ពួកអ្នកវិទ្យាស្ត្របានសម្រេចជោគជ័យទទួលបានថាមពលសម្រេចនៅក្នុងប្រតិកម្មចំហេះនុយក្លេអ៊ែរសំយោគជាលើកទី២ ចាប់តាំងពីខែធ្នូមក។ នេះបើតាមការប្រកាសរបស់មន្ទីរពិសោធន៍ជាតិ Lawrence Livermore កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ពួកអ្នកវិទ្យាសាស្ត្រនៅឯមន្ទីរពិសោធន៍ដែលមានទីតាំងក្នុងរដ្ឋ California បានធ្វើពិសោធន៍ឡើងវិញនៃការរកឃើញដោយជោគជ័យលើការបំបែកចំហេះនុយក្លែអ៊ែរសំយោគនៅក្នុងមជ្ឈមណ្ឌលជាតិ National Ignition Facility ឬ (NIF) កាលពីថ្ងៃទី៣០ ខែកក្កដាដែលផលិតថាមពលខ្ពស់ជាងកាលពីខែធ្នូ។ នេះបើតាមអ្នកនាំពាក្យមន្ទីរពិសោធន៍ Lawrence Livermore។
អ្នកនាំពាក្យបាននិយាយទៀតថា លទ្ធផលចុងក្រោយនៅកំពុងធ្វើការវិភាគនៅឡើយ។
មន្ទីរពិសោធន៍ Lawrence Livermore បានជោគជ័យនៅក្នុងការពិសោធទទួលបានថាមពលសម្រេចដោយប្រើកាំរស្មី lasers កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ពួកអ្នកវិទ្យាសាស្ត្របានផ្តោតលើកាំរស្មី laser លើប្រេងឥន្ធនៈដើម្បីបញ្ចូលអាតូមពន្លឺ២ទៅជាកំហាប់មួយដើម្បីបញ្ចេញថាមពល។
ក្រសួងថាមពលបានបញ្ជាក់ថា ពិសោធន៍ជោគជ័យរយៈពេលខ្លីនូវអ្វីដែលគេស្គាល់ថាជាចំហេះនុយក្លែអ៊ែរសំយោគនោះដោយបានបង្កើតថាមពលដែលមានកម្លាំង៣,១៥ មេហ្គា joule បន្ទាប់ពីកាំរស្មី laser ផ្តល់ថាមពល ២,០៥ មេហ្គា joule ទៅតាមគោលដៅ។
បើនិយាយងាយយល់ គឺវាបានផលិតថាមពលកាន់តែច្រើនឡើងមកពីចំហេះជាងថាមពល laser ដែលប្រើដើម្បីបង្កើតវា។
ក្រសួងថាមពលបានហៅថាជាការសម្រេចជោគជ័យខាងវិទ្យាសាស្ត្រដ៏សំខាន់មួយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការជឿនលឿននៃវិស័យការពារជាតិនិងថាមពលស្អាតនៅពេលអនាគត។
ពួកអ្នកវិទ្យាសាស្ត្របានដឹងប្រហែលមួយសតវត្សរ៍មកហើយពីចំហេះថាមពលព្រះអាទិត្យដែលបានបង្កើតជាចំហេះនៅលើផែនដីអស់រាប់ទសវត្សរ៍។ ការរកឃើញថ្មីនេះអាចនៅថ្ងៃណាមួយជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ប្រសិនបើក្រុមហ៊ុនអាចដំឡើងបច្ចេកវិទ្យាទៅដល់កម្រិតពាណិជ្ជកម្មនៅក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ៕