បេក្ខជន​​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ពិភាក្សា​ដេញដោល​ជុំវិញ​បញ្ហា​អន្តោប្រវេសន៍​និង​គោលនយោបាយ​ការបរទេស

(ពី​ឆ្វេង​ទៅ​ស្តាំ) លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​របស់​អាមេរិក លោក Donald Trump និង​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា ថ្លែង​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​ដែល​ឧបត្ថម្ភ​ដោយ​ទូរទស្សន៍ CNN សម្រាប់​តំណែង​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

វេទិកា​ពិភាក្សា​ដេញដោល​ចុងក្រោយ​បំផុត​របស់​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ក្លាយ​ទៅ​ជា​ការ​ពិភាក្សា​ដែល​ស្រែក​គំហក​ដាក់​គ្នា​ ដោយសារ​តែ​បេក្ខជន​ទាំង​អស់​ជជែក​វែក​ញែកទៅ​លើ​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​ គោលនយោបាយ​ការបរទេស​របស់​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​ និង​តម្លា​ភាព​នៃ​ប្រវត្តិ​បង់​ពន្ធ​របស់​បេក្ខជន​នីមួយៗ។ ​

លោក​មហា​សេដ្ឋី​អចលនទ្រព្យ​ Donald Trump បាន​អះអាងម្តង​ហើយ​ម្តង​ទៀត​ថា លោក​នឹង​មិន​ឲ្យ​ប្រទេស​ម៉ិកស៊ិក​ចេញ​ថ្លៃ​សាងសង់​ជញ្ជាំង​ដែល​លោក​បាន​ស្នើ​ឡើង​ឲ្យ​សង់​នៅ​ព្រំ​ប្រទល់​អាមេរិក​ប៉ែក​ខាង​ត្បូង ​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់នោះ​ទេ ហើយ​ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​ក្រុម​មេដឹកនាំ​ប្រទេស​ម៉ិកស៊ិក​ចំពោះ​ការ​សាងសង់​ជញ្ជាំង​នេះ លោក​បាន​និយាយ​ថា ជញ្ជាំង​នោះ​នឹង​មាន​កម្ពស់​ខ្ពស់​ជាង​មុន​ប្រហែល​៣​ម៉ែត្រ។

គូ​ប្រជែង​ដ៏​ប្រកៀកប្រកិត​របស់​លោក គឺ​លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Florida ​និង​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​ Texas បាន​ចោទប្រកាន់​លោក Trump ថា​បាន​ប្រើ​កម្លាំង​ពលកម្មជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​ក្នុង​គម្រោង​សាងសង់​ល្បីៗ​មួយ​ចំនួន​របស់​លោក។ អ្នក​ទាំង​២​បាន​និយាយ​ថា លោក Trump ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន​១​លាន​ដុល្លារ​ចំពោះ​ការ​ជួល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ ​

ទាំង​លោក Rubio និង​លោក Cruz បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​បង្ហាញ​នូវ​ប្រវត្តិ​បង់​ពន្ធ​របស់​ពួកគេ​ជា​សាធារណៈ និង​បាន​រិះគន់​លោកTrump ចំពោះ​ការ​បដិសេធ​មិន​ព្រម​បង្ហាញ​ឯកសារ​បង់​ពន្ធ​របស់​លោក​ជា​សាធារណៈ។ លោក​ Trump ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បង្ហាញ​ឯកសារ​បង់​ពន្ធ​របស់​លោក​ជា​ផ្លូវការ ដរាប​ណា​មាន​ការ​ធ្វើ​សវនកម្ម​ជា​ទៀងទាត់​មួយ។ ការ​បង្ហាញ​ឯកសារ​បង់​ពន្ធ​ជា​សាធារណៈ​គឺ​ជា​ការ​អនុវត្ត​ធម្មតា​មួយ​សម្រាប់​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​អាមេរិក៕