សហរដ្ឋ​អាមេរិក​ចូល​រួម​កិច្ច​ព្រមព្រៀងក្រុងប៉ារីស​​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ឡើង​វិញ

រូបឯកសារ៖ សកម្មជនបរិស្ថានម្នាក់បានកាន់បដាចូលរួមបាតុកម្មមួយដើម្បីដាក់សម្ពាធលើអ្នកតាក់តែងគោលនយោបាយឲ្យយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្មី​ៗ​នេះ​បាន​ព្រមាន​ថា​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​«វិបត្តិសកល​កំពុង​កើត​មាន» ដែល​ត្រូវ​តែ​ដោះស្រាយ​ខណៈ​សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥​ ឡើង​វិញ។

លោក​បៃដិន ​បាន​ប្រាប់មេ​ដឹក​នាំ​ពិភព​លោក​កាល​ពី​ថ្ងៃទី១៩ ​ខែកុម្ភៈ​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​នៃ​សន្និសីទ​សន្តិសុខ​ទីក្រុង​មុយនិក​ថា៖ «យើង​ទាំង​អស់គ្នា​នឹង​រងគ្រោះ​យើង​ទាំង​អស់​គ្នា​នឹងរងគ្រោះ។ យើង​នឹង​ប្រឈម​ផលវិបាក​បើ​សិន​ជា​យើង​បរាជ័យ»។

លោក បៃដិន បាន​ថ្លែង​បន្ត​ទៀត​ថា៖ «យើង​បាន​ពន្លឿន​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​ទប់ស្កាត់​ការ​បញ្ចេញ​ឧស្ម័ន​និង​ជំរុញ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​សម្រេច​គោល​ដៅ​និង​បង្កើន​មហិច្ឆតា​របស់​យើង។ ដូច្នេះ​ក្នុង​នាម​ជាប្រធានាធិបតី​ខ្ញុំ​បាន​ចូល​រួម​វិញ​ភ្លាមៗ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហើយ​មកដល់​ថ្ងៃ​នេះ​សហរដ្ឋអាមេរិក​ចូល​រួម​ជា​ផ្លូវ​ការ​ឡើង​វិញ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​យើង​បាន​បង្កើត​ឡើង​រួម​គ្នា»។

វិធានការ​របស់​លោក​បៃដិន ​បាន​ប្តូរ​សេចក្តី​សម្រេច​របស់​រដ្ឋបាល​លោក​ត្រាំ​ដែល​បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាស​ធាតុ​ ដែល​មាន​បំណង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ លោក​អតីត​ប្រធានាធិបតី ត្រាំ​គឺ​ជា​អ្នក​គាំទ្រ​ឧស្សាហកម្ម​ប្រេងឥន្ធនៈ​ហ្វូស៊ីល​ហើយ​តែង​តែ​និយាយ​ចំអក​អំពី​ថាមពល​កកើត​ឡើង​វិញ​ដូច​ជា​ខ្យល់​ជា​ដើម។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសុន្ទរកថាស្តីអំពីការប្រែប្រួលអាកាសធាតុ នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

កាល​ពី​ឆ្នាំ​២០១៧​ លោក ត្រាំ ​បាន​ប្រកាស​ថា ​សហរដ្ឋ​អាមេរិក​នឹង​ចាកចេញ​ពី​កិច្ច​ព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ​ដោយ​លើក​ហេតុ​ផល​ថា «​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច»​អាមេរិក។ ប៉ុន្តែ​បើ​យោង​តាម​លក្ខខណ្ឌ​នៃ​ការ​ចាកចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​មាន​ន័យ​ថា​ សេចក្តី​សម្រេច​របស់​លោក ត្រាំ​នឹង​មិន​ចូល​ជា​ធរមាន​រហូត​ដល់​ថ្ងៃទី​០៤​ខែ វិច្ឆិកា ​ឆ្នាំ២០២០​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត​ប្រធានាធិតី​សហរដ្ឋ​អាមេរិក​ដែល​លោក បៃដិន​ បាន​ទទួល​ជ័យជម្នះ។

នៅ​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​មួយ​ដើម្បី​អបអរ​ការ​វិល​ត្រឡប់​របស់​ក្រុង​វ៉ាស៊ីនតោន​មក​កាន់​កិច្ច​ព្រមព្រៀង​វិញ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា​វា​គឺ​ជា​ «ថ្ងៃនៃក្តី​សង្ឃឹម​» ហើយ​ជា​ដំណឹង​ល្អសម្រាប់​ទាំង​សហរដ្ឋ​អាមេរិក​និង​ពិភពលោក​ទាំងមូល។

លោក Guterres​បាន​និយាយ​សំដៅ​ដល់​អាណត្តិ​របស់​លោក​ត្ រាំ​នៅ​ពេល​សហរដ្ឋ​អាមេរិក​មិន​បាន​ចូល​រួម​ក្នុង​សកម្មភាព​អាកាស​ធាតុ​ថា៖ «កាល​ពី​បួន​ឆ្នាំ​មុន អវត្តមាន​របស់​ភាគី​សំខាន់​មួយ​បាន​បង្កើត​ជា​ចន្លោះ​មួយ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ចន្លោះ​ដែល​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ទាំង​មូល​ចុះ​ខ្សោយ»។

លោក Guterres បាន​បន្ត​ថា៖ «នេះ​ជា​ការ​ប្រកួត​ក្នុង​ជីវិត​របស់​យើង។ យើង​ត្រូវ​តែ​រត់​ឲ្យ​លឿន​ជាង​នេះ ហើយ​ឲ្យ​ឆ្ងាយ​ជាង​នេះ»។

លោក​ប្រធានាធិបតី​បៃដិន​បាន​ប្តេជ្ញា​ចិត្ត​សម្រេច​តាម​គោល​ដៅ​ប្រកប​ដោយ​មហិច្ឆតា​រួម​មាន​សេដ្ឋកិច្ច​ដែល​ប្រើប្រាស់​ថាមពល​ស្អាត​១០០​ភាគរយ​ក្នុង​សហរដ្ឋ​អាមេរិក និង​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​ទាល់​តែ​សោះ​ត្រឹម​ឆ្នាំ ២០៥០។

លោក​បាន​ចាត់​តាំង​អតីត​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​លោក John Kerry ដែល​បាន​ជួយ​ចរចា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ២០១៥ ជា​ប្រេសិត​ប្រធានាធិបតី​ដែល​មិន​ធ្លាប់​មាន​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​អាកាសធាតុ​និង​តែងតាំង​លោក​ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ផង​ដែរ។​

ទិវា​ភព​ផែនដី​នៅ​ថ្ងៃទី២២​ខែមេសា​ខាង​មុខ​នេះ​ រដ្ឋបាល​លោក​បៃដិន​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​អាកាស​ធាតុ​ជាមួយ​មេដឹក​នាំ​នានា​ដើម្បី​ដឹកនាំ​សកម្មភាព​ប្រកប​ដោយ​មហិច្ឆតា​បន្ថែម​ទៀត​ក្នុង​ចំណោម​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ច្រើន​ជាង​គេ​បំផុត​រួម​មាន​សហរដ្ឋ​អាមេរិកផង​ដែរ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ