មនុស្ស​៤​នាក់​ត្រូវ​បាន​ដាក់​​ទណ្ឌកម្ម​ទាក់​ទិន​នឹងការ​ជ្រៀត​ជ្រែក​របស់​​រុស្ស៊ី​ក្នុង​​ការ​​បោះ​​ឆ្នោត​​ប្រធា​នា​ធិប​តី​​អាមេរិក​

រូបឯកសារ៖ សមាជិក​រដ្ឋ​សភា​អ៊ុយក្រែន លោក Andrii Derkach ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ខែ​តុលា ២០១៩។

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​ដាក់​ទណ្ឌ​កម្ម​ភ្នាក់ងារ​៤នាក់​ដែល​ជាប់​ទាក់​ទិន​នឹង​រុស្ស៊ី​ដោយ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពីការ​ព្យាយាម​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​នៅ​ពេល​ខាង​មុខ​នេះ។

បុគ្គល​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​នោះ​មាន​លោក​ Andrii Derkach សមាជិកសភាអ៊ុយក្រែន​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី និង​ភ្នាក់ងារ​៣​នាក់​ទៀតដែល​មាន​ទីតាំង​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​ជាប់​ទាក់​ទិន​នឹង​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត​រុស្ស៊ី ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ St. Petersburg។

ការដាក់​ទណ្ឌកម្ម​នេះ​កើត​មាន​ឡើង​ នៅ​ពេល​ដែល​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ​ និង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូលៗ​ផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក​បាន​ទទូច​ថា ​គឺ​ប្រទេស​ចិន​ទេ​ដែល​ធ្វើ​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតីថ្ងៃទី៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ​មិន​មែន​ប្រទេស​រុស្ស៊ី​នោះ​ទេ។

លោក Steven Mnuchin រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​ថា៖ «លោក​ Derkach​ និង​ភ្នាក់ងារ​រុស្ស៊ី​ឯទៀត​ ប្រើ​ប្រាស់​ការ​បំភ័ន្ត​ដើម្បី​ព្យាយាម​ជះ​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ជុំវិញ​ពិភពលោក។ លោក​បន្ត​ថា ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ប្រើប្រាស់​វិធានការណ៍​ដែល​ខ្លួន​មាន​ទាំង​អស់​ដើម្បី​តបត​នឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ និង​ដើម្បី​ពង្រឹង​ការ​ជឿទុក​ចិត្ត​លើ​ប្រព័ន្ធ​បោះឆ្នោត​របស់​យើង។

ទណ្ឌកម្ម​របស់​អាមេរិក​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កក​ហិរញ្ញវត្ថុ ​និង ទ្រព្ធ​សម្បត្តិ​របស់​បុគ្គល​ទាំង​៤​នាក់​នោះ ​ហើយ​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ជំនួញ​ជាមួយ​ពួក​គេ៕