ចិន​ថា​ការ​ដាក់​ទណ្ឌកម្ម​របស់​ស.រ.អា.​លើ​វិស័យ​ប្រេង​របស់​អ៊ីរ៉ង់​នឹង​ធ្វើ​ឲ្យ​ចលាចល​នៅ​តំបន់​មជ្ឈិម​បូព៌ា​កាន់តែ​តានតឹង​ថែម​ទៀត

រូបភាព​ឯកសារ៖​ លោក Geng Shuang អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។

ប្រទេស​ចិន​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ដែល​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​នឹង «ធ្វើ​ឲ្យ​ភាព​ចលាចល​កាន់តែ​តានតឹង​ខ្លាំង​ឡើង​ថែម​ទៀត‍» តែ​ប៉ុណ្ណោះ​នៅ​តំបន់​មជ្ឈិម​បូព៌ា និង​នៅ​លើ​ទីផ្សារ​ថាមពល​អន្តរជាតិ។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ខ្លួន​បញ្ចប់​ការ​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Geng Shuang បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា៖ «ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី និង​នៅ​ក្នុង​ការ​ប្រើ​អំណាច​តុលាការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​កាត់​ទោស​ជន​បរទេស‍»។

លោក​បាន​បន្ថែម​ថា៖ «វិធានការ​របស់​សហរដ្ឋ​អាមេរិក​នេះ​នឹង​ធ្វើ​ឲ្យ​ភាព​ចលាចល​កាន់តែ​តានតឹង​ថែម​ទៀត​នៅ​តំបន់​មជ្ឈិម​បូព៌ា និង​នៅ​ទីផ្សារ​ថាមពល​អន្តរជាតិ‍»។

សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ការ​លើកលែង​ទណ្ឌកម្ម​បណ្ដោះ​អាសន្ន​ដល់​រដ្ឋាភិបាល​ចំនួន ៨ រយៈពេល ៦ ខែ នៅ​ពេល​ដែល​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។ រដ្ឋាភិបាល​ទាំង ៨ នោះ​គឺ​ប្រទេស​ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង តួកគី អ៊ីតាលី ក្រិក និង​កោះ​តៃវ៉ាន់។ ការ​លើក​លែង​ទណ្ឌកម្ម​នេះ​នឹង​ចប់​នៅ​ថ្ងៃ​ទី ២ ខែ​ឧសភា​ខាង​មុខ​នេះ។

កន្លង​មក ប្រទេស​ក្រិក អ៊ីតាលី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​កោះ​តៃវ៉ាន់ បាន​បញ្ចប់ ឬ​ក៏​កាត់​បន្ថយ​ជា​ច្រើន​នូវ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់។ ចំណែក​ឯ​ប្រទេស​ចិន ឥណ្ឌា និង​តួកគី​មិន​ទាន់​បាន​ចាត់​វិធានការ​ណា​មួយ​នៅ​ឡើយ​ទេ។

លោក Geng Shuang បាន​បញ្ជាក់​ថា ប្រទេស​ចិន​នឹង «បន្ត​ធ្វើ​ការ​ដើម្បី​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ចិន​នានា‍»៕