សហរដ្ឋ​អាមេរិក​ថា​មានកងទ័ព​កូរ៉េ​ខាង​ជើង៨ពាន់​នាក់​នៅ​ក្នុង​តំបន់ Kurskនៃ​ប្រទេស​រុស្ស៊ី

  • ​Reuters

ទូរទស្សន៍​មួយ​នៅ​ស្ថានីយរថភ្លើង​កូរ៉េខាងត្បូង​បង្ហាញ​ទាហាន​កូរ៉េខាងជើង​កាលពីថ្ងៃទី​១៨ តុលា ២០២៤

សហរដ្ឋ​អាមេរិក​បាន​ទទួល​ព័ត៌មានដែល​បាន​ចង្អុលបង្ហាញ​ថា​នៅពេល​ឥឡូវនេះ​មាន​កងទ័ព​កូរ៉េ​ខាង​ជើង៨ពាន់​នាក់​នៅ​ក្នុងតំបន់ Kursk​ នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​រង​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Robert Wood បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Wood បាន​និយាយ​ថា«ខ្ញុំ​មាន​សំណួរ​សម្រាប់​សហការី​រុស្ស៊ី​របស់​ខ្ញុំ ថា​តើ​រុស្ស៊ី​នៅ​តែ​អះអាង​ថា​មិន​មាន​កងទ័ព​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ឬ?។

តំណាង​រុស្ស៊ី​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិក​ចំនួន១៥នៅពេល​នោះ​មិន​បាន​ឆ្លើយតប​ដល់​លោក Wood​ ទេ។ រដ្ឋាភិបាល​ក្រុង​មូស្គូ​មិន​បាន​បដិសេធ​ឬ​បាន​បញ្ជាក់​ដោយ​ផ្ទាល់​អំពី​វត្តមាន​របស់​កងទ័ព​កូរ៉េ​ខាង​ជើង​នោះ​ទេ។

បន្ទាប់ពី​ការបដិសេធ​លើក​ដំបូង កូរ៉េ​ខាង​ជើង​ចាប់តាំង​ពី​នោះ​មក​បាន​ការពារ​គំនិត​នៃ​ការដាក់​ពង្រាយ​កងទ័ព​ថាស្ថិត​នៅ​ក្នុង​ខ្សែ​បន្ទាត់​នៃ​ច្បាប់​អន្តរជាតិ។

រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ ឆ្នាំ២០២២។ នៅ​ខែ​សីហា ឆ្នាំ​នេះ​កងទ័ព​អ៊ុយក្រែន​បាន​ប្រយុទ្ធ​ចូល​ក្នុង​តំបន់ Kursk ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី​ជា​ទីកន្លែង​ដែល​ពួកគេ​បន្ត​កាន់កាប់​ទឹក​ដី​នោះ។

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស កូរ៉េ​ខាង​ត្បូង អ៊ុយក្រែន​និង​ប្រទេស​ផ្សេងៗទៀត​បាន​ចោទប្រកាន់​រុស្ស៊ី​ពី​ការរំលោភ​សេចក្តីសម្រេច​អង្គការ​សហប្រជាជាតិ​និង​ការបង្កើត​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ដោយ​ការបញ្ជូន​កងទ័ព​ពី​កូរ៉េ​ខាង​ជើង​ដែល​បាន​ស្ថិត​នៅ​ក្រោម​ការដាក់​ទណ្ឌកម្ម​យ៉ាង​យូរ​របស់​អង្គការ​សហ្រជាជាតិ​ដែល​មាន​គោលបំណង​រាំងខ្ទប់​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែ​រនិង​កាំជ្រួច​បាល្លីស្ទិក​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

អ៊ុយក្រែន​កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់​ឈ្មោះ​ឧត្តមសេនីយ៍​កូរ៉េ​ខាង​ជើង៣នាក់​ដែល​ខ្លួន​បាន​និយាយ​ថា​កំពុង​អមដំណើរ​កងទ័ព​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ សហរដ្ឋ​អាមេរិក​និង​ចិន​ក៏​បាន​ប៉ះទង្គិចគ្នា​នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ផ្តល់​ការគាំទ្រ​ទ្រង់ទ្រាយ​ធំ​ដល់​វិស័យ​ឧស្សាហកម្ម​ការពារ​ប្រទេស​របស់​រុស្ស៊ី៕