អង្គការសិទ្ធិមនុស្សHuman Rights Watch នៅថ្ងៃសុក្រនេះបានចោទរដ្ឋាភិបាលកម្ពុជាថាកំពុងធ្វើទុក្ខបុកម្នេញលើអ្នកកាសែតឯករាជ្យ ក្រោយអ្នកកាសែតនៅខេត្តកោះកុងម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីបទញុះញង់ ចំពោះការធ្វើសេចក្តីរាយការណ៍ជម្លោះដីធ្លីដែលអាជ្ញារខេត្តចោទថាមិនពិត។
ចាងហ្វាងគេហទំព័រសារព័ត៌មាន Koh Kong Hot News [កោះកុងព័ត៌មានទាន់ហេតុការណ៍] លោកយួន ឈីវ ត្រូវបានសាលាដំបូងខេត្តកោះកុងកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ឲ្យជាប់ពន្ធនាគារ១ឆ្នាំពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» និងពិន័យជាប្រាក់ពីរលានរៀល (ឬប្រមាណ៥០០ដុល្លារអាមរិក)។
តុលាការខេត្តកោះកុងចោទលោក យួន ឈីវ ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងពេលគាត់រាយការណ៍ព័ត៌មាននិងធ្វើការអធិប្បាយតាមហ្វេសប៊ុក ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិនៃសួនឧស្យានជាតិបូទុមសាគរក្នុងខេត្តកោះកុង។ មុលពេលលោកត្រូវតុលាការកាត់ទោស លោកយួន ឈីវ ត្រូវបានអភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី ប្តឹងពីបទបរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ប្រចាំតំបន់អាស៊ីលោក Phil Robertson ចាត់ទុកការចោទប្រកាន់លើលោកយួន ឈីវ ថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងបានចោទថារដ្ឋាភិបាលកម្ពុជាកំពុងបំបិទសំឡេងអ្នកកាសែត និងស្ថាប័នព័ត៌មានឯករាជ្យដែលនៅសេសសល់មួយចំនួនតូចនៅក្នុងប្រទេស។
លោកថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាខេមរភាសាក្នុងន័យដើមថា៖ «ដោយការយកលេសនៃការ ប្រឆាំងអ្វីដែលចាត់ទុកថាជា ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិតនោះ រដ្ឋាភិបាលកំពុងបែរទៅរកការយកមកផ្តន្ទាទោសព្រហ្មទណ្ឌក្នុងប្រព័ន្ធតុលាការកម្ពុជា ដែលត្រូវធ្វើឲ្យក្លាយជាស្ថាប័ននយោបាយ មកដាក់គោលដៅលើអ្នកកាសែតឯករាជ្យ តាមរយៈការចោទប្រកាន់ដែលយកជាការមិនបាន»។
លោកស្នើឲ្យរដ្ឋាភិបាលបរទេស ទាមទារជាបន្ទាន់ និងជាសាធារណៈថា ប្រព័ន្ធផ្សព្វផ្សាយតាម បណ្តាញ អ៊ិនធើណិតឯករាជ្យ និងអ្នកកាសែតរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ត្រូវបានការពារពីការបង្ក្រាបរបស់រដ្ឋាភិបាលមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក Phil Robertson បន្ថែមថា៖ «សហគមន៍អន្តរជាតិ មានកាតព្វកិច្ចដើម្បីទាមទារថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិត្រូវបានគោរព ដោយចាប់ផ្តើមពីថ្ងៃនេះជាមួយការជំរុញឲ្យបញ្ចប់ការយាយី និងការផ្តន្ទាទោសលោកយួន ឈីវ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សលើកឡើងទៀតថា កម្ពុជាអាចប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ដែលបង្កើតឡើងដើម្បីកែស្ថានការណ៍ ដែលអត្ថបទព័ត៌មានត្រូវគេជឿថា ផ្តល់ព័ត៌មានបង្កការភ័ន្តច្រឡំ និងមិនត្រឹមត្រូវនោះ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុងលោកវ៉ៃ ភីរម្យ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការអធិប្បាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch មិនត្រូវនឹងស្ថានភាពពិតដែលលោកយួន ឈីវ បានធ្វើសេចក្តីរាយការណ៍មិនពិតនានា នាំឲ្យសាធារណជនមានការយល់ច្រឡំមកលើអាជ្ញាធរមានសមត្ថកិច្ច។ លោកនិយាយថា លោកយួន ឈីវ មានជម្រើសតែមួយគឺការប្តឹងជំទាស់នឹងសាលក្រមសាលាដំបូងខេត្តកោះកុង។
«អីចឹងទេ ផ្អែកលើមូលដ្ឋាននៃការស្នើសុំ ឲ្យមានការទម្លាក់បទចោទ ឬក៏លុបចោលការចោទប្រកាន់ឬក៏ផ្តន្ទាទោសផ្សេងៗ អាហ្នឹងជាសិទ្ធិរបស់គាត់»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន ហៅប្រតិកម្មរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថាជាទម្លាប់ច្រំដែលក្នុងការរិះគន់ដោយគ្មានមូលដ្ឋានចំពោះវិធានការច្បាប់របស់អាជ្ញាធរកម្ពុជា។
គួរបញ្ជាក់ថា លោក យួន ឈីវ បានទទួលរងពាក្យបណ្តឹងរបស់អភិបាលរងខេត្ត លោក សុខ សុទ្ធី ក្រោយពីរដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយច្រានចោលសេចក្តីរាយការណ៍នានាកន្លងមករបស់លោកយួន ឈីវ និងបានចោទលោក យួន ឈីវ ថា បានផ្សព្វផ្សាយព័ត៌មាន«ខុសពីការពិត ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌» ហើយថា អ្នកកាសែតរូបនោះ ក៏ស្ថិតក្នុងចំណោមក្រុមបុគ្គលដែលចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបូទុមសាគរក្នុងខេត្តកោះកុងផងដែរ។
នៅមុនពេលតុលាការកាត់ទោសលោកយួន ឈវី រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ក៏បាន ចេញបញ្ជាឲ្យអ្នកនៅក្រោមបង្គាប់លោកប្តឹងអ្នកកាសែតប្រចាំខេត្តកោះកុងរូបនេះផងដែរ។ លោកទៀ បាញ់ ចាត់ទុកការផ្សព្វផ្សាយព័ត៌មានរបស់លោកយួន ឈីវថា ជាព័ត៌មាន«ខុសការពិត មិនគ្រប់ជ្រុងជ្រោយ និងបង្កភាពចលាចលក្នុងសង្គម»៕