​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​វ៉េណេស៊ុយអេឡា​៤រូប​ដោយ​​ហេតុ​ផល​​ពុក​រលួយ

ប្រធានាធិបតី​វេណេស៊ុយអេឡា លោក Nicolás Maduro ក្នុង​ឯកសណ្ឋាន​ជា​យោធា។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ដែល​កំពុង​បម្រើ​ការ​ងារ​ឬ​អតីត​មន្រ្តី​វ៉េណេស៊ុយអេឡា​ ៤​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ឬ​ការ​ជិះ​ជាន់​សង្កត់​សង្កិន​នៅ​ក្នុង​ប្រទេសវ៉េណេ​ស៊ុយអេឡា។

លោក​រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​អាមេរិក​ Steve Mnuchin ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ប្រធានា​ធិបតី ​Maduro នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​ហើយ​និង​បក្ស​ពួក​របស់​លោក​បន្ត​ដាក់​ផល​ប្រយោជន៍​របស់​ពួកគេ​ផ្ទាល់​ពីលើ​ផល​ប្រ​យោជន៍​ប្រជា​ពល​រដ្ឋ​វ៉េណេស៊ុយអេឡា។ ចំណាត់​ការ​នេះ​បញ្ជាក់ពីការ​ដោះ​ស្រាយ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យ​ប្រធានា​ធិបតី​ Maduro​ និង​មន្រ្តី​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ទទួល​ខុស​ត្រូវ‍»។

​យោងតាម​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ការ​ដាក់​ទណ្ឌកម្មសំដៅ​លើ​ពួកមន្រ្តី​ជាន់​ខ្ពស់។

​ក្រសួង​រតនាគារ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា​ «អំពើ​ពុករលួយ​និងការ​ជិះ​ជាន់​សង្កត់សង្កិន​បន្ត​រីក​កាន់​តែ​ធំ​ឡើង​នៅ​ក្រោម​របប​លោក​ Maduro ​មន្រ្តី​ដែល​កាន់​ដំណែង​នៅ​ពេល​បច្ចុប្បន្ន​ និង​អតីត​មន្រ្តីបន្ត​ទទួល​បាន​ប្រយោជន៍ពី​ប្រព័ន្ធ​ពុក​រលួយ​នេះ នៅ​ពេល​ដែល​ពលរដ្ឋ ​សេដ្ឋ​កិច្ចនិង​ស្ថាប័ន​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​វ៉េណេស៊ុយអេឡា​ទន់​ខ្សោយ។

​យោងតាម​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​របស់​មន្រ្តី​វ៉េណេស៊ុយអេឡាទាំង​៤​នាក់​នោះ​ដែល​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ត្រូវ​បង្កក​ទុក ​ហើយ​ពលរដ្ឋ​អាមេរិកកាំងត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ទាក់​ទងជាមួយ​ពួកគេ៕