សហរដ្ឋ​អាមេរិក​ថា មីយ៉ាន់ម៉ា​បាន​ប្រព្រឹត្ត​​អំពើ​ប្រល័យ​ពូជសាសន៍​​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា

រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​អង្គុយ​លើ​ទូក​​ធ្វើ​ដំណើរ​ភៀសខ្លួន​មក​ដល់​កំពង់ផែ Krueng Geukueh ក្នុង​ក្រុង North Aceh ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ (AP Photo/M. Yasir)

សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា ការ​ប្រើ​អំពើ​ហិង្សាប្រឆាំង​នឹង​ជន​ជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាម​ដោយ​ពួក​យោធា​មីយ៉ាន់ម៉ា ជា​អំពើ​ប្រល័យ​ពូជសាសន៍​និងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ នេះ​បើ​តាម​មន្ត្រី​អាមេរិក​មួយ​រូប​ដែលបាន​ថ្លែង​ប្រាប់ទីភ្នាក់​ងារ​ព័ត៌មាន AFP កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​នេះ។

សហគមន៍​ជនជាតិរ៉ូហ៊ីងយ៉ា​រាប់សែន​នាក់​ដែល​ភាគ​ច្រើនជា​អ្នក​កាន់សានា​អ៊ីស្លាម​នោះ បាន​រត់​គេច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ភាគ​ច្រើន​កាន់​ព្រះពុទ្ធសាសនាកាល​ពី​ឆ្នាំ២០១៧ ក្រោយ​ការបង្ក្រាបដោយ​កងកម្លាំង​យោធា​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ដែល​ពេល​នេះកំពុង​ក្លាយ​ជាប្រធានបទ​នៃ​ករណីអំពើ​ប្រល័​យ​ពូជសាសន៍នៅ​ក្នុង​តុលាការ​អន្តរជាតិទីក្រុង​ឡាអេ​ នៃ​ប្រទេស​ហូឡង់។

រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​លោក Antony Blinken មាន​គម្រោង​ប្រកាស​ជា​ផ្លូវការ​នូវ​ការសម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​ចាត់ទុក​ការបង្ក្រាប​របស់​ពួក​យោធា​មីយ៉ាន់ម៉ា​នោះ​ ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​សុន្ទរកថា​របស់​លោកនៅឯ​សារមន្ទីរHolocaustក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែល​នៅ​ទីនោះ​ កំពុង​មាន​ការ​តាំង​ពិព័រណ៍ស្តី​ពី «មាគ៌ារបស់​ភូមា​ទៅ​កាន់​អំពើ​ប្រល័យ​ពូជសាសន៍»។

លោកBlinken បាន​និយាយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេ​សម៉ាឡេស៊ី​ថា សហរដ្ឋ​អាមេរិក កំពុង​ពិនិត្យមើល​ដោយ​ហ្មត់ចត់​ថាតើ​ការធ្វើ​បាបជន ជាតិរ៉ូហ៊ីងយ៉ា​នោះ អាច​ជា​អំពើ​ប្រល័យ«ពូជសាសន៍​ដែរ» ឬយ៉ាង​ណា។

ក្រសួង​ការបរទេសអាមេរិក​កាល​ពី​ឆ្នាំ២០១៨ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បាន​បញ្ជាក់​លម្អិត​ពី​អំពើ​ហិង្សាប្រឆាំង​នឹង​ជនជាតិរ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ Rakhineភាគ​ខាង​លិច​មីយ៉ាន់ម៉ា​ថា មាន​ភាពព្រៃផ្សៃ​ធំធេង​និងរីករាល​ដាល​ហើយហាក់​ដូចជា​បំភិត​បំភ័យ​ពលរដ្ឋ​ទាំង​នោះ​មាន​ការភិតភ័យ​និងបណ្តេញ​ពលរដ្ឋទាំង​នោះ​ផង​ដែរ»។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៃ​រដ្ឋ Oregon លោក Jeff Merkleyបាន​បង្ហោះ​សារ​លើTwitter កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញបន្ទាប់​ពី​មាន​ព័ត៌មានស្តី​ពីគម្រោង​ចាត់ទុក​អំពើ​ហិង្សា​នោះ​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ថា «ខ្ញុំ​មិន​ដែល​បំភ្លេច​រឿងរ៉ាវ​នៃ​ការឈឺចាប់​ដែល​ខ្ញុំ​បាន​ឮ​កាល​ពី​ឆ្នាំ២០១៧ពី​សមាជិក​នៃ​សហគមន៍​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ភូមា​និង​បង់ក្លាដែសនោះ​ឡើយ។ វា​ជា​រឿង​រ៉ាវ​នៃ​អំពើ​ហិង្សា​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»។

ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រមាណ៨សែន៥ម៉ឺននាក់​កំពុង​រស់នៅ​តាម​ជំរំ​នានានៅក្នុងប្រទេសបង់ក្លាដែស​ដែល​នៅ​ជាប់​នឹង​ប្រទេស​មីយ៉ាន់ម៉ា បាន​រ៉ាយរ៉ាប់​ពី​ការកាប់​សម្លាប់​និង​ការរំលោភ​បំពាន​ផ្លូវ​ភេទ ខណៈ​ដែល​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ប្រមាន៦សែន​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​រដ្ឋ Rakhineក្នុងប្រទេស​មីយ៉ាន់ម៉ា​នៅ​ឡើយ​ដោយពួក​គេ​បាន​រាយការណ៍​ថា​ មាន​ការគាបសង្កត់កាន់​តែ​ច្រើន​នោះ៕