សហរដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្ម​ភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី​បួន​នាក់​ក្នុង​ករណី​បំពុល​លោក​ Alexey Navalny

រូបឯកសារ៖ មេដឹកនាំនយោបាយប្រឆាំងរបស់រុស្ស៊ី លោក Alexey Navalny ត្រូវបានឃាត់ខ្លួនដោយប៉ូលិស នៅទីក្រុងមូស្គូ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៧។ (Evgeny Feldman for Alexey Navalny's campaign photo via AP)

កាលពី​ថ្ងៃព្រហស្បតិ៍​ សហរដ្ឋ​អាមេរិកបាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​លើភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី​បួន​នាក់​ ដែល​អាមេរិក​ចោទ​ប្រកាន់​ថា​ទាក់ទិន​នឹងការបំពុល​លោក Alexey Navalny​ មេដឹកនាំ​ក្រុមប្រឆាំង​នៅ​រុស្ស៊ី ​កាលពី​ឆ្នាំ ២០២០។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកបាននិយាយថា​ ជនជាតិ​រុស្ស៊ី​បួន​នាក់​នេះ​ធ្វើការ​ទាក់ទិន​ជាមួយសេវា​សន្តិសុខ​សហព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ក្រុម​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកាំង​បានរាំង​ខ្ទប់​ធនធាន​ដែល​ពួកគេ​មាន​នៅ​អាមេរិក ​ហើយ​បាន​ហាមប្រាម​ជន​ទាំងនេះ​មិន​ឱ្យ​ប្រកប​កិច្ចការ​ជំនួញ​ក្នុង​សហរដ្ឋ​អាមេរិក ​នៅ​ពេល​ដែល​ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ចប់​សិទ្ធិ​ទិដ្ឋាការ​មិន​ឱ្យ​ពួក​គេ​ចូល​ក្នុងសហរដ្ឋ​អាមេរិក​ឡើយ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​លោក Brian Nelson ​មន្ត្រី​ខាង​ការប្រឆាំង​នឹង​ភេរវកម្ម​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​និយាយ​ថា៖ «នៅ​ថ្ងៃនេះ​ យើង​រំលឹក​លោក Vladimir Putin ​និង​របប​គ្រប់គ្រង​របស់​លោក​ថា​ មាន​ផលវិបាក​មិនមែន​សម្រាប់តែ​ការធ្វើ​សង្គ្រាម​ដ៏​ឃោរឃៅ​និង​មិន​សម​ហេតុផលប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​តែប៉ុណ្ណោះ​ទេ​ តែក៏​មាន​ផលវិបាក​ដែរ​ដោយសារ​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​របស់​ប្រជារាស្ត្រ​រុស្ស៊ី»។

លោក Nelson ​បាន​ថ្លែង​បន្ត​ថា៖ «ការប៉ុនប៉ងធ្វើឃាត​លោក Alexey Navalny កាលពី​ឆ្នាំ ២០២០ ​ជា​ការបំពាន​របស់​វិមាន​ក្រឹមឡាំងលើ​សិទ្ធិមនុស្ស ​ហើយ​យើង​នឹង​បន្ត​ប្រើប្រាស់​អំណាចដែល​យើង​មាន​ដើម្បី​ឱ្យ​ពួក​ឃាតករ​របស់​វិមាន​ក្រឹមឡាំង​ទទួល​ខុស​ត្រូវ​ដល់​សកម្មភាព​របស់​ពួកគេ‍»។

លោក Navalny ដែល​ជាអ្នក​រិះគន់ ​លោក​ Putin ​យូរយា​មកហើយ ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ខែមករា​ឆ្នាំ​ ២០២១ ​ក្រោយ​ពីបាន​វិលត្រឡប់​មកកាន់​ក្រុង​មូស្គូ​វិញ​ពី​ប្រទេស​អាល្លឺម៉ង់​ ដែល​នៅ​ទីនោះ​ក្រុម​វេជ្ជបណ្ឌិត​លោកខាង​លិច​បានព្យាបាល​លោក​ពី​អ្វីដែល​ក្រុម​គ្រូពេទ្យ​ទាំងនេះ​និយាយថា​ជា​ការ​បំពុល​ដោយ​សារធាតុ ​nerve agent ​ពី​សម័យ​សហភាព​សូវៀត។

នៅ​ពេល​មួយ​នោះ​ វិមាន​ក្រឹមឡាំងបានចោទ​ប្រកាន់​លោក​ Navalny ​ថា​ធ្វើការ​ឱ្យ​ CIA ​ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​រុស្ស៊ី។ ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បានបដិសេធ​ថា​ ខ្លួន​គ្មាន​ទាក់ទង​នឹង​អ្វី​ដែល​បាន​កើត​មាន​ដល់​លោក Navalny ​ទេ ​ហើយ​បាន​បដិសេធ​ថា​ ខ្លួន​ក៏មិនបាន​ធ្វើ​ទុក្ខបុកម្នេញ​លោកទេ៕