សហរដ្ឋអាមេរិកមានគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយតូចនិងពង្រីកផ្នែកផ្សេងៗទៀតនៃកិច្ចសហប្រតិបត្តិការការពារជាមួយនឹងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនពិចារណាធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយនឹងកូរ៉េខាងត្បូងនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប។
ការប្រកាសរបស់សហរដ្ឋអាមេរិកនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយនៅក្នុងកិច្ចសម្ភាសមួយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកំពុងពិភាក្សាគ្នាក្នុងគោលបំណងផ្ដល់តួនាទីធំជាងមុនដល់កូរ៉េខាងត្បូងនៅក្នុងប្រតិបត្តិការរបស់កងកម្លាំងនុយក្លេអ៊ែរសហរដ្ឋអាមេរិក។
លោក Yoon បានប្រាប់កាសែត Chosun Ilbo ថា ការពិភាក្សានេះផ្ដោតជាចម្បងលើការធ្វើផែនការរួមគ្នានិងការធ្វើសមយុទ្ធជាមួយនឹងកងកម្លាំងនុយក្លេអ៊ែរសហរដ្ឋអាមេរិក ដែលជាដំណើរការមួយដែលលោកប្រមើលមើលឃើញថានឹងមានលទ្ធផលដូចទៅនឹង «ការចែករំលែកនុយក្លេអ៊ែរ» ដូច្នេះដែរ។
នៅពេលដែលគេសួរកាលពីល្ងាចថ្ងៃចន្ទថាតើលោកកំពុងពិភាក្សាអំពីការធ្វើសមយុទ្ធនុយក្លែអ៊ែររួមគ្នាជាមួយនឹងកូរ៉េខាងត្បូងឬក៏អត់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានឆ្លើយថា «ទេ» ប៉ុន្តែមិនបានរៀបរាប់លម្អិតនោះឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលផ្ញើមកកាន់ VOA តាមអ៊ីមែលកាលពីល្ងាចថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានព្យាយាមបញ្ជាក់ឱ្យបានច្បាស់អំពីស្ថានភាពនេះដោយបាននិយាយថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង «កំពុងធ្វើការជាមួយគ្នាដើម្បីពង្រឹងវិធីរារាំងបន្ថែមទៀត ដែលក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធទ្រង់ទ្រាយតូចផងដែរដែលនឹងស្ទង់មើលការឆ្លើយតបរួមគ្នារបស់យើងចំពោះស្ថានភាពជាច្រើនដូចជាស្ថានភាពដែលប្រទេសកូរ៉េខាងជើងប្រើប្រាស់នុយក្លេអ៊ែរជាដើម»។
កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលជាច្រើនគ្រាប់មិនធ្លាប់មានពីមុនមក និងកាលពីថ្ងៃអាទិត្យកន្លងទៅនេះបានសន្យាថានឹង«បង្កើនឱ្យបានកាន់តែច្រើននិងលឿនបំផុត» នូវផលិតកម្មក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន។
មន្ត្រីសហរដ្ឋអាមេរិកខាងលើបានបន្ថែមថា សកម្មភាពនិងការលើកឡើងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងបានបង្កឱ្យមាន«ក្ដីបារម្ភកាន់តែខ្លាំងឡើង»។
នៅពេលក្រោយមក ទាំងខុទ្ទកាល័យប្រធានាធិបតីសហរដ្ឋអាមេរិកនិងខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងសុទ្ធតែបានបដិសេធថាមិនមានចំណុចផ្ទុយគ្នាណាមួយរវាងការលើកឡើងរបស់លោក Biden និងលោក Yoon នោះទេ ដោយខុទ្ទកាល័យទាំងពីរបានកត់សម្គាល់ថា ដោយសារកូរ៉េខាងត្បូងមិនមែនជាប្រទេសនុយក្លេអ៊ែរ តាមលក្ខណៈជាក់ស្ដែង ប្រទេសនេះមិនអាចចូលរួមនៅក្នុង«សមយុទ្ធនុយក្លេអ៊ែររួមគ្នា» បានឡើយ៕
ទីក្រុងសេអ៊ូល —