ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​វេជ្ជបណ្ឌិត៖ ការ​​ចូល​សួរ​សុខទុក្ខ​លោក Navalny អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី មិន​ត្រូវបាន​អនុញ្ញាត


រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅមន្ទីរឃុំឃាំង IK-3 ដែលលោក Alexie Navalny មេដឹកនាំក្រុមអ្នករិះគន់រដ្ឋាភិបាលរុស្ស៊ី កំពុងជាប់ឃុំឃាំង នៅក្រុង Vladimir ភាគខាងកើតរដ្ឋធានីមូស្គូ រុស្ស៊ី កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅមន្ទីរឃុំឃាំង IK-3 ដែលលោក Alexie Navalny មេដឹកនាំក្រុមអ្នករិះគន់រដ្ឋាភិបាលរុស្ស៊ី កំពុងជាប់ឃុំឃាំង នៅក្រុង Vladimir ភាគខាងកើតរដ្ឋធានីមូស្គូ រុស្ស៊ី កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១។

ខណៈ​ដែល​សុខភាព​របស់​លោក Alexey Navalny អ្នករិះគន់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង កាន់តែ​ដុនដាបឡើង​ដោយសារ​កូដកម្ម​បង្ហត់​អាហារ​របស់​លោក​នៅ​ក្នុង​មន្ទីរឃុំ​ឃាំង​នៅ​ប្រទេស​រុស្ស៊ី​នោះ មិនមានវេជ្ជបណ្ឌិត​ផ្ទាល់​ខ្លួន​របស់​លោក​ណា​ម្នាក់ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ជួប​លោក​នោះទេ។

ក្រុម​វេជ្ជបណ្ឌិត​របស់​លោក Alexey Navalny អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​កំពុង​ជាប់​ឃុំ និយាយ​ថា ពួកគេ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ជួប​លោក Navalny ទោះបី​ជា​មាន​សេចក្តី​រាយការណ៍​ថា ​លោក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ដោយសារ​កូដកម្ម​បង្អត់​អាហារ​ក៏ដោយ។

អ្នកស្រីវេជ្ជបណ្ឌិត Anastasia Vasilyevaដែល​ជា​វេជ្ជបណ្ឌិត​មួយ​រូប​របស់​លោក Navalny អះអាង​ថា អ្នកស្រី​និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​បី​នាក់​ផ្សេង​ទៀត​បាន​ព្យាយាម​ចូល​សួរសុខទុក្ខ​លោក Navalny នៅ​ក្នុង​គ្លីនិក​របស់មន្ទីរ​ឃុំឃាំង ក៏​ប៉ុន្តែត្រូវ​បាន​គេ​មិន​អនុញ្ញាតឲ្យ​ចូល។ អ្នកស្រី​បន្ថែម​ថា​ក្រុម​វេជ្ជបណ្ឌិត​បាន​រង់ចាំ​នៅ​ខាង​ក្រៅ​ទ្វារ​មន្ទីរ​ឃុំឃាំង​ក្នុង​រយៈពេល​ជា​ច្រើន​ម៉ោង។

អ្នក​ស្រី Vasilyeva បាន​បង្ហោះ​សារ​លើ​បណ្តាញសង្គម Twitter ​ថា៖ «វា​ជា​ការ​បង្ហាញ​ពីការ​មិន​គោរព​និង​ការ​ឌឺដង​ដល់​វេជ្ជបណ្ឌិត»។

អ្នក​ស្រី​ក៏​បាន​បញ្ជាក់​ថា៖ «អាយុ​ជីវិត​និង​សុខភាពរបស់​លោក Navalny ពិត​ជា​ស្ថិត​ក្នុង​គ្រោះថ្នាក់»។

កាលពី​ថ្ងៃអាទិត្យ លោក Navalny ត្រូវបាន​គេនាំ​ចេញ​ពី​មន្ទីរ​ឃុំឃាំង​ដាច់ស្រយាល​ភាគ​ខាង​កើត​ទីក្រុង​មូស្គូ​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​មួយ​ក្នុង​ទីក្រុង Vladimir ដែល​ស្ថិត​នៅចម្ងាយ​១៨០​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​រដ្ឋធានី​មូស្គូ។

កាលពី​ថ្ងៃចន្ទ មន្ត្រី​ប្រចាំ​មន្ទីរ​ឃុំឃាំង​រុស្ស៊ី​មួយ​នោះ បាន​បញ្ជាក់​ថា ស្ថានភាព​លោក Navalny គឺ «អាច​ទទួល​យក​បាន» ប៉ុន្តែ​វេជ្ជបណ្ឌិត​ម្នាក់​ទៀត​របស់​លោក​គឺ​លោក​វេជ្ជបណ្ឌិត Yaroslav Ashikhmin បាន​និយាយ​ថា លោក Navalny មាន​កម្រិត​ជាតិប៉ូតាស្យូម​ខ្ពស់​ដែល​អាច​បណ្តាល​ឲ្យ​គាំង​បេះដូង ហើយ​កម្រិត​ក្រេអាទីន​កើនឡើង ដែលបាន​បង្ហាញ​ពី​ស្ថានភាព​តម្រង​នោម​ចុះ​ខ្សោយ។​

លោក Navalny អាយុ​៤៤​ឆ្នាំ បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​បង្អត់​អាហារ​កាលពី​ចុង​ខែ​មីនា​ដើម្បី​តវ៉ា​ចំពោះ​កង្វះ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​សម្រាប់​ការឈឺ​ចុកចាប់​ជើង​និង​ខ្នង​ធ្ងន់ធ្ងរ​របស់​លោក។

លោក Navalny បាន​រួច​រស់រាន​មាន​ជីវិត​ពី​ការ​ដាក់​ថ្នាំ​បំពុល​ដ៏​ប្រល័យកាលពី​ឆ្នាំ​មុន​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​នៅពេល​ដែល​លោក​បាន​ត្រឡប់​មក​កាន់​ទីក្រុង​មូស្គូ​វិញ​កាលពី​ខែមករា បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​នៅ​ប្រទេស​អាល្លឺម៉ង់។ រដ្ឋាភិបាលរុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​មិន​មាន​តួនាទី​នៅ​ក្នុង​ការ​បំពុល​នោះ​ទេ។

លោក ​Navalny ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ ឆ្នាំ​កន្លះ​ កាលពី​ខែ​កុម្ភៈ​ពីបទ​លួច​បន្លំ​ប្រាក់និង​ត្រូវបាន​ឃុំ​ទុក​នៅ​មន្ទីរ​កែប្រែ Pokrov ដែល​លោក​បាន​ពណ៌នា​ថា​ជា «ជំរំ​អប់រំ​មួយ»។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​បាន​ដាក់ទណ្ឌក​ម្មមន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ពី​ការ​ដាក់​ថ្នាំ​បំពុល​នោះ​ ហើយ​ប្រទេស​ជាច្រើន​ទៀត​ក៏​បានអំពាវនាវ​ឲ្យ​ដោះលែង​លោក Navalny ផងដែរ។

នៅពេល​ដែល​សុខភាព​របស់​លោក Navalny កាន់តែ​ដុនដាប​ឡើង​នោះ អាជ្ញាធរ​រុស្ស៊ី​បាន​ស្នើ​ទៅ​កាន់​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុង​មូស្គូឲ្យ​ប្រកាស​ដាក់​អង្គការ​របស់​លោក Navalny ដែល​ជា​មូលនិធិប្រឆាំង​អំពើពុក​រលួយ​មួយ​ជា​អង្គការ​ជ្រុល​និយម។

សម្ព័ន្ធមិត្ត​និង​អ្នក​គាំទ្រ​លោក Navalny បាន​អំពាវ​នាវ​ឲ្យ​មាន​បាតុកម្ម​ទូទាំង​ប្រទេស​រុស្ស៊ី​បន្ថែម​ទៀត៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG