សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពហិរញ្ញវត្ថុរបស់ក្រុមហាម៉ាស់កាលពីថ្ងៃពុធម្សិលមិញ ដើម្បីស្វះស្វែងបង្អាក់ការផ្តល់ថវិការបស់ក្រុមសកម្មប្រយុទ្ធនេះកុំឱ្យវាយប្រហារលើអ៊ីស្រាអែល។
សហរដ្ឋអាមេរិកបានដៅលើអ្វីដែលខ្លួនបានពណ៌នាថាជា «ក្រុមវិនិយោគហាម៉ាស់សម្ងាត់» ដែលជាអ្នកសម្របសម្រួលហិរញ្ញវត្ថុមួយមានចំណងទាក់ទងទៅនឹងប្រទេសអ៊ីរ៉ង់និងក្រុមហ៊ុនប្តូររូបិយបណ្ណតាមអនឡាញ ដែលមានទីតាំងនៅក្នុងតំបន់ Gaza (ហ្កាហ្សា) រួមជាមួយបុគ្គល ៩ នាក់ផ្សេងទៀត។ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបញ្ជាក់ថា អង្គភាពហាម៉ាស់ផ្សេងទៀតមានមូលដ្ឋាននៅក្នុងប្រទេសស៊ូដង់ តួកគី អាល់ហ្សេរីនិងប្រទេសកាតា។
ការដាក់ទណ្ឌកម្មនេះត្រូវបានប្រកាសធ្វើឡើង ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដើម្បីពិភាក្សាអំពីការវាយប្រហារដ៏រន្ធត់របស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅនេះ ទៅលើរដ្ឋជ្វីសហើយក្រោយមកអ៊ីស្រាអែលបានបាញ់ផ្តក់ដាក់តំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកកំពុងចាត់វិធានការដ៏ឆាប់រហ័សនិងមិនរួញរាដៅលើអង្គភាពនិងអ្នកសម្របសម្រួលហិរញ្ញវត្ថុរបស់ក្រុមហាម៉ាស់ បន្ទាប់ពីការសម្លាប់ដ៏ព្រៃផ្សៃនិងគ្មានមនសិការរបស់ក្រុមនេះលើជនស៊ីវិលអ៊ីស្រាអែល រួមមានទាំងកូនក្មេងផងដែរ»។
លោកស្រី Yellen បានបញ្ជាក់បន្ថែមទៀតថា៖ «យើងនឹងបន្តចាត់វិធានការសំខាន់ៗទាំងអស់ដើម្បីបដិសេធលទ្ធភាពរបស់ពួកភេរវជនហាម៉ាស់ដើម្បីរៃអង្គាសថវិកានិងប្រើប្រាស់ថវិកានោះដើម្បីធ្វើការវាយប្រហារដ៏ឃោរឃៅនិងបំភិតបំភ័យប្រជាពលរដ្ឋអ៊ីស្រាអែល»។
ការដាក់ទណ្ឌកម្មនោះផ្អឹបទុកនូវទ្រព្យសម្បត្តិរបស់ក្រុមហាម៉ាស់នៅក្នុងសហរដ្ឋអាមេរិក ហើយនឹងហាមឃាត់ការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយក្រុមជនសកម្មប្រយុទ្ធមួយនេះ។
សហរដ្ឋអាមេរិកបានចាត់ទុកពួកហាម៉ាស់ជាក្រុមភេរវជន៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន