លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ដាក់គម្រោងការធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដោយចាប់ផ្តើមពីកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយចំនួនក្នុងក្របខណ្ឌអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដំណើរទស្សនកិច្ចនេះស្របពេលដែលភាពតានតឹងកំពុងកើតមានជាមួយចិននិងរុស្ស៉ី លើបញ្ហាដែនកោះតៃវ៉ាន់និងសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន បញ្ហាវិបត្តិនយោបាយភូមា និង ការបញ្ជាក់ពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកជាថ្មីចំពោះអាស៊ាននិងតំបន់។
លោក Blinken នឹងផ្តើមដំណើរទស្សនកិច្ចរបស់លោកចាប់ពីថ្ងៃទី២ ខែសីហាដល់ថ្ងៃទី១២ ខែសីហា ដោយក្នុងធ្វើដំណើរនោះមានទៅកាន់ប្រទេសកម្ពុជា ហ្វីលីពីន អាហ្វ្រិកខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង ប្រទេសរវ៉ាន់ដា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយឱ្យដឹងនៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា លោករដ្ឋមន្ត្រី Antony Blinken នឹងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដំបូងគេចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាមេរិក-អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាថ្នាក់រដ្ឋមន្ត្រីការបរទេស និង កិច្ចប្រជុំវេទិកាតំបន់អាស៊ាន។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖ «នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនីមួយៗ លោករដ្ឋមន្ត្រី Blinken នឹងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និង ការអនុវត្តដោយជោគជ័យចំពោះចក្ខុវិស័យអាស៊ានអំពីបញ្ហា(ក្របខណ្ឌសេដ្ឋកិច្ច)ឥណ្ឌូប៉ាស៊ីហ្វិក»។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថែមទៀតថា៖ «លោករដ្ឋមន្ត្រី នឹងដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩ បញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បញ្ហាវិបត្តិ(នយោបាយ)ភូមា និង បញ្ហាសង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែនផងដែរ»។
គេមិនទាន់ដឹងថា តើលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken មានគម្រោងការជួបប្រជុំទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៉ីលោក Sergey Lavrov ដើម្បីដោះស្រាយអំពីសង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែន និងជួបរដ្ឋមន្ត្រីការបរទេសចិន Wang Yi អំពីបញ្ហាតានតឹងក្នុងតំបន់ និង តៃវ៉ាន់ នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងក្របខណ្ឌអាស៊ាននៅឡើយទេ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Joe Biden និង លោកប្រធានាធិបតីចិន Xi Jinping ជួបប្រជុំតាមអនឡាញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
តែនៅក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា លោក រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken នឹងគ្រោងជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាដើម្បីពិភាក្សាបញ្ហាទាក់ទងនឹងការគាំទ្ររបស់អាមេរិកចំពោះអាស៊ាន និង កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអាមេរិកនិងប្រទេសកម្ពុជា។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធនៅខែវិច្ឆិកា ខាងមុខ ដែលកម្ពុជាត្រូវទទួលថ្នាក់ប្រមុខរដ្ឋនៃប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកដែលរំពឹងថានឹងចូលរួមដើម្បីពិភាក្សាពីបញ្ហាតំបន់ បញ្ហាសាកលជាច្រើនដែលកំពុងប្រឈមជាសកល ដូចជាបញ្ហារាតត្បាតជំងឺកូវីដ១៩ បញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរ បញ្ហាសង្គ្រាមរុស្សីឈ្លានពានអ៊ុយក្រែន បញ្ហាសន្តិសុខតំបន់ បញ្ហាស្តារសេដ្ឋកិច្ចក្រោយការឆ្លងរាតត្បាតជំងឺកូវីដ ១៩ និង បញ្ហាស្តារទំនាក់ទំនងនិងទំនុកចិត្តរបស់អាមេរិកចំពោះតំបន់ឡើងវិញជាដើម។
នៅក្នុងសុន្ទរកថានៃកិច្ចប្រជុំ កំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន និងនៅសេតវិមាន ចាប់ពីថ្ងៃទី ១២ ដល់ ១៣ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានហៅកិច្ចប្រជុំកំពូលលើកដំបូងនៅរដ្ឋធានីវ៉ាស៊ីនតោនជាមួយបណ្តាមេដឹកនាំប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានថា ជាកំណត់ត្រាលើការបង្កើត «សករាជថ្មី» មួយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្លុកអាស៊ីអាគ្នេយ៍ទាំង ១០ ប្រទេស។ លោក Biden ក៏បានមានប្រសាសន៍បន្ថែមថា៖ «កិច្ចការជាច្រើននៃប្រវត្តិសាស្ត្ររបស់ពិភពលោកយើងនៅក្នុងរយៈពេល ៥០ ឆ្នាំខាងមុខនេះ នឹងត្រូវកត់ត្រានៅក្នុងប្រទេសអាស៊ាន ហើយទំនាក់ទំនងរបស់យើងជាមួយអ្នក គឺជាអនាគត ក្នុងរយៈពេលរាប់ឆ្នាំនិងរាប់ទសវត្សរ៍ខាងមុខ»។
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននេះ ជាកំណត់ត្រានៃការជួបជុំគ្នាជាក្រុមជាលើកដំបូងរបស់មេដឹកនាំអាស៊ាននៅសេតវិមាន និងជាកិច្ចប្រជុំជួបមុខគ្នាដោយផ្ទាល់ជាលើកដំបូងដែលត្រូវបានរៀបចំដោយប្រធានាធិបតីសហរដ្ឋអាមេរិក បើគិតចាប់តាំងពីឆ្នាំ ២០១៦ មក។
រដ្ឋបាលលោក Biden សង្ឃឹមថា កិច្ចប្រឹងប្រែងនេះនឹងបង្ហាញឱ្យឃើញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែយកចិត្តទុកដាក់លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមរយៈពេលវែងពីប្រទេសចិន ដែលខ្លួនចាត់ទុកថាជាដៃគូប្រជែងដ៏សំខាន់របស់អាមេរិក ទោះបីជាក្នុងអំឡុងពេលដែលមានវិបត្តិនៅអ៊ុយក្រែនក្តី។
ជាមួយនឹងការប្តេជ្ញាចិត្តជាថ្មីក្នុងរដ្ឋបាលលោក Biden សេតវិមានបានបញ្ជាក់នៅក្នុងឯកសារការពិតមួយ ដែលចេញផ្សាយនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនោះ សេតវិមានបានបញ្ជាក់ពីការផ្តល់ជំនួយទ្វេភាគីទៅកាន់តំបន់អាស៊ានយ៉ាងតិច៨០០លានដុល្លារ និងជំនួយសម្រាប់ដោះស្រាយជំងឺកូវីដ មានទឹកប្រាក់ ១៥០លានដុល្លារទៀត ក្រៅពីជំនួយផ្នែកកិច្ចសហប្រតិបត្តិការលំហសន្តិសុខសមុទ្រ បញ្ហាអប់រំ គមនាគមន៍ ដឹកជញ្ជូន ជាដើម ក្រៅពីការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ និងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាមេរិក-អាស៊ាន ក្នុងការធានាសន្តិសុខ វិបុលភាព និងការគោរពសិទ្ធិមនុស្ស»។
ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ទៅកាន់ប្រទេសហ្វីលីពីនធ្វើឡើងក្រោយពីប្រទេសនេះទើបមានប្រធានាធិបតីជាប់ឆ្នោតថ្មី។ រីឯ ដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង សាធារណរដ្ឋ កុងហ្គោ និង ប្រទេសរវ៉ាន់ដា គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស បញ្ហាស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសសហរដ្ឋអាមេរិក៕