លោក Pat Shanahan រដ្ឋមន្ត្រីការពារជាតិស្តីទីអាមេរិកបាននិយាយថា វិធានការដែលបានត្រូវចាត់ដើម្បីបង្កើនវត្តមានយោធាអាមេរិកក្នុងភូមិភាគមជ្ឈឹមបូព៌ាបានធ្វើឱ្យប្រទេសអ៊ីរ៉ង់រួញរាហើយ និងបានរារាំងសក្តានុពលនៃការវាយប្រហារលើជនជាតិអាមេរិកាំង «ទោះណាជាអ៊ីរ៉ង់បានធ្វើការវាយប្រហារឯទៀតៗក៏ដោយ»។
លោក Shanahan បានថ្លែងប្រាប់អ្នកកាសែតនៅឯក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃអង្គារថា «ការណ៍នេះមិនមែនមានន័យថាការគំរាមកំហែង ដែលយើងបានរកឃើញកាលពីពេលមុន បានបាត់អស់ហើយនោះទេ។ ខ្ញុំយល់ឃើញថា ការឆ្លើយតបរបស់យើងដោយប្រុងប្រយ័ត្នបានផ្តល់ពេលវេលាឱ្យអ៊ីរ៉ង់គិតគូរជាថ្មី»។
លោក Shanahan បានថ្លែងថា «យើងបាននិយាយអំពីការគំរាមកំហែងទាំងនោះ ហើយមានការវាយប្រហារពិតមែន»។
នៅពេលត្រូវសួរឱ្យនិយាយបំភ្លឺអំពីការវាយប្រហារអ្វីដែលលោកបាននិយាយយោងនោះ លោកវរសេនីយទោ Joe Buccino អ្នកនាំពាក្យនៃក្រសួងការពារជាតិអាមេរិកបាននិយាយប្រាប់ VOA ថា ផ្នែកស៊ើបការសម្ងាត់ស.រ.អាបានចង្អុលដាក់ប្រទេសអ៊ីរ៉ង់ថាជា «ទំនងខ្លាំងណាស់ជាអ្នកទទួលខុសត្រូវ» ដល់ការវាយប្រហារលើនាវាដឹកប្រេងបួនគ្រឿងនៅក្នុងឈូងសមុទ្រពែក។
លោករដ្ឋមន្ត្រី Shanahan និងក្រុមមន្ត្រីឯទៀតៗមានកំណត់នឹងនិយាយត្រួសៗប្រាប់សមាជិកសភាស.រ.អានៅក្នុងការប្រជុំបិទទ្វារមួយនៅពេលបន្ទាប់មកទៀតក្នុងថ្ងៃអង្គារនេះតាមពេលវេលានៃរដ្ឋធានីវ៉ាស៊ីនតោនអំពីការគំរាមកំហែងយោធា ដែលសេតវិមាននិយាយថា អ៊ីរ៉ង់ដាក់ឱ្យមានក្នុងភូមិភាគមជ្ឈឹមបូព៌ា។
ក្នុងចំណោមក្រុមមន្ត្រីដែលទៅកាន់វិមានសភា Capitol Hill មានលោករដ្ឋមន្ត្រីការបរទេស Mike Pompeo លោក Shanahan និងលោកឧត្តមសេនីយ Joseph Dunfort ប្រធានក្រុមនាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អា។ សមាជិកសភាបានទាមទារសុំព័ត៌មានអំពីការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់ជាច្រើនថ្ងៃមកហើយ។
កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Donald Trump បាននិយាយថា ប្រទេសអ៊ីរ៉ង់ «មានអរិភាពខ្លាំងណាស់» ហើយថា ស.រ.អានឹងគ្មានជម្រើសទេ ក៏ប៉ុន្តែនឹងឆ្លើយតបនឹងអំពើគឃ្លើនរបស់អ៊ីរ៉ង់ «ជាមួយការប្រើកម្លាំងខ្លាំងក្លា»៕