រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Pompeo ​បំពេញ​ទស្សនកិច្ច​នៅ​ការិយាល័យ ​VOA ​សរសើរ ​VOA

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo សន្ទនាជាមួយលោក Robert R. Reilly នាយកសំឡេងសហរដ្ឋអាមេរិក VOA នៅទីស្នាក់ការ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

លោក​ Mike Pompeo​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេសសហរដ្ឋ​អាមេរិក ​បានថ្លែង​សុន្ទរកថា​មួយ​នៅ​ទីស្នាក់ការ​របស់​ VOA ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​រសៀល​ថ្ងៃចន្ទ ដោយ​បាន​កោត​សរសើរ​ដល់​ VOA​ ថា​បាន​ផ្តល់​ព័ត៌មាន​ពិត​ឥត​លម្អៀងទៅ​កាន់​ពិភព​លោក ​ដែល​រដ្ឋាភិបាល​ជាច្រើន​បាន​រឹតត្បិត​ព័ត៌មាន ​ឬផ្តល់​ព័ត៌មាន​ក្លែង​ក្លាយ​ដល់​ពលរដ្ឋ។

លោក​ Pompeo​ មាន​ប្រសាសន៍​ថា៖ «កិច្ចការ​ VOA ​គឺ​សំខាន់​ណាស់។ VOA ​គឺជា​បណ្តាញ​ព័ត៌មាន​ឈានមុខ​សម្រាប់​សេរីភាព។ រាល់សប្តាហ៍​មនុស្ស​ ២៧៨ លាន​នាក់​ ស្តាប់​ VOA ​ចំនួន​៤៧​ភាសា»។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​ (USAGM)​ ដែល​រួមមាន​ VOA​ ផងនោះ​ ជា​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ដែល​ទទួល​ថវិកា​របស់​រដ្ឋាភិបាល​អាមេរិក​ និងផ្សព្វ​ផ្សាយព័ត៌មាន​ពិត ​ច្បាស់លាស់ ​ឥត​លម្អៀង ទៅកាន់​ពិភពលោក​ ចាប់តាំង​ពីឆ្នាំ​ ១៩៤២​ មក។ ហើយ VOA ​ភាសា​ខ្មែរ​ បាន​ផ្សព្វផ្សាយ​ចាប់តាំង​ពីថ្ងៃ​ទី១៥ ​ខែសីហា​ ឆ្នាំ​១៩៥៥ ​មក។

ក្នុងពេល​បំពេញ​ទស្សនកិច្ច​មកកាន់​ទីស្នាក់ការ​ VOA ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ នៅថ្ងៃ​ចន្ទ​ ទី១១ ​ខែមករា​ ឆ្នាំ​២០២១ ​លោក​រដ្ឋមន្ត្រី​ការបរទេស​ក៏បាន​លើក​ឡើង​ពី​ឧទាហរណ៍​ជាក់​លាក់​ខ្លះថា ​ពលរដ្ឋ​នៅប្រទេសវ៉េណេស៊ុយអេឡាត្រូវការ​ព័ត៌មាន​ពិតអំពី​រដ្ឋាភិបាល​ពុករលួយ​របស់​គេ។

ពីទី​ក្រុងហុងកុង ​បុគ្គលិក​ VOA ​ភាសា​ចិន​បាន​ផ្តល់ព័ត៌មាន​ពីការ​វាយ​ប្រហារ​ចាប់ខ្លួន​មនុស្ស​ជាច្រើន​ ដោយសារ​ការតវ៉ា​ប្រឆាំង​ ហើយ​ប្រទេស​ជាច្រើន​បាន​រឹតត្បិត​សេរីភាព​និង​សិទ្ធិមនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ ដែលលោក​បាន​ផ្តល់ការ​កត់ស្គាល់​បន្ថែម​ពី​ VOA ​ក្រោមការ​គ្រប់គ្រង​របស់​ទីភ្នាក់ងារ​ USAGM​។

លោក​ Mike Pompeo ​បានសង្កត់​ធ្ងន់​ថា៖ «បេសកកម្ម​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ​(USAGM) ​រួមទាំង​ VOA ​ផងនោះ​ គឺដើម្បី​ផ្តល់ព័ត៌មាន​ភ្ជាប់​និង​ទាក់ទង​ពលរដ្ឋ​ជុំវិញ​ពិភព​លោក​ ដើម្បី​គាំទ្រ​សេរីភាព​និង​លទ្ធិប្រជាធិតេយ្យ»។

លោក​ Michael Pack ​អគ្គនាយក​របស់ USAGM​ បាន​ថ្លែង​សុន្ទរកថា​ខ្លីមួយ​ នៅ​ក្នុង​ទស្សនកិច្ច​របស់​លោក Pompeo ថា​ មាន​រដ្ឋាភិបាល​ជាច្រើន​ក្នុងពិភព​លោក​កំពុង​ព្យាយាម​រារាំង​ពលរដ្ឋ​ក្នុងការ​ទទួល​ព័ត៌មាន​ពិត ​និង​រក្សា​អំណាច​ ហើយ​បង្កការ​ឃោសនា​ព័ត៌មាន​ក្លែងក្លាយ​ ដោយ​ការ​ព្យាយាម​គ្រប់គ្រង​គំនិត​និងលាក់​បាំង​ការពិត ​ហើយ​ជាចុង​ក្រោយ ​គឺចាត់​វិធានការ​តែម្តង។

«ចូរឲ្យ​យើង​បញ្ជាក់​ឲ្យច្បាស់​ថា នេះ​ជាឥរិយាបទ​ប្រមាថ​មើលងាយ​ដល់​សិទ្ធិ​សេរីភាព​ជាសកល និង​សេរីភាព​នៃការ​បញ្ចេញមតិ​សម្រាប់​បុគ្គល​គ្រប់​រូប​ដែល​ត្រូវ​ទទួល​បាន»។

នៅក្នុង​សុន្ទករថា​ខ្លីរបស់​លោក​នោះ ​លោក ​Pack ​បាន​អះអាង​ថា ​សហរដ្ឋ​អាមេរិក​ត្រូវតែ​ចូលរួម​កាន់តែ​ខ្លាំង​ជាងមុន​ក្នុងរឿង​នេះ។

ទស្សនកិច្ច​របស់​លោក ​Mike Pompeo​ នៅ VOA​ បាន​បញ្ចប់​ទៅដោយ​សំណួរ​និង​ចម្លើយ​ជាមួយ​និង​លោក​ Robert Reilly​ នាយក​ VOA​ ស្តីពី​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​វិស័យ​ការទូត ​បញ្ហាដែល​លោក​ចង់ឃើញ​រដ្ឋបាល​ថ្មី​លោក​ ចូ បៃដិន (Joe Biden) ​បន្តគោល​នយោបាយ​របស់​រដ្ឋបាល​លោកប្រធានាធិបតី​ ដូណាល់ ​ត្រាំ ​(Donald Trump) ជាពិសេស​ទាក់ទង​នឹង​មជ្ឈឹម​បូព៌ា​ប្រទេស​និង​តំបន់​មួយ​ចំនួន​ទៀត។

លោក​ Mike Pompeo ​បាន​ទទូចដល់​ VOA ​បន្ត​រាយការណ៍​ព័ត៌មាន​អំពី​សេដ្ឋកិច្ច​ពាណិជ្ជកម្មអាមេរិកនិង​ចិន ​និង​បញ្ហា​ទាក់ទង​នឹងការ​លួចព័ត៌មាន​ពីសហរដ្ឋ​អាមេរិក ​និង​ឃ្លាំមើល​សកម្មភាព ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ជាដើម។

ទស្សនកិច្ច​របស់​លោក​ Mike Pompeo​ ដែលជា​រដ្ឋមន្ត្រី​ការបរទេស​ដំបូង​មកកាន់​ VOA ​ក្នុង​រយ:​ពេល​ជាង​ ២០ ឆ្នាំនេះ​ កើតឡើង​ ១០ ថ្ងៃ​មុន​លោក​ប្រធានាធិបតី​ Donald Trump​ បញ្ចប់​អាណត្តិ​របស់​លោក នៅ​ថ្ងៃទី២០​ខែមករា ​នៅពេល​លោក​ប្រធានាធិបតីជាប់ឆ្នោត​ថ្មីគឺ​លោក​ Joe Biden​ ធ្វើសច្ចា​ប្រណិធាន​ចូលកាន់​មុខតំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក៕