អភិបាល​រដ្ឋ​និង​ក្រុង​​របស់​អាមេរិក​​បង្កើន​វិធានការ​រឹតត្បិត​ទប់ស្កាត់​​កូវីដ១៩ នៅ​​មុន​​​ថ្ងៃ​បុណ្យ​ដឹង​គុណ​ Thanksgiving

រូបឯកសារ៖ មនុស្ស​ម្នា​ពាក់ម៉ាស់​ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ ខណៈ​ឈរ​រង់ចាំ​ចូល​ទិញ​ម្ហូបអាហារ​នៅ​ក្នុង​ផ្សារ​មួយ នៅ​សង្កាត់ Queens ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

តាំង​ពី​រដ្ឋ​ California ​រហូត​ដល់រដ្ឋ​ Pennsylvania ​អភិបាល​រដ្ឋ​និង​អភិបាល​ក្រុង​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​វិធានការរឹតត្បិតទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ចំ​ពេល​មាន​ការ​ផ្ទុះ​ឆ្លង​រាតត្បាត​ជាថ្មី​នូវ​វីរុស​នេះ ដែល​កាន់តែ​ធ្ងន់​ធ្ងរ​ ដោយសារ​ការ​ធ្វើ​ដំណើរ​និង​គ្រួសារ​ជួបជុំគ្នា​ក្នុង​អំឡុងពេល​បុណ្យដឹងគុណ ឬ Thanksgiving នៅ​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AP។​

អភិបាល​នានាកំពុង​បិទ​អាជីវកម្ម​ឬ​កាត់បន្ថយ​ម៉ោង​បើកហាងនិង​ប្រតិបត្តិការ​ផ្សេងៗ ​ហើយ​ពួកគេ​កំពុង​ដាក់​កំហិត​មិន​ឱ្យ​ប្រជាជន​ចេញ​ពី​ផ្ទះ​ និង​រក្សា​គម្លាត​ពី​គ្នា​ដើម្បី​ជួយ​ទប់ស្កាត់​ការ​កើនឡើង​នៃ​ការ​ឆ្លង​ដែល​គំរាម​កំហែង​ដល់​ប្រព័ន្ធ​សុខាភិបាល។​

លោក​ Phil Murphy ​អភិបាល​រដ្ឋ​ New Jersey ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា៖ «ខ្ញុំ​ត្រូវតែ​រឹត​បន្តឹង​ម្តង​ទៀត» ខណៈ​ពេល​លោក​ប្រកាស​បន្ថយ​ចំនួន​មនុស្ស​ជួប​ជុំគ្នា​នៅ​ក្នុង​ផ្ទះ​ពី​២៥​នាក់​មក​នៅ​ត្រឹម​១០នាក់​នោះ។ លោក​ថ្លែង​ទៀត​ថា​៖ «ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ដែលត្រូវ​សម្រេច​អ៊ីចឹង​នោះ​ទេ»។

អភិបាល​រដ្ឋ California ​លោក​ Gavin Newsom ​បាន​ប្រកាស​ថា​ លោក​នឹងត្រូវ​ទប់ស្កាត់​បន្ទាន់កិច្ច​ប្រឹងប្រែងបើក​សេដ្ឋកិច្ច​ឡើងវិញ ​ដោយ​និយាយ​ថា​ រដ្ឋ​នេះ​កំពុង​មាន​ការ​ឆ្លង​លឿន​បំផុត ហើយបើ​មិន​បាន​ត្រួត​ពិនិត្យ​ទេ​ វា​នឹង​នាំ​ឱ្យ​មាន​ «មហន្តរាយ»។​ វិធានការ​នេះ​បិទ​អាជីវកម្មជាច្រើន​ដែល​មិនចាំបាច់​និង​តម្រូវ​ឱ្យ​ពាក់ម៉ាស់​នៅ​ខាង​ក្រៅផ្ទះ ​ដោយ​មាន​ករណី​លើក​លែង​តិចតួច។​

នៅ​ពេល​នេះ សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់ជាមធ្យម​ជាង​១.១០០​នាក់​ក្នុង​មួយ​ថ្ងៃ​ពីជំងឺ​កូវីដ១៩ ដែល​ចំនួននេះ​ជា​ការ​កើនឡើង​៥០%លើស​តួលេខ​ពី​ដើម​ខែ​តុលា​មក ហើយ​ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​សរុប​ជាង​២៤៦.០០០​នាក់​ និង​ឆ្លង​ដល់ប្រជាជន​អាមេរិក​ជាង​១១​លាន​នាក់៕