សមាជិក​ព្រឹទ្ធសភា​ម្នាក់​រិះគន់​លោក​ Trump ដែល​បានវាយ​ប្រហារ​ដោយ​ពាក្យសម្តី​លើ​លោក McCain

រូបឯកសារ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក Johnny Isakson ថ្លែងអំឡុងពេលប្រជុំគណៈកម្មការជំនុំជម្រះមួយ នៅវិមាន Capitol Hill កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។​

លោក Trump បាន​និយាយ​ប្រាប់​ក្រុម​អ្នកកាសែត​កាល​ពី​ថ្ងៃអង្គារ​ថា៖ «ខ្ញុំ​មិន​ដែល​ចូលចិត្តលោក McCain ទេ ហើយ​ខ្ញុំ​នឹង​មិន​ជា​អ្នកចូលចិត្តលោក McCain ជា​ដាច់ខាត»។

កាល​ពី​ថ្ងៃពុធ​ អ្នក​គាំ​ទ្រ​គណបក្សសាធារណរដ្ឋខ្លាំង​ក្លា​ម្នាក់គឺ​លោក Johnny Isakson សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិ​ប្រចាំ​រដ្ឋ​ Georgia បាន​រិះគន់ខ្លាំង​ដល់​លោក​ប្រធានាធិបតី​ Donald Trump ដែល​បាន​ធ្វើការ​វាយ​ប្រហារ​តាមពាក្យ​សម្តី​ច្រើន​ដង​លើ​សព​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោក John McCain ដែល​ធ្លាប់​ជា​បេក្ខជន​ប្រធានាធិបតី​ និង​ជា​អ្នកទោស​សង្គ្រាម​វៀតណាម ដែល​បានទទួល​អនិច្ចកម្ម​ ដោយ​សារ​ជំងឺ​មហារីក​ខួរ​ក្បាល​កាល​ពី​ជិត៧ខែ​មុន​នេះ។

កាល​ពី​ប៉ុន្មានថ្ងៃ​មុននេះ លោក Trump បានធ្វើការ​វាយប្រហារ​តាមពាក្យសម្តី​ជា​ថ្មីទៀត​ប្រឆាំង​នឹង​លោក McCain ដោយ​បន្ទោស​លោក​ថា ​បានញុះញង់ឱ្យ​មានការ​ស៊ើបអង្កេតយ៉ាង​យូរអំពី​ចំណង​ទាក់ទង​របស់ក្រុមអ្នកឃោសនា​បោះឆ្នោត​ឱ្យលោក Trump ជាមួយ​ប្រទេស​រុស្សី​ នៅ​ពេលបោះឆ្នោត​កាលពី​ឆ្នាំ២០១៦ ហើយ​បន្ទាប់​មក​លោក McCain បាន​បោះឆ្នោត​ដាច់​ណាត់ ​ដែល​បានបំផ្លាញកិច្ច​ខិតខំប្រឹងប្រែង​របស់លោក Trump ក្នុង​ការ​រុះរើ​គោលនយោបាយ​ជាតិ​ខាង​ការ​ថែទាំ​សុខភាព​ ដែលជា​ការ​សម្រេចខាង​នីតិបញ្ញត្តិ​សំខាន់​បំផុត​របស់​លោក ប្រធានាធិបតី​ Barack Obama ដែល​បាន​កាន់​តំណែង​មុនលោក។

លោក Trump បាន​និយាយ​ប្រាប់​ក្រុម​អ្នកកាសែត​កាល​ពី​ថ្ងៃអង្គារ​ថា៖ «ខ្ញុំ​មិន​ដែល​ចូលចិត្តលោក McCain ទេ ហើយ​ខ្ញុំ​នឹង​មិន​ជា​អ្នកចូលចិត្តលោក McCain ជា​ដាច់ខាត»។

សមាជិក​សភា​អាមេរិក​ខ្លះ​បាន​រិះគន់​លោក​ Trump អំពី​ការ​វាយ​ប្រហារ​ជាពាក្យ​សម្តី​របស់​លោកមកលើលោក​ McCain ក៏​ប៉ុន្តែ​ប្រហែលគ្មាន​នរណា​រិះគន់លោក Trump ខ្លាំង​ជាង​លោក Isakson ទេ។​ លោក Isakson បានមានប្រសាសន៍​ថា ការ​វាយ​ប្រហារជាពាក្យ​សម្តី​ដោយ​លោក Trump ប្រឆាំងនឹង​លោក McCain «បាន​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​សម្បារ​យ៉ាង​ខ្លាំង»៕