អាមេរិក​​រក្សា​បាន​ការ​ផ្គត់ផ្គង់​ថ្នាំ​ដែល​អាច​ប្រើ​សម្រាប់​ជួយ​​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩

បុគ្គលិក​មន្ទីរ​ពិសោធន៍​មួយ​ពិនិត្យ​ដប​ថ្នាំ remdesivir នៅ​មជ្ឈមណ្ឌល Gilead Sciences ក្នុង​ក្រុង La Verne រដ្ឋ California កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថាខ្លួន​ធានា​បាន​នូវ​ការ​ផ្គត់​ផ្គង់​ចំនួនថ្នាំ remdesivir ដែល​គេ​គិត​ថា​ជា​ថ្នាំ​ដែល​ជួយ​ឲ្យ​អ្នក​ជំងឺ​កូវីដ១៩​អាច​ជា​សះស្បើយ​បាន​លឿន​ជាង។

​លោក Alex Azar រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល​និង​សុខមាលភាព​ពលរដ្ឋ ហៅ​កាត់​ថា HHS បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​ប្រធានាធិបតី​ដូណាល់​ត្រាំ​ សម្រេច​បាន​ការ​ព្រមព្រៀង​មួយ​ដែល​នឹងធានា​ឲ្យ​មាន​ការ​ត្រៀម​ការផ្គត់​ផ្គង់​ថ្នាំ remdesivir ចំនួន​៥០០.០០០​សំណុំ​រហូត​ដល់​ខែ​កញ្ញា។

ការ​សិក្សា​កន្លង​មក​បង្ហាញ​ថា ថ្មាំ remdesivir ជួយ​បន្ថយ​រយៈ​ពេល​នៃ​ការ​ត្រូវសម្រាក​ព្យាបាល​នៃ​អ្នក​ជំងឺ​កូវីដ១៩។ ថ្នាំ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ក្នុង​ប្រទេស​ជា​ច្រើន​រួម​ទាំង​សហដ្ឋ​អាមេរិក​ផង​អនុញ្ញាត​ឲ្យ​គ្រូ​ពេទ្យ​ប្រើក្នុង​ករណី​សង្គ្រោះ​បន្ទាន់។

កន្លង​មក​ថ្នាំ​នេះ​ត្រូវ​បាន​ប្រើ​ដោយ​លទ្ធផល​ល្អ​ប្រឆាំង​នឹង​ជំងឺ MERS និង SARS ដែល​ជំងឺ​ទាំង​ពីរ​នេះ​ក៏​ត្រូវ​បង្ក​ដោយ​ប្រភេទ​វីរុស​កូរ៉ូណា​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ជំនាញ​គិត​ថា​ថ្នាំ​នេះ​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩៕