សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេស Solomon Islands បន្ទាប់ពីអវត្តមានអស់ប្រមាណ៣០ឆ្នាំដែលជាផ្នែកមួយនៃការប្រឹងប្រែងដើម្បីប្រជែងនឹងការកើនឡើងនូវឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបង្កើតឡើងវិញនូវប៉ុស្តការទូតជួរមុខនោះជាការបន្តនូវការតាំងចិត្តរបស់យើង ចំពោះប្រជាពលរដ្ឋប្រទេស Solomon Islands និងភាពជាដៃគូរបស់យើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ»។
សហរដ្ឋអាមេរិកបានបិទស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានី Honiara នៃប្រទេស Solomon Islands កាលពីឆ្នាំ១៩៩៣ ក្រោយការបញ្ចប់សង្គ្រាមត្រជាក់ ដែលជាការឆ្ពោះទៅរកការកាត់បន្ថយប៉ុស្តការទូតនានា និងជាការផ្លាស់ប្តូរទៅកាន់តំបន់អាទិភាព។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្តល់សញ្ញាពីបំណងចង់បើកស្ថានទូតរបស់ខ្លួនក្នុងប្រទេសកោះនេះឡើងវិញកាលពីឆ្នាំ២០២២ នៅមុនពេលប្រទេសដែនកោះមួយនេះបានចុះហត្ថលេខលើកិច្ចព្រមព្រៀងសន្តិសុខសម្ងាត់មួយជាមួយប្រទេសចិនកាលពីឆ្នាំ២០២២នោះដែរ។ កិច្ចព្រមព្រៀងនោះ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេស Solomon លោក Manasseh Sogavare និងរដ្ឋាភិបាលក្រុងប៉េកាំងនោះបានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមប្រទេសមហាអំណាចលោកខាងលិច ដែលថាកោះ Solomon អាចនឹងផ្តល់មូលដ្ឋានថ្មីមួយដល់ប្រទេសចិនក្នុងតំបន់ប៉ាស៊ីហ្វិក។
មន្ត្រីការទូតអាមេរិកលោក Russell Corneau ដែលជាតំណាងបណ្តោះអាសន្នឱ្យសហរដ្ឋអាមេរិកក្នុងរដ្ឋធានី Honiara បានថ្លែងក្នុងពិធីបើកស្ថានទូតអាមេរិកឡើងវិញថា «ស្ថានទូតនឹងដើរតួជាវេទិកាដ៏សំខាន់មួយរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលប្រទេស Solomon។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលក្រុងប៉េកាំង មានឆន្ទៈធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីជួយអភិវឌ្ឍប្រទេសដែនកោះមួយនេះ៕
សហរដ្ឋអាមេរិកបើកស្ថានទូតរបស់ខ្លួនឡើងវិញក្នុងប្រទេសកោះ Solomon ដើម្បីប្រជែងឥទ្ធិពលជាមួយចិន
ទីក្រុង Honiara —