លោក James Mattis រដ្ឋមន្ត្រីការពារជាតិស.រ.អា.និយាយថា ការគំរាមកំហែងដោយកូរ៉េខាងជើងចំពោះស.រ.អា.ឬសម្ព័ន្ធមិត្តនឹងត្រូវប្រឈមនឹងការឆ្លើយតបទ្រង់ទ្រាយធំខាងយោធា ដោយប្រសិទ្ធភាព។
លោក Mattis ថ្លែងដូច្នេះនៅក្រៅសេតវិមានកាលពីថ្ងៃអាទិត្យ ក្រោយពីលោកនិងទីប្រឹក្សាយោធាកំពូលៗផ្សេងទៀតបានជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំពិភាក្សាអំពីការសាកល្បងអាវុធបរិមាណូអ៊ីឌ្រូហ្សែនរបស់កូរ៉េខាងជើង ដែលទំនងជាបានសម្រេចជោគជ័យ។
លោកនិយាយថា ស.រ.អា.មានជម្រើសច្រើន រួមមានជម្រើសយោធា ហើយលោកប្រធានាធិបតីចង់ដឹងអំពីជម្រើសទាំងនោះ។ ស.រ.អា.មិនមានបំណងធ្វើឲ្យកូរ៉េខាងជើងសាបសូន្យទេ ទោះជាយ៉ាងណា លោកប្រាប់អ្នកយកព័ត៌មានថា ស.រ.អា.មានលទ្ធភាពការពារខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយថា ការតាំងចិត្តរបស់ស.រ.អា.ការពារសម្ព័ន្ធមិត្តគឺជាកណ្តាប់ដៃដែកមិនអាចរំលាយបាន។ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.អំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់នៅព្រឹកថ្ងៃចន្ទដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង។
កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ ប្រធានាធិបតីស.រ.អា.និយាយថា លោកកំពុងពិចារណាបញ្ឈប់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសណាដែលធ្វើជំនួញជាមួយកូរ៉េខាងជើង ក្រោយពីរបបកុម្មុយនិស្តឯកោនេះសាកល្បងអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំបំផុត តែលោកមិនបាននិយាយអំពីការសងសឹកប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាងទេ។
លោកប្រធានាធិបតីបានជួបជាមួយលោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក John Kelly ប្រធានការិយាល័យសេតវិមាន និងមេបញ្ជាការយោធានានា ពិភាក្សាអំពីជម្រើសក្នុងការឆ្លើយតបនឹងការសាកល្បងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងលើកទី៦នេះ។ពហិការសេដ្ឋកិច្ចរបស់ស.រ.អា.ប្រឆាំងប្រទេសធ្វើជំនួញជាមួយកូរ៉េខាងជើងអាចនឹងប៉ះពាល់ពាណិជ្ជកម្មប្រចាំឆ្នាំមានទឹកប្រាក់ជិត៦៥០ពាន់លានរវាងស.រ.អា.និងចិន ពីព្រោះរដ្ឋាភិបាលក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តសំខាន់និងជាដៃគូពាណិជ្ជកម្មតែមួយគត់របស់កូរ៉េខាងជើង៕