ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing និងមេដឹកនាំយោធាជាន់ខ្ពស់ផ្សេងទៀត ពាក់ព័ន្ធនឹង «ការសម្លាប់ក្រៅផ្លូវតុលាការ» លើជាតិសាសន៍ Rohingya កាន់សាសនាឥស្លាមនៅក្នុងរដ្ឋ Rakhine ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
ទណ្ឌកម្មទាំងនេះគឺនឹងរារាំងលោក Min Aung Hlaing និងលោក Soe Win ដែលជាអគ្គមេបញ្ជាការរងយោធា រួមទាំងមេបញ្ជាការពីររួបផ្សេងទៀត និងក្រុមគ្រួសាររបស់ពួកគេផងដែរមិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការប្រកាសអំពីការដាក់ទណ្ឌកម្មនេះធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជា «រដ្ឋាភិបាលដំបូងបង្អស់នៅក្នុងការចាត់វិធានការជាសាធារណៈចំពោះថ្នាក់ដឹកនាំយោធាជាន់ខ្ពស់បំផុតរបស់ប្រទេសភូមា»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយយ៉ាងដូច្នេះថា៖ «យើងនៅតែព្រួយបារម្ភថា រដ្ឋាភិបាលភូមាមិនបានចាត់វិធានការណាមួយដើម្បីឲ្យអ្នករំលោភសិទ្ធិមនុស្សទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ ហើយនៅមានរបាយការណ៍ជាបន្តអំពីការរំលោភសិទ្ធិមនុស្សរបស់យោធាភូមានៅទូទាំងប្រទេស»។
លោក Pompeo បានលើកឡើងថា «ឧទាហរណ៍ដ៏ល្អមួយនៃការខ្វះការទទួលខុសត្រូវខ្លាំងក្លាជាបន្តនេះ» គឺការផ្សព្វផ្សាយនាពេលថ្មីៗនេះដែលថា លោក Min Aung Hlaing បានបញ្ជាឲ្យដោះលែងទាហានដែលត្រូវបានផ្ដន្ទាទោសពីបទសម្លាប់មនុស្សក្រៅច្បាប់នៅភូមិ Inn Din នៅក្នុងអំឡុងពេលបោសសម្អាតជាតិសាសន៍ Rohingya»។
ការសម្លាប់រង្គាលនេះបានកើតឡើងនៅក្នុងអំឡុងពេលបង្ក្រាបរបស់យោធាកាលពីឆ្នាំ ២០១៧ ដែលបង្ខំឲ្យជាតិសាសន៍ Rohingya ប្រហែល ៧ សែននាក់រត់គេចទៅកាន់ប្រទេសបង់ក្លាដេស ដែលនៅជិតខាង៕