រដ្ឋបាលម្ហូបអាហារ និងឱសថរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញបានដកការអនុញ្ញាតឱ្យប្រើក្នុងគ្រាអាសន្ននូវថ្នាំគ្រុនចាញ់ដែលលោកប្រធានាធិបតីដូណាល់ ត្រាំ បានសរសើរថា ព្យាបាលប្រកបដោយជោគជ័យនូវជំងឺកូវីដ១៩។
រដ្ឋបាលម្ហូបអាហារ និងឱសថសហរដ្ឋអាមេរិកបាននិយាយថា មានភស្តុតាងកាន់តែកើនឡើងថា ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីនរួមជាមួយឱសថព្យាបាលជំងឺគ្រុនចាញ់ផ្សេងទៀត មិនទំនងមានប្រសិទ្ធភាពនៅក្នុងការព្យាបាលមេរោគកូរ៉ូណា ហើយអាចបណ្តាលឱ្យមានផលប៉ះពាល់រហូតដល់ស្លាប់។
ការសិក្សាកាលពីពេលថ្មីៗនេះជាច្រើនបានប្រាប់ឱ្យដឹងថា ឱសថនោះមិនមាន ប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទេ ហើយអាចបណ្តាលឱ្យមានផលវិបាក រួមមានបញ្ហាចង្វាក់បេះដូង សម្ពាធឈាមទាប ហើយថែមទាំងស្លាប់ទៀតផង។
ការសម្រេចរបស់រដ្ឋបាលម្ហូបអាហារ និងឱសថរបស់សហរដ្ឋអាមេរិកមានន័យថា ការផ្គត់ផ្គង់ឱសថរបស់រដ្ឋាភិបាលសហព័ន្ធនឹងលែងចែកចាយទៅឱ្យពួកមន្រ្តីសុខាភិបាលរដ្ឋ និងមូលដ្ឋានដើម្បីប្រើប្រឆាំងនឹងមេរោគកូរ៉ូណាទៀតហើយ។ ពួកវេជ្ជបណ្ឌិតអាចនៅប្រើថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីនដើម្បីព្យាបាលបញ្ហាសុខភាពផ្សេងទៀត រួមមានជំងឺគ្រុនចាញ់ រោគសើរស្បែក និងជំងឺសន្លាក់ដៃជើង។
លោកវេជ្ជបណ្ឌិត Thomas Files ប្រធានសង្គមជំងឺឆ្លង និយាយថា លោកគាំទ្រចំណាត់ការរបស់រដ្ឋបាលម្ហូបអាហារ និងឱសថកាលពីថ្ងៃចន្ទម្សិលមិញ។
ការផ្ទុះឡើងនូវមេរោគកូរ៉ូណាកាលពីដំបូង លោកប្រធានាធិបតីត្រាំ បាននិយាយថា លោកជឿថា ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីនរួមជាមួយឱសថ Antibiotic Aithromycin មានឱកាសពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាជំងឺបណ្តាលមកពីមេរោគកូរ៉ូណា។ក្រោយមក លោកប្រធានាធិបតី បាននិយាយថា លោកបានលេបថ្នាំនោះដោយខ្លួនឯង ហើយមានសុខភាពល្អ៕