កាលពីថ្ងៃច័ន្ទ សមាជិកព្រឹទ្ធសភាស.រ.អា. ៤៧នាក់ខាងគណបក្សសាធារណរដ្ឋបានព្រមានដល់ប្រទេសអ៊ីរ៉ង់ (Iran) ថា កិច្ចព្រមព្រៀងបរមាណូណាមួយដែលអ៊ីរ៉ង់ធ្វើការចរចាជាមួយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាអាចមានសុពលភាពនៅត្រឹមពេលលោកប្រធានាធិបតីកាន់តំណែងរហូតដល់ដើមឆ្នាំ២០១៧ ប៉ុណ្ណោះ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់រដ្ឋាភិបាលក្រុងតេហេរ៉ង (Teheran) ក្រុមសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋទាំងនេះបាននិយាយថា ប្រសិនបើកិច្ចព្រមព្រៀងណាមួយដែលកំពុងត្រូវធ្វើការចរចាជាមួយស.រ.អា.និងបណ្តាប្រទេសមហាអំណាចទាំង៥ទៀតក្នុងពិភពលោក មិនបានទទួលការយល់ព្រមពីសភាទេ ពួកគេនឹងចាត់ទុកកិច្ចព្រមព្រៀងនេះថា«គ្មានអ្វីក្រៅពីកិច្ចព្រមព្រៀងខាងនីតិប្រតិបត្តិមួយ»រវាងលោកអូបាម៉ានិង Ayatollah Ali Khamenei មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ងនោះទេ។
ក្រុមសាធារណរដ្ឋទាំងនេះបាននិយាយថា ដោយគ្មានការយល់ព្រមពីសភាចំពោះកិច្ចព្រមព្រៀងរមាណូមួយជាមួយប្រទេសអ៊ីរ៉ង់ ប្រធានាធិបតីស.រ.អា. ជំនាន់ក្រោយ«អាចលប់ចោលកិច្ចព្រមព្រៀងនីតិប្រតិបត្តិមួយបែបនេះ ដោយការចុះហត្ថលេខាតែមួយខ្វោក ហើយសភាស.រ.អា.ក្នុងពេលអនាគតអាចកែប្រែល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះនៅពេលណាក៏បាន។»
ក្រុមសមាជិកសភាទាំង៤៧នាក់ក្នុងបណ្តាសមាជិក៥៤នាក់នៃគណបក្សសាធារណរដ្ឋបានព្រមានថា នៅពេលដែលលោកអូបាម៉ាចាកចេញពីតំណែងក្នុងរយៈពេលតិចជាងពីរឆ្នាំទៀតតាមការតម្រូវក្នុងរដ្ឋធម្មនុញ្ញរបស់ស.រ.អា. នោះ ពួកគេជាច្រើននាក់អាចកាន់តំណែងជាសមាជិកសភាស.រ.អា.ជាច្រើនទសវត្សរ៍ទៀត៕