ​បាន​រឹប​អូស​នៅ​ពេល​ដែល​កំពុង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​យេមែន។

មន្ត្រី​អាមេរិកាំង​បាន​និយាយ​ថា នៅ​ពេល​នោះ នាវា USS Sherman កំពុង​ធ្វើ​ប្រតិបត្តិការ​ជា​ប្រចាំ​តាម​សមុទ្រ ហើយ​ក៏​បាន​ឃើញ​នាវា​ឈើ​តូច​មួយ​ដែល​មិន​មាន​ដោត​ទង់ជាតិ​ប្រទេស​ណា​មួយ។

បន្ទាប់​មក មន្ត្រី​អាមេរិកាំង​បាន​បញ្ឈប់ និង​ឡើង​លើ​នាវា​នោះ​រក​ឃើញ​អាវុធ​ទាំង​នោះ។ លោក Sean Robertson អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​អាមេរិក បាន​និយាយ​ថា «ការ​ស៊ើប​អង្កេត​ដំបូង​បាន​បង្ហាញ​ថា គ្រឿង​បន្លាស់​មីស៊ីល​ទំនើប​ទាំង​នេះ​មាន​ប្រភព​មក​ពី​ប្រទេស​អ៊ីរ៉ង់‍»។

មន្ត្រី​អាមេរិកាំង​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា អាវុធ​ប៉ុន្មាន​ដែល​ត្រូវ​បាន​រឹប​អូស​នោះ​ទេ។ អាវុធ​ទាំង​នេះ ឥឡូវ​នេះ​ត្រូវ​បាន​ផ្ទុក​នៅ​លើ​នាវា​អាមេរិកាំង៕