លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានបដិសេធរបាយ ការណ៍ថា លោកនឹងលាចេញពីតំណែងហើយបានបញ្ជាក់ឡើងវិញពីការគាំទ្រដ៏ខ្លាំងដល់ប្រធានាធិបតីដូណាល់ ត្រាំ ហើយនិងគោលនយោបាយរបស់លោក។អត្ថាធិប្បាយបានកើតមានឡើងបន្ទាប់ពីការផ្ទុះឡើងនូវសេចក្តីរាយការណ៍ព័ត៌មានដែលលម្អិតពីការតានតឹងរវាងប្រធានាធិបតីត្រាំ និងលោករដ្ឋមន្ត្រីការបរទេស Tillerson។
លោករដ្ឋមន្ត្រីការបរទេស Tillerson បានប្រាប់ពួកអ្នកយកព័ត៌មានថា «ទីមួយ ការតាំងចិត្តរបស់ខ្ញុំដល់ភាពជោគជ័យរបស់ប្រធានាធិបតី និងប្រទេសរបស់យើងនៅថ្ងៃដែលខ្ញុំសុខចិត្តទទួលការស្នើរបស់លោកប្រធានាធិបតីឲ្យខ្ញុំធ្វើជារដ្ឋមន្ត្រីការបរទេស»។
បន្ទាប់ពីរៀបរាប់ការសម្រេចជោគជ័យនូវគោលនយោបាយការបរទេសដោយលោកប្រធានាធិបតីត្រាំ និងគណរដ្ឋមន្ត្រីរបស់លោកដែលបានធ្វើការជាមួយគ្នាជាក្រុមមក លោករដ្ឋមន្ត្រីការបរទេស Tillerson បានបដិសេធថា លោកជិតនឹងចុះចេញពីតំណែងកាលពីខែកក្កដា។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Tillerson មានប្រសាសន៍ទៀតថា «ដើម្បីឆ្លើយតបឲ្យចំៗ លោកអនុប្រធានាធិបតីមិនដែលបញ្ចុះបញ្ចូលឲ្យខ្ញុំនៅកាន់តំណែងបន្តទៀតទេ ពីព្រោះខ្ញុំមិនដែលគិតពីចាកចេញពីតំណែងទេ»។
លោករដ្ឋមន្ត្រីការបរទេស Tillerson បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធទៅកាន់ពួកអ្នកយកព័ត៌មាននៅក្រសួងការបរទេស នៅថ្ងៃដែលបណ្តាញទូរទស្សន៍ NBC News បានរាយការណ៍ថា លោករដ្ឋមន្ត្រីជិតនឹងលាលែងពីតំណែងនៅដើមឆ្នាំនេះ បន្ទាប់ពីការតានតឹងរយៈពេលប៉ុន្មានខែ និងការរកាំចិត្តជាមួយប្រធានាធិបតីត្រាំ ហើយលោកនៅកាន់អំណាចដោយការស្នើសុំរបស់លោកអនុប្រធានាធិបតី Mike Pence៕