អាមេរិក​ដក​ហូត​ទិដ្ឋាការ​របស់​និស្សិត​ចិន​ជាង​១.០០០​នាក់

រូប​ឯកសារ៖ និស្សិត​ចិន​​រង់ចាំ​នៅ​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​២០១២ ដើម្បី​សម្ភាសន៍​យក​ទិដ្ឋាការ​។​

រដ្ឋាភិបាល​អាមេរិក​បាន​ឲ្យ​ដឹងថា ខ្លួនបាន​ដក​ហូត​ទិដ្ឋាការ​របស់​ជនជាតិ​ចិន​ជាង​១.០០០ នាក់​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​មាន «ហានិភ័យ​ខ្ពស់» ដល់​សន្តិសុខ​សហរដ្ឋ​អាមេរិក​ព្រោះពួកគេត្រូវ​ជាប់​សង្ស័យ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​យោធា​ចិន។

​ក្រសួងការ​បរទេស​អាមេរិកបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ការដក​ហូត​ទិដ្ឋាការ​នេះ ត្រូវ​បាន​អនុញ្ញាត​ដោយ​សេចក្ដី​ប្រកាស​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​Donald Trump កាល​ពី​ថ្ងៃទី ២៩ ខែឧសភា។ សេចក្ដី​ប្រកាស​នោះ​សំដៅ​លើ​និស្សិត ដែល​ធ្លាប់​សិក្សា​នៅ​មហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យនៅ​ក្នុង​ប្រទេស​ចិន និង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កង​ទ័ព​រំដោះ​ប្រជាជន​របស់​ចិន។

រដ្ឋបាល​លោក​ Trump បាន​ចោទ​និស្សិត​ចិនទាំង​នោះថា មក​សហរដ្ឋ​អាមេរិក​ដើម្បី​លួច​កម្មសិទ្ធិ​បញ្ញា ដើម្បី​យក​ទៅ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​យោធា​របស់​ប្រទេស​ចិន។

ស្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា​«និសិត្ស​ឧត្តមសិក្សា និង​អ្នក​ស្រាវជ្រាវចិន​ដែល​មាន​ហានិភ័យ​ខ្ពស់» ជាង ១.០០០ នាក់​ ដែល​ទិដ្ឋាការ​របស់​ពួក​គេ​ត្រូវ​បាន​ដក​ហូត កាល​ពី​ថ្ងៃ​ទី១ ខែមិថុនា គ្រាន់តែ​ជា​ចំនួន​ដ៏​តិច​តួច​មួយ​នៃ​និស្សិត​ចិន​សរុប​ជាង​៣៦.០០០​នាក់​ដែល​កំពុង​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោកស្រី​បញ្ជាក់​ថា សហរដ្ឋ​អាមេរិកនៅ​តែ​ស្វាគមន៍​និស្សិត និង​អ្នក​ស្រាវជ្រាវ​មក​ពី​ប្រទេស​ចិន​ណា​ដែល​មិន​ជួយ​ដល់ការ​ប៉ុនប៉ង​គ្របដណ្តប់​ខាង​វិស័យ​យោធា នៃ​បក្សកុម្មុយនិស្ត​ចិន​នោះ។

នៅ​ថ្ងៃ​ព្រហស្សតិ៍ ចិន​បាន​ចោទ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ថា​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែកនយោបាយ និង ធ្វើការ​រើសអើង​ពូជសាសន៍៕