កិច្ចប្រឹងប្រែងចុងក្រោយបំផុត ដើម្បីនាំមកនូវយ៉ាងហោចណាស់ការផ្អាកការបាញ់គ្នាជាបណ្ដោះអាសន្នមួយក្នុងប្រទេសស៊ីរី បានបន្តធ្វើនៅថ្ងៃច័ន្ទនេះ ដោយស.រ.អា និងរុស្សី ព្យាយាមបញ្ចុះបញ្ចូលភាគីជម្លោះ ឲ្យទទួលយកសំណើរឈប់បាញ់គ្នាមួយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃែរី (John Kerry) បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ត្រូវបានសម្រេចបានជាមួយប្រទេសរុស្សី ហើយកិច្ចព្រមព្រៀងនេះអាចចាប់ផ្តើមអនុវត្តក្នុងរយៈពេលពីរបីថ្ងៃទៀតនេះ។
លោក ឃែរី បានជជែកតាមទូរស័ព្ទជាមួយសមភាគីរុស្សីរបស់លោកគឺ លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov។ ក្រសួងការបរទេសរុស្សីនិយាយថា ប្រទេសមហាអំណាចទាំងពីរបានព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃបទឈប់បាញ់គ្នានេះហើយ។ ប៉ុន្តែប្រមុខការទូតនៃប្រទេសទាំងពីរមិនបានបញ្ចេញឲ្យដឹងអំពីសេចក្តីពិស្តារនៃបទឈប់បាញ់គ្នានេះទេ។
ទោះបីជាការចរចាម្តងទៀតនេះ បានផ្តោតទៅលើការឈប់បាញ់គ្នាក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតឡើងកាលពីថ្ងៃអាទិត្យ ដោយមានការវាយប្រហារដោយគ្រាប់បែកក្នុងទ្រង់ទ្រាយធំ ដែលក្រុមរដ្ឋឥស្លាមនៅក្រុង DamasនិងHoms អះអាងទទួលខុសត្រូវ។ ការវាយប្រហារនៅក្រុងDamas បានសម្លាប់មនុស្សអស់យ៉ាងតិច៨៣នាក់ និងការវាយប្រហារមួយទៀតនៅក្រុងHoms បានសម្លាប់មនុស្សអស់៥៩នាក់៕