យោធាសហរដ្ឋអាមេរិកបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃចន្ទអំពីអ្វីដែលខ្លួនហៅថាជាទង្វើ «មិនមានសុវត្ថិភាព» នៅច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលនៅពេលនោះនាវាកងទ័ពជើងទឹកមួយគ្រឿងរបស់ចិនបានបើកកាត់ពីមុខផ្លូវនាវាចរណ៍របស់នាវាពិឃាតសហរដ្ឋអាមេរិក ដោយនាវាសហរដ្ឋអាមេរិកត្រូវបង្ខំចិត្តបង្អង់ល្បឿនដើម្បីបញ្ចៀសការបុកគ្នា។
ក្នុងអំឡុងឧបទ្ទវហេតុនេះ យោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា នាវាពិឃាតចិនមួយគ្រឿងបានបើកជែងហួសនាវាពិឃាត USS Chung-Hoon របស់សហរដ្ឋអាមេរិកខាងជ្រុងសម្រាប់ចតនៅកំពង់ផែ ហើយបន្ទាប់មកបើកងាកទៅខាងស្ដាំដោយកាត់ពីមុខនាវាសហរដ្ឋអាមេរិកនៅចម្ងាយប្រមាណ ១៣៧ ម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់របស់បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
បើយោងតាមវីដេអូដែលបានបង្ហាញ នាវាពិឃាតសហរដ្ឋអាមេរិកនៅបន្តបើកទៅមុខដដែល ប៉ុន្តែយោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថានាវានោះបានបង្អង់ល្បឿន «ដើម្បីបញ្ចៀសការបុកគ្នា»។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលនាវាចម្បាំងសហរដ្ឋអាមេរិកនេះនិងនាវាចម្បាំង HMCS Montreal របស់ប្រទេសកាណាដាបានធ្វើដំណើរឆ្លងកាត់ដោយអនុវត្ត «សេរីភាពនៃការធ្វើនាវាចរណ៍» នៅច្រកសមុទ្រតៃវ៉ាន់។ ច្រកសមុទ្រតៃវ៉ាន់នេះត្រូវបានចិនអះអាងថាជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន ប៉ុន្តែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់អាមេរិកថាជាតំបន់ដែលគ្រប់គ្រងដោយសេរីភាពនៃការធ្វើដំណើរឆ្លងកាត់អន្តរជាតិ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទថា ហេតុការណ៍នេះគឺជា «ផ្នែកមួយនៃកម្រិតកើនឡើងនៃភាពគឃ្លើន» របស់យោធាចិន។
លោក Kirby បានហៅទង្វើរបស់ចិននេះថា «មិនមានសុវត្ថិភាព» និង «គ្មានវិជ្ជាជីវៈ» និងបាននិយាយថា ទង្វើដូចនេះអាចឈានទៅដល់ «ការប៉ាន់ស្មានខុស» នៅថ្ងៃអនាគត។
លោកថ្លែងដូច្នេះថា៖ «គ្រោះថា្នក់អាចកើតឡើងនៅពេលមិនយូរប៉ុន្មានខាងមុខ»។
នៅក្នុងហេតុការណ៍កាលពីថ្ងៃសៅរ៍នោះ បន្ទាប់ពីបានបើកកាត់ពីមុខនាវាចម្បាំងសហរដ្ឋអាមេរិកមក នាវាចម្បាំងចិននោះបានចាប់ផ្ដើមបើកបរត្រង់ស្របទិសជាមួយនឹងនាវាសហរដ្ឋអាមេរិកឡើងវិញ។
នាវាចម្បាំងចិននេះមិនបានប៉ុនប៉ងធ្វើទង្វើស្រដៀងគ្នានេះដាក់នាវាចម្បាំងរបស់ប្រទេសកាណាដានោះឡើយ ដោយនៅពេលនោះនាវាចម្បាំងកាណាដានេះបើកពីក្រោយនាវាចម្បាំងរបស់សហរដ្ឋអាមេរិក៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងReuters។