អាមេរិក​ថា សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​ធ្វើឱ្យ​សមាជិក​អង្គការ APEC ខ្វែង​គំនិតគ្នា​មុន​កិច្ចប្រជុំ​កំពូល

ផ្ទាំងបដា​នៃ​កិច្ចប្រជុំ​កំពូល APEC 2022 ត្រូវបាន​ព្យួរ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ Queen Sirikit ដែល​ជា​កន្លែង​កិច្ចប្រជុំ​កំពូល APEC ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេសថៃ នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ទស្សនៈផ្សេងៗគ្នា​ចំពោះ​សង្គ្រាមរុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បានធ្វើ​ឱ្យ​មាន​ការ​លំបាកដល់​ប្រទេសជា​សមាជិកទាំង​២១នៃ​អង្គការ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ ដែល​ហៅ​កាត់​ថា​ APEC ដើម្បី​ឯកភាព​គ្នា​ក្នុងការសម្រេច​ឱ្យ​បាននូវ​កិច្ចព្រមព្រៀងរួម​គ្នា​មួយ​នៅ​មុនជំនួប​កិច្ច​ប្រជុំ​កំពូល​នៃ​មេដឹកនាំនិង​មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​នេះ​ នៅ​ក្នុង​រាជធានី​បាងកក​ ប្រទេស​ថៃ​នៅសប្តាហ៍ក្រោយ។​ ​

នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជា​មួយ​វីអូអេ​កាល​ពី​ថ្ងៃ​អង្គារ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេសសហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​ APEC លោក​ Matt Murray បានឱ្យ​ដឹង​ថា​ «ចំណុច​សំខាន់សម្រាប់​កិច្ចប្រជុំ​របស់ APEC នៅ​ឆ្នាំ​នេះ​ ដែល​មាន​ការ​ប្រឈម​ខ្លាំង​នោះ​ គឺការ​ឈ្លានពាន​របស់​រុស្ស៊ីនៅក្នុង​ប្រទេស​អ៊ុយក្រែន​ និង​ស្ថានភាព​ដែល​ប៉ះពាល់​ដោយ​សារ​សង្គ្រាម​នេះ​នៅទូទាំង​តំបន់​ ជា​ពិសេសការ​ប៉ះពាល់​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​ ដូច​ជា​វិបត្តិ​ថាមពលនិង​ស្បៀងអាហារ​ជា​ដើម»។

លោក​បន្ត​ទៀត​ថា​ទស្សនៈផ្សេងៗគ្នាលើ​បញ្ហា​សង្គ្រាម​នេះ​ បានរារាំង​ដល់អង្គការ​នេះ​ដើម្បី​ដាក់​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ អំពី​ផលប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ច​ នៅ​ក្នុង​អំឡុង​ពេលនៃ​កិច្ចប្រជុំថា្នក់​រដ្ឋមន្ត្រី​ជា​ច្រើនដងនៅ​ឆ្នាំ​នេះ។​ «មាន​ប្រទេស​ជា​សមាជិកមួយ​ចំនួន​នៅ​ក្នុងអង្គការ​ APEC​ ដែលមិន​ចង់​ឱ្យលើក​ឡើង​ពី​សង្គ្រាមរបស់​រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​»។ នេះ​បើតាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ ដោយ​លោក​ក៏​មិន​បាន​ច្រានចោល​លទ្ធភាព​ដែលថា​អាច​មាន​កិច្ចព្រមព្រៀងណា​មួយក្នុង​នាទី​ចុងក្រោយផង​ដែរ នៅ​ក្នុង​កិច្ចប្រជុំ​សប្តាហ៍ក្រោយ​នោះ។​ ​

ការ​ស្តារវិស័យ​ទេសចរណ៍និង​ការ​ធ្វើ​ដំណើរឡើងវិញ​ ក្រោយជំងឺរាតត្បាត​កូវីដ១៩​ គឺ​ជាអាទិភាព​មួយ​នៃ​របៀវារៈនៃ​កិច្ចប្រជុំរបស់ APEC នៅ​ក្នុង​ឆ្នាំនេះ។​ ប៉ុន្តែមិនមែនថា​សមាជិក​ទាំង​អស់​របស់​អង្គការ APEC បាន​លុប​ចោល​នូវការរឹត​បន្តឹង​ស្តី​ពី​ជំងឺកូវីដ១៩នោះទេ។ ឧទាហរណ៍ ប្រទេស​ចិន​កាលពី​ពេល​ថ្មីៗ​នេះបាន​និយាយ​ថា​ ខ្លួននឹង​បន្ត​វិធានការ​រឹតបន្តឹង​សម្រាប់​ជំងឺកូវីត១៩ ហើយ​បន្ត​រឹតបន្តឹង​នូវ​ការ​អនុវត្ត​គោលនយោបាយ​មិនឱ្យមានករណី​ជំងឺកូវីដទាល់តែសោះ​របស់​ខ្លួន​ ដែល​នៅ​តែ​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​ចត្តាឡីស័កជា​ចាំបាច់​នោះ។ ​

លោក Murray និយាយ​ថា «នេះ​ជា​ចំណុច​មួយ​ដែល​យើង​ត្រូវលើក​មក​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា​ អង្គការ APEC នឹង​ដាក់​កម្រិត​ដល់សមាជិកណា​មួយ​របស់​ខ្លួន​ ថាគួរធ្វើ​អ្វី​ឬ​មិន​គួរធ្វើ ​បន្ទាប់​ពី​មាន​ការ​បើក​ឡើងវិញ​ ក្រោយការ​ឆ្លងរាតត្បាត​នៃ​ជំងឺកូវី​១៩​នោះ​ឡើយ»៕​