អ្នកជំនួញជនជាតិចិនដែលមានទ្រព្យសម្បត្តមហាសាល និងការរកស៊ីជាច្រើន ព្រមទាំងធ្លាប់ជួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ក្រោមច្បាប់ Global Magnitsky ដែលសំដៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ និងបណ្តាញរបស់គេ។
បើតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើលោក Wan Kuok Koi ដែលគេច្រើនហៅថា Broken Tooth ក្រោមច្បាប់អាមេរិក។ នេះមានន័យថា ទ្រព្យសម្បត្តិរបស់លោកនៅអាមេរិក នឹងត្រូវបង្កក ប្រសិនបើមាន ហើយប្រជាជនអាមេរិក ត្រូវហាមប្រាមមិនឲ្យធ្វើជំនួញជាមួយបុគ្គលនេះ។ ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងចំទិវាអន្តរជាតិប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
បើតាមសេចក្តីថ្លែងការណ៍ លោក Broken Tooth អាយុ៦៥ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារជាង១០ឆ្នាំ បានដឹកនាំក្រុម «14K» ដែលជាក្រុមមួយក្នុងចំណោមក្រុមសង្គមងងឹត ដែលមានការចាត់តាំងរបស់ចិននៅក្នុងពិភពលោក ហើយធ្វើសកម្មភាពជួញដូរគ្រឿងញៀន បើកល្បែងស៊ីសងខុសច្បាប់ ធ្វើជំនួញខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ដទៃទៀត។
សហរដ្ឋអាមេរិកបញ្ជាក់ថា៖ «Broken Tooth ត្រូវបានចាត់ទុកថាជាជនបរទេស ជាមេដឹកនាំ ឬជាមន្ត្រីនៃអង្គការស្ថាប័នមួយ ដែលរួមទាំងជាអង្គការស្ថាប័នរដ្ឋាភិបាល ដែលបានចូលរួម ឬដែលមានសមាជិកបានចូលរួមក្នុងអំពើពុករលួយ ដូចជាការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់»។
បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោក Broken Tooth ជាម្ចាស់ ឬគ្រប់គ្រងសមាគម World Hongmen History and Culture Association ដែលត្រូវបានបង្កើតនៅកម្ពុជាផងដែរកាលពីឆ្នាំ២០១៨ ដែលពេលនោះ លោក Broken Tooth បានចូលរួមសម្ពោធជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន។
សហរដ្ឋអាមេរិកបញ្ជាក់ថា៖ «ក្រុមសង្គមងងឹត «14K» កំពុងតែប្រើសមាគម World Hongmen History and Culture Association របស់ Broken Tooth ដើម្បីធ្វើឲ្យខ្លួនមានភាពស្របច្បាប់»។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សមាគម Hongmen កំពុងរីកធំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើតជាបណ្តាញរកស៊ីដ៏មានឥទ្ធិពល ដែលពាក់ព័ន្ធនឹងការបង្កើត និងចេញរូបិយវត្ថុ Crypto អចលនទ្រព្យ ហើយក្នុងពេលថ្មីៗនេះ បង្កើតក្រុមហ៊ុនសន្តិសុខ ដែលមានជំនាញខាងការពារវិនិយោគក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ Belt and Road Initiative(BRI) ដែលជាសុបិនរបស់ប្រទេសចិន។
VOA មិនទាន់អាចសុំការឆ្លើយតបពីស្ថានទូតចិនប្រចាំនៅកម្ពុជាបានទេ នៅថ្ងៃសុក្រនេះ។
នៅកម្ពុជា សមាគម World Hongmen History and Culture ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដោយមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថកម្ពុជា មានវត្តមានក្នុងពិធីបង្កើតសមាគមនេះដែរ។ រូបថតរបស់ពួកគេទាំងពីរ ឈរក្បែរលោក Broken Tooth ក៏ត្រូវបានផ្សព្វផ្សាយ។
លោកស្រី ម៉ែន សំអន ពេលនោះបានថ្លែងអរគុណសមាគមដែលបានផ្តល់សេចក្តីទុកចិត្តទៅលើរដ្ឋាភិបាលកម្ពុជា ហើយលើកទឹកចិត្តឲ្យសមាគមនេះ ជំរុញការវិនិយោគ ជំនួញ និងទេសចរណ៍នៅកម្ពុជា ក្រោមគម្រោង BRI របស់ចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក និងហ្វេសប៊ុករបស់លោកស្រី ម៉ែន សំអន។
កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លោក Broken Tooth ក៏បានដាក់សម្ពោធការផលិតស្រាបៀឈ្មោះ Hongmen ដែលកាលនោះមានលោក ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ និងលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានចូលរួមផងដែរ។ នេះបើតាមរូបភាពដែលត្រូវបានផ្សព្វផ្សាយលើសារព័ត៌មានក្នុងស្រុក។
លោក Broken Tooth ធ្លាប់បានជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ទាក់ទងនឹងការលាងលុយ បទឧក្រិដ្ឋជាមួយសង្គមងងឹត និងបទល្មើសផ្សេងទៀត។ លោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីឆ្នាំ២០១២។
VOA មិនអាចសុំការឆ្លើយតបពីលោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាបានទេ នៅថ្ងៃសុក្រនេះ។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថកម្ពុជា ដែលមានរូបថតជាមួយលោក Broken Tooth កាលពីឆ្នាំ២០១៨ មានប្រសាសន៍ថាលោកមិនបានឮព័ត៌មាននៃការដាក់ទណ្ឌកម្មនេះទេ ប៉ុន្តែលោកថាការដែលលោកចូលរួមក្នុងកម្មវិធីសម្ពោធសមាគមHongmen គឺគ្រាន់តែជាការអញ្ជើញចូលរួមតំណាងឲ្យកងកម្លាំងប្រដាប់អាវុធតែប៉ុណ្ណោះ។ លោកបន្តថាលោកក៏មិនមានព័ត៌មានដែលថាបុគ្គលណាជាមនុស្សអាក្រក់នោះទេ។
លោក សៅ សុខា បញ្ជាក់ថាលោកមិនបានជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់ណាមួយជាមួយបុគ្គលដែលត្រូវបានចុះផ្សាយនោះទេ។
លោកប្រាប់VOAថា៖ «អញ្ចឹងអាការមានរូបថតជាមួយគ្នា ពុំមែនមានន័យថាជាអ្នកដែលបានរួមគំនិតជាមួយគ្នាទេ។ អញ្ចឹងខ្ញុំក៏គ្មានការភ្ញាក់ គ្មានការផ្អើល គ្មានការបារម្ភអីចំពោះព័ត៌មានដែលទទួលបានហ្នឹងទេ»។
កន្លងមក រូបភាពរបស់លោក Broken Tooth ធ្លាប់ត្រូវបានគេបង្ហោះឲ្យឃើញហាក់ដូចជាកំពុងអង្គុយក្នុងបន្ទប់ធ្វើការរបស់លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់នាយករដ្ឋមន្ត្រីផងដែរ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក ហ៊ីង ប៊ុនហៀង បានទេនៅថ្ងៃសុក្រនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប មានប្រសាសន៍ថាសមាជិកគណបក្សប្រជាជនកម្ពុជាឬក៏មន្ត្រីរដ្ឋាភិបាល មានទំនាក់ទំនងតែជាមួយមនុស្សល្អស្អាតស្អំទេ ហើយលោកបានចោទជាសំណួរអំពីភាពត្រឹមត្រូវនៃការដាក់ទណ្ឌកម្មលើបុគ្គលនេះ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងមើលតែមួយផ្នែក មិនដឹងថាមនុស្សហ្នឹង វាយ៉ាងម៉េច។ យើងមិនទាន់ដឹង ព្រោះឲ្យខ្ញុំថាយ៉ាងម៉េច បើខ្ញុំមិនដែលស្គាល់មនុស្ស ហ្នឹងផង។ អញ្ចឹងយើងមិនអាចសន្និដ្ឋានអីបានអ្ហេ ថាមានក្រុមអី ដូចជាក្រុម Mafia មកកម្ពុជា ដាក់ទណ្ឌកម្ម។ ប៉ុន្តែនៅអាមេរិក មានដែរ Mafia? ក្រែងមានដល់ភេរវកម្មផងទេ?»។
មន្ត្រីបក្សកាន់អំណាចរូបនេះបន្តថា ការដាក់ទណ្ឌកម្មរបស់អាមេរិកមួយចំនួន មិនមានព័ត៌មានពិតនោះទេ ដោយលោកបារម្ភថា «មាននិន្នាការនយោបាយ ឬមនោគមន៍វិជ្ជានៅពីក្រោយ»។
ទោះជាយ៉ាងណា លោក សុខ ឥសាន មិនទាន់អាចប្រាប់បានថា តើនឹងមានការស៊ើបអង្កេត ឬយ៉ាងណានោះទេទៅលើករណីនេះ ក្រោយមានការផ្សព្វផ្សាយព័ត៌មានអំពីបុគ្គលឈ្មោះ Broken Tooth។
លោកប្រាប់ VOA ថា៖ «អ្ហេ សមត្ថកិច្ច តួនាទីភារកិច្ចគេ គេឮពីលិច ពីកើត ពីត្បូង ពីជើងមក។ [បើ]គេមានការចាប់អារម្មណ៍គេធ្វើ[ការស៊ើបអង្កេត] បំពេញតួនាទីភារកិច្ចរបស់គេហើយ។ គេមិនមែនចេះតែបណ្តែតបណ្តោយទេ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិរបស់អង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថាកម្ពុជាមិនទាន់មានលទ្ធភាព និងយន្តការច្បាស់លាស់ក្នុងការត្រួតពិនិត្យមើលទៅលើអ្នករកស៊ី ហើយប្រតិបត្តិការរកស៊ីរបស់អ្នកជំនួញចិននៅកម្ពុជា មានភាពស្រពេចស្រពិលច្រើន។
លោកបន្ថែមថា ការដាក់ទណ្ឌកម្មលើបុគ្គលដែលមានការរកស៊ីនៅកម្ពុជា បង្ហាញថាបរិយាកាសនៃការធ្វើអាជីវកម្មមិនទាន់ល្អនៅឡើយទេ ហើយវាធ្វើឲ្យមានភាពភ័យខ្លាចដល់អ្នកវិនិយោគផ្សេងទៀត ដែលមានបំណងមករកស៊ីក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «អញ្ចឹងហើយបានជានៅស្រុកខ្មែរយើង យើងជំរុញនិងលើកទឹកចិត្តឲ្យមានការត្រួតពិនិត្យទៅលើភាពជាម្ចាស់របស់ក្រុមហ៊ុន តាមរយៈការប្រើប្រាស់កម្មវិធីមួយដែលយើងហៅថា Beneficial Ownership គឺការស្វែងរកអំពីម្ចាស់នៃប្រយោជន៍ផ្ទាល់ទៅលើក្រុមហ៊ុននីមួយៗឲ្យបានជាក់លាក់»។
លោក ប៉ិច ពិសី បន្ថែមថាអំពើពុករលួយ និងការស៊ីសំណូកសូកប៉ាន់ នៅតែជាបញ្ហាដែលនាំឲ្យអ្នករកស៊ីខុសច្បាប់ និងជនឧក្រិដ្ឋមួយចំនួន អាចរកស៊ីបាននៅកម្ពុជា។
កាលពីខែកញ្ញា ឆ្នាំ២០២០នេះ នៅក្រោមច្បាប់ Global Magnitsky ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនឈ្មោះ UDG (Union Development Group) ក្នុងការចោទប្រកាន់ថា ក្រុមហ៊ុននេះ បានរឹបអូសយកដីធ្លីនិងបំផ្លាញលំនៅដ្ឋានពលរដ្ឋនៅក្នុងខេត្តកោះកុង។
ក្រោមច្បាប់នេះ លោកនាយឧត្តមសេនីយ៍ គន់ គីម ដែលបច្ចុប្បន្នជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ទទួលរងទណ្ឌកម្មផងដែរ ដោយសារសហរដ្ឋអាមេរិកអះអាងថា លោកជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន UDG។ អ្នកផ្សេងទៀតដែលស្និទ្ធិនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយទទួលរងទណ្ឌកម្មនេះដែរ មានលោកឧកញ៉ារកស៊ីឈើ ទ្រី ភាព និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី៕