ស.រ.អា.​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ជាតិ​ចិន ​រុស្ស៊ី ​សិង្ហបុរី​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាង​ជើង

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បង្ហាញ​ហត្ថលេខា​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ច្បាប់​គោលនយោបាយ​ការពារ​ជាតិ​ដែល​មាន​តម្លៃ​៧១៦ប៊ីលាន​ដុល្លារ កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅ​ក្នុង​តំបន់ Fort Drum រដ្ឋ​ញូវយ៉ក។

កាល​ពី​ថ្ងៃ​ពុធ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​ចិន រុស្ស៊ី​ និង​សិង្ហបុរី ​ដែល​ខ្លួន​និយាយថា ​បាន​រំលោភ​ការ​ដាក់​ទណ្ឌ​កម្ម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាង​ជើង ​ដែល​ជា​ការ​ប៉ុនប៉ង​នៅ​ពេល​ថ្មីៗ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ឲ្យ​បញ្ចប់​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ពាណិជ្ជកម្មចិន​ Dalian Sun Moon Star International Logistics Trading រួម​ជាមួយ​ក្រុម​ហ៊ុន SINSMS ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ពី​ការ​ធ្វើ​ឯកសារ​ក្លែងក្លាយ​ដើម្បី​បន្ធូរបន្ថយ​ការ​ដឹក​ជញ្ជូន​ខុ​សច្បាប់​ដូចជា​ ស្រា​ និង​បារី​ចូល​ក្នុង​ប្រទេស​កូរ៉េខាងជើង​ដែល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នោះ​មាន​ប្រាក់​សរុប​ជាង​១​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

សហរដ្ឋ​អាមេរិក​ក៏​និយាយ​ដែរ​ថា ​ក្រុមហ៊ុន Profinet Ltd នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​រំលោភ​ការ​ដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ការ​ផ្តល់​កំពង់​ផែ​ដល់​នាវា​ដាក់​ទង់​ជាតិ​កូរ៉េ​ខាង​ជើង​ដែល​ពាក់​ព័ន្ធ​ក្នុង​នាវា​ដឹក​ជញ្ជូន​ប្រេង​នៅ​ឯ​កំពង់​ផែ៣​នៅ​ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី។

ការ​ដាក់​ទណ្ឌកម្ម​បាន​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​ពួកគេ​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​បាន​រារាំងមិន​ឲ្យ​ជន​ជាតិ​អាមរិកកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកគេ។

​ក្នុង​ការ​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​នេះ ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ Steven Mnuchin ​បាន​និយថា ក្រសួង​រតនាគារ ​នឹង​បន្ត​អនុវត្ត​ទណ្ឌកម្ម​ដែល​មាន​នៅ​កូរ៉េខាង​ជើង៕