អាមេរិក​បញ្ជាក់​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កូរ៉េខាងត្បូង​ ក្រោយ​លោកប្រធានាធិបតី​ Yoon ត្រូវបាន​​​ចោទប្រកាន់ដកតំណែង

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិនៅឯគេហដ្ឋានផ្លូវការរបស់លោកក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ក្រោយ​សភា​របស់​ប្រទេស​កូរ៉េខាង​ត្បូងកាល​ពីថ្ងៃ​សៅរ៍បាន​ចោទ​ប្រកាន់ដកតំណែង​លោក​ប្រធានាធិបតី Yoon Suk Yeol ជុំវិញ​ក្រឹត្យ​ច្បាប់​អាជ្ញាសឹក​ដ៏​គួរ​ឱ្យភ្ញាក់​ផ្អើល និង​រយៈពេល​ខ្លី​របស់លោក ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បញ្ជាក់​ឡើងវិញ​នូវការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង ពលរដ្ឋកូរ៉េ​ខាង​ត្បូង និង​ដំណើរ​ការប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

លោក Matthew Miller អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាននិយាយ​ក្នុង​សេចក្តីថ្លែង​ការ​នេះ​ថា៖ «​ការប្តេជ្ញា​ចិត្ត​របស់យើង​ចំពោះ​សម្ព័ន្ធភាព​អាមេរិក-កូរ៉េខាងត្បូង គឺ​មាន​ភាព​រឹងមាំ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ សម្ព័ន្ធភាព​នេះ​បាន​បោះ​ជំហាន​ទៅមុខ​យ៉ាងសម្បើម ហើយ​សហរដ្ឋ​អាមេរិក​ទន្ទឹង​រង់ចាំ​ភាពជាដៃគូ​ជាមួយ​កូរ៉េខាងត្បូង​លើ​ការ​សម្រេច​បាន​នូវ​វឌ្ឍនភាព​បន្ថែមទៀត។ យើង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​បន្តការងារ​នេះ​ជាមួយ​ប្រធានាធិបតីស្តីទី​លោក Han Duck-soo និង​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដើម្បី​ជំរុញ​ផលប្រយោជន៍ និង​តម្លៃរួម​របស់​យើង»។

ការ​ដាក់​ច្បាប់​អាជ្ញាសឹក​កាល​ពី​ថ្ងៃ​ទី៣ ខែធ្នូ របស់​លោក Yoon ដែល​ចំណាត់​ការ​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ៤ ទសវត្សរ៍​នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង មានរយៈពេល​ត្រឹម​តែ ៦ ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​បាន​បង្ក​ឱ្យ​មាន​ភាពច្របូក​ច្របល់​ផ្នែក​នយោបាយ​ដ៏​ធំ បញ្ឈប់​សកម្មភាព​ការទូត និង​រង្គុះរង្គើ​ទីផ្សារ​ហិរញ្ញវត្ថុ។ លោក Yoon ត្រូវ​បាន​បង្ខំ​ឱ្យ​ដក​ក្រឹត្យ​របស់​លោក បន្ទាប់​ពី​សភា​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆ័ន្ទ​ឱ្យ​លុប​ចោល​ក្រឹត្យ​នេះ។

ចំណាត់ការច្បាប់​អាជ្ញាសឹកពេលនោះបានបញ្ចប់​ការ​ជាប់គាំ​នយោបាយ​ជា​ច្រើន​ថ្ងៃ ប៉ុន្តែ​បាន​បង្កើត​ការជជែក​ដេញដោល​គ្នា​យ៉ាង​ខ្លាំង​អំពី​ជោគវាសនា​របស់​លោក Yoon។

រដ្ឋសភា​បាន​អនុម័ត​ការចោទប្រកាន់​ដកតំណែង​ ក្រោម​សំឡេង​បោះឆ្នោត ២០៤ ទល់​នឹង ៨៥។ អំណាច និង​ភារកិច្ច​របស់​លោក​ប្រធានាធិបតី Yoon ត្រូវ​បាន​ព្យួរ​ជា​បន្ទាប់ ហើយ​លោក​នាយករដ្ឋមន្ត្រី Han Duck-soo ដែល​ជា​មន្ត្រីកំពូល​ទី២ របស់​ប្រទេស បាន​ឡើង​កាន់​អំណាច​ប្រធានាធិបតីស្តីទីនៅ​ថ្ងៃសៅរ៍​នេះ។

តុលាការ​ធម្មនុញ្ញ​មាន​ពេល​រហូត​ដល់ ១៨០ថ្ងៃ ដើម្បី​កំណត់​ថា​តើ​ត្រូវ​បណ្តេញ​លោក Yoon ចេញពី​តំណែង​ជា​ប្រធានាធិបតី ឬ​ស្ដារ​អំណាច​របស់​លោក​ឡើង​វិញ។ ប្រសិន​បើ​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង ការបោះឆ្នោត​ជាតិ​ដើម្បី​ជ្រើសរើស​អ្នកស្នងតំណែង​របស់លោក​ ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៦០ថ្ងៃ។

វា​គឺ​ជា​ការបោះឆ្នោត​សភា​ជាតិ​លើក​ទីពីរ​លើ​ការចោទ​ប្រកាន់​របស់​លោក Yoon បន្ទាប់​ពី​សមាជិក​សភា​គណបក្ស​អំណាច​ប្រជាជន​ដែល​កាន់អំណាច​បាន​ធ្វើពហិការ​មិន​ចូលរួម​ការបោះឆ្នោតទីមួយ​កាល​ពីថ្ងៃសៅរ៍​មុន។ ចាប់​តាំង​ពី​ពេល​នោះមក សមាជិក​សភា​គណបក្ស​អំណាច​ប្រជាជន​មួយចំនួន​បាន​និយាយថា ពួកគេ​នឹង​បោះឆ្នោត​សម្រាប់​ការចោទ​ប្រកាន់​ដក​ដំណែង​របស់​លោក Yoon នៅ​ពេល​ដែល​ការតវ៉ា​ជា​សាធារណៈ​កាន់តែ​ខ្លាំង​ឡើង ហើយ​ប្រជាប្រិយភាព​របស់លោក​បាន​ធ្លាក់​ចុះ។

ប្រធាន​រដ្ឋសភា Woo Won Shik បាន​និយាយ​ថា ការ​ចោទប្រកាន់​ដកតំណែង​លោក Yoon គឺ​ជា​លទ្ធផល​ដែល​ជំរុញដោយ «បំណងប្រាថ្នា​ដ៏ខ្លាំងក្លា​របស់​ប្រជាជន​សម្រាប់​លទ្ធិប្រជាធិបតេយ្យ ភាពក្លាហាន និងការលះបង់»។

មនុស្ស​រាប់សែននាក់​ដែលប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​សភា បាន​ស្រែក​ហ៊ោឡើង​ដោយ​ភាព​រីករាយ គ្រវី​បដា និង​ដំបង​បញ្ចេញ​ពន្លឺ K-pop ចម្រុះ​ពណ៌ ខណៈ​ដែល​សកម្មជន​នាំ​មុខ​ម្នាក់​បានស្រែក​នៅ​លើឆាក​ថា «យើង​បានរក្សា​សណ្តាប់​ធ្នាប់​រដ្ឋធម្មនុញ្ញ!» ហើយ។

នៅ​កណ្តាល​ទីក្រុង​សេអ៊ូល ហ្វូង​មនុស្ស​ដ៏ច្រើន​ផ្សេងទៀត​បាន​ប្រមូលផ្តុំគ្នា​គាំទ្រលោក Yoon ប៉ុន្តែ​ពួកគេ​បាន​ថយ​ចុះ​បន្ទាប់​ពី​បាន​ឮថា​លោក​ត្រូវ​បាន​គេចោទ​ប្រកាន់​ដកតំណែង។

លោក Yoon បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា លោកនឹង «មិនចុះចាញ់» និង​អំពាវនាវ​ឱ្យ​ក្រុម​មន្ត្រី​រក្សាស្ថិរភាព​នៅ​ក្នុង​មុខងារ​នានា​របស់រដ្ឋាភិបាល ក្នុង​អំឡុង​ពេល​អ្វី​ដែល​លោក​បាន​ពិពណ៌នា​ថា ជាការផ្អាក «បណ្តោះអាសន្ន» នៃ​តំណែង​ប្រធានាធិបតី​របស់លោក។

លោក Yoon បាន​និយាយ​ថា​៖ «​ខ្ញុំ​នឹង​ទទួល​យក​រាល់​ការ​រិះគន់ ការ​លើក​ទឹកចិត្ត និង​ការ​គាំទ្រ​មក​លើ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បន្ត​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​សម្រាប់​ប្រទេស​រហូត​ដល់​ពេល​ចុងក្រោយ»។

លោក Han ដែល​ជា​មេដឹកនាំ​ស្តីទី បាន​បញ្ជា​ឱ្យយោធា​ពង្រឹង​ឥរិយាបថ​សន្តិសុខ​របស់ខ្លួន ដើម្បី​ការពារ​កុំ​ឲ្យ​កូរ៉េខាងជើង​បង្ក​ហេតុ​ដោយ​ការគណនា​ខុស។ លោក Han បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​ជូន​ដំណឹង​ដល់​ប្រទេស​ផ្សេង​ទៀត​ថា គោលនយោបាយ​ខាងក្រៅ​សំខាន់ៗ​របស់កូរ៉េខាងត្បូង​នៅ​តែ​មិន​ផ្លាស់ប្តូរ ហើយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ត្រូវធ្វើការ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ដែល​អាចកើត​មាន​លើសេដ្ឋកិច្ច ដោយសារ​ភាពចលាចល​នយោបាយ។ នេះ​បើយោង​តាមការិយាល័យ​របស់លោក Han។

លោក Han ​បាន​និយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍ថា៖ «ខ្ញុំ​សូមស្នើសុំដោយ​ស្មោះ​ត្រង់​ដល់មន្ត្រី​រាជការ​។ នៅ​ពេលនេះ យើង​មានភារកិច្ច​សំខាន់​ក្នុង​ការធានា​នូវ​ប្រតិបត្តិការ​ធម្មតា និង​ស្ថិរភាព​នៃកិច្ចការ​រដ្ឋ … ខ្ញុំ​សុំ​ឱ្យ​អ្នក​អនុវត្តភារកិច្ច​របស់អ្នក ដោយ​មិនមាន​ការធ្វេស​ប្រហែស​ណាមួយ ដើម្បី​ធានាថា​រដ្ឋាភិបាល​ត្រូវ​បានដំណើរការ​ដោយ​មិនមាន​ការ​រង្គោះរង្គើ​ឡើយ»។ .

ភាគច្រើន​នៃ​សេចក្តីរាយការណ៍​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។