សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ចាប់ផ្តើម​ការចរចា​ស្របពេល​មាន​ការតានតឹង​នៅ​អ៊ុយក្រែន

អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ស្រី Wendy Sherman និង​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov ចូល​រួម​កិច្ច​ប្រជុំ​សន្តិសុខ​នៅ​ទី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២។

ពួក​អ្នក​ការទូត​មកពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី បាន​ជួប​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ទីក្រុង​ហ្សឺណែវ​ដោយ​បាន​ចាប់ផ្តើម​ការចរចា​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់​នៅ​សប្តាហ៍​នេះ​ចំពោះ​ការ ដាក់​ពង្រាយ​កងទ័ព​ដ៏​ច្រើន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​តាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជាមួយអ៊ុយក្រែន​និង​ការទាមទារ​របស់​រុស្ស៊ី​ឲ្យ​មាន​ការធានា​សន្តិសុខ​ពី​ប្រទេស​លោក​ខាង​លិច។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ជំនួប​នេះ​បាន​ចាប់ផ្តើម​នៅ​មុន​ម៉ោង៩​ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុក ហើយ​បញ្ជាក់​ដែរ​ថា ភាគី​សហរដ្ឋ​អាមេរិក បាន​ពិគ្រោះ​មិន​ត្រឹម​តែ​ជាមួយ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាមួយ​អង្គការ​អូតង់​និង​សម្ព័ន្ធមិត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក តាំងចិត្ត​ដល់​គោលការណ៍​រួមគ្នា​និងការ​សម្រេច​រួមគ្នា ក្នុង​រឿង​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​អឺរ៉ុប​និង​ដៃគូ​របស់​យើង រួម​ទាំង​ប្រទេស​អ៊ុយក្រែន​ផង។ យើង​ស្តាប់​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​គ្រប់​កម្រិត ហើយ​យើង នឹង​បន្ត​ធ្វើ​ដូច្នេះ​ទៅថ្ងៃមុខ»។

បន្ទាប់ពី​ការ​ចរចា​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​មក រុស្ស៊ី​នឹង​ធ្វើការ​ចរចា​ជាមួយ​អង្គការ​អូតង់​នៅ​ទីក្រុងព្រុចសែល​នៅ​ថ្ងៃ​ពុធ​និង​ជាមួយ​អង្គការ​ដើម្បី​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​វីយែន។

មុន​សម័យ​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ ពួក​អ្នក​ការទូត​កំពូល​មកពី​ប្រទេស​ទាំង​២ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​តិចតួច​ថា ការតានតឹង​រវាង​ប្រទេស​ទាំង២ នឹង​ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​សប្តាហ៍​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រាប់​កម្មវិធី "State of the Union” របស់​បណ្តាញ​ទូរទស្សន៍ CNN ថា៖ «ពិបាក​ឃើញ​ការជឿនលឿន​ណាស់ ពេលមាន​ការ​ភ្ជង់​កាំភ្លើង​ដាក់​អ៊ុយក្រែន​បែបនេះ»។

លោក Blinken ថ្លែងថា៖ «យើង​នឹង​ស្តាប់​កង្វល់​របស់​រុស្ស៊ី» អំពី​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​អង្គការ​អូតង់​នៅ​តំបន់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត។ ប៉ុន្តែ​លោក​បន្ថែម​ថា​ពួកគេ​នឹង​ត្រូវ​ស្តាប់​កង្វល់​របស់​យើង​អំពី​ការដាក់​ពង្រាយ​កងទ័ព​រុស្ស៊ី​ប្រហែល​១សែន​នាក់​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​កើត​របស់​អ៊ុយក្រែន​ផងដែរ៕

ព័ត៌មាន​មួយចំនួន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មានReuters។