កម្ម​វិធី​ជនភៀសខ្លួន​ឆ្នាំ២០១៨​របស់​សហរដ្ឋអាមេរិក​ចាប់​ផ្តើម​ឡើង​មិន​សូវ​ល្អ

រូបឯកសារ៖ សកម្មជន​សហគមន៍​និង​ជា​ជន​ភៀស​ខ្លួន​ប្រមូលផ្តុំ​គ្នា​នៅ​សេតវិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មិថុនា ដើម្បី​ប្រារព​​ទិវា​ជន​ភៀសខ្លួន។

កម្មវិធី​ជន​ភៀស​ខ្លួន​របស់​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ឡើង​មិន​សូវ​ល្អ​នៅ​ក្នុង​ឆ្នាំ​សា​រពើ​ពន្ធ​ថ្មី​នេះ​ បន្ទាប់ពី​មាន​ការ​ប្រកាស​ថ្មីៗ​អំពី​នីតិ​វិធី​នៃ​ការ​ជ្រើស​រើស​ ហើយ​និង​ការ​ថយ​ចុះ​ខ្លាំង​នៃ​ចំនួន​អ្នក​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​​មក​ដល់​ថ្មី​នៅ​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។

ជនភៀស​ខ្លួន​ប្រមាណ​ជាង​១,២០០នាក់​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​នៅ​ខែតុលា​ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ក្រសួង​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​បង្ហាញ​ជា​សាធារណៈ។​ កម្មវិធី​ជន​ភៀស​ខ្លួន​សម្រាប់​ឆ្នាំ​សារពើពន្ធ​ថ្មី​នេះ​ ដែល​បាន​កាត់​បន្ថយ​រហូត​ដល់​កម្រិត​អតិបរមា​ដែល​ទាប​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ក្នុង​រយៈ​ពេល​៣៨​ឆ្នាំ​នេះ​ ត្រូវ​ស្វាគមន៍​ជន​ភៀស​ខ្លួន​ចំនួន​៣,៧៥០នាក់​ក្នុង​១​ខែ​ដើម្បី​ឲ្យ​គ្រប់​ចំនួន​កំណត់​៤៥,០០០​នាក់។​

បើ​អត្រា​សព្វថ្ងៃ​នេះ​នៅ​តែ​បន្ត​ ចំនួន​ជនភៀសខ្លួន​ដែល​មក​ដល់​សហរដ្ឋ​អាមេរិក​នឹង​បាន​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​នៃចំនួន​ដែល​ត្រូវ​បាន​កំណត់​ដោយ​លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ​ក្នុងឆ្នាំ​សារពើពន្ធ​ឆ្នាំ​២០១៨ ចាប់​ផ្តើម​ពី​ថ្ងៃ១​ខែ​តុលា​កន្លងទៅ​នេះ។

ក្រុម​អ្នក​គ្រាំទ្រ​ជនភៀសខ្លួន​បាន​ទាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ចំនួន​ប្រចាំ​ខែ​ដែល​មាន​ចំនួន​តិច​នៅ​ក្នុង​យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅនេះ។

ជា​យូរ​ណាស់​មក​ហើយ​ ខែ​ទី​១​នៃ​ឆ្នាំ​សារពើពន្ធ​ មិន​អាច​បង្ហាញ​ពី​ស្ថានភាព​របស់​ឆ្នាំ​ទាំង​មូល​បាន​ទេ។​ មាន​ឆ្នាំ​មុនៗ​ ដូចជា​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១១​ នៅ​ពេល​ដែល​ចំនួន​ជនភៀសខ្លួន​បាន​មក​ដល់​ច្រើន​នៅ​ខែ​តុលា​ គឺ​មាន​ជន​ភៀស​ខ្លួន​រហូត​ដល់​៤,៨០០​នាក់​បាន​មក​ដល់​សហរដ្ឋ​អាមេរិក។​ នៅ​ពេល​ចុងឆ្នាំ​ ចំនួន​សរុប​បែរជា​មាន​ចំនួន​តិចជាង​ចំនួន​កំណត់វិញ ​ដែល​ចំនួន​ឆ្នាំ​នោះ​បាន​ត្រឹម​តែ​៧១​ភាគរយ​នៃចំនួន​៨០,០០០​នាក់​តែ​ប៉ុណ្ណោះ។

ឯ​ឆ្នាំ​សារ​ពើពន្ធ​ ២០១៤​ វិញ ​ចំនួន​ជន​ភៀស​ខ្លួន​បាន​ចាប់​ផ្តើម​ពីចំនួន​តិចនៅ​ខែ​តុលា​ គឺ​សឹង​តែ​មិនគ្រប់​ ១,៨០០ នាក់​ ដែល​តិច​ជាង​ចំនួនមធ្យម​ប្រចាំ​ខែ​គឺ​ប្រហែល​ជា​៥,៨០០​ នាក់​ដើម្បី​ឲ្យ​គ្រប់​ចំនួន​កំណត់​នៃ​ ៧ ម៉ឺន​នាក់។ ក៏​ប៉ុន្តែ​ ចំនួន​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ នៅក្នុង​ឆ្នាំ​ ២០១៤ នោះ​ ដែល​នៅ​ចុង​ឆ្នាំ​ចំនួន​កំណត់​នៅ​សល់​តែ៣​កន្លែង​ប៉ុណ្ណោះ។

ក៏​ប៉ុន្តែ​ ចំនួន​កំណត់​៤៥,០០០​នាក់​សម្រាប់​ឆ្នាំ​២០១៨​នេះ គឺ​ជា​ចំនួន​អតិបរមា​តែ​ប៉ុណ្ណោះ​ វា​មិនមែន​ជា​តម្រូវការ​ ក៏​មិនមែន​ជា​គោលដៅ​ដែរ។ ទោះ​ជា​មានការ​ប្រឆាំង​ពី​សាធារណៈជន​ក៏ដោយ​ រដ្ឋាភិបាល​នៅ​តែ​អាច​អនុញ្ញាត​ឲ្យ​មាន​ចំនួន​ជនភៀសខ្លួន​នៅ​ក្រោម​ចំនួន​កំណត់​ដូច​ឆ្នាំ​មុន​ដែរ​ គឺជនភៀសខ្លួន​ចំនួន​៥៤,០០០​ នាក់​ប៉ុណ្ណោះ​នៃ​ចំនួន​១១០,០០០​ នាក់​ដែល​ត្រូវ​បាន​គ្រោង​ទុក​ថា​នឹង​មក​ដល់​ នេះ​គឺ​បន្ទាប់​ពី​មាន​ការ​សម្រេច​ចិត្ត​របស់​គណៈរដ្ឋមន្ត្រី​និង​សារលិខិត​របស់​លោក​ ត្រាំ ទាក់ទង​នឹង​ហានិភ័យ​ដែល​ជនភៀសខ្លួន​អាចនាំមក។

នៅ​ចុង​ខែ​តុលា​ រដ្ឋបាល​លោក​ត្រាំ​បាន​ប្រកាស​ថា​ និតិវិធី​ជាច្រើន​ទៀត​នឹង​ត្រូវ​បន្ថែម​ទៅលើ​ដំ​ណើរការ​ទទួលយក​ជនភៀសខ្លួន​។ ជន​ភៀស​ខ្លួន​ពី​១១​ប្រទេស​នឹង​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​តឹងតែង​ក្នុង​អំឡុងពេល​ការពិនិត្យ​ក្នុង​រយៈពេល​៩០​ថ្ងៃ​ ហើយ​ជនភៀសខ្លួន​ទាំងនោះ​នឹង​ត្រូវបាន​ទទួលយក​តាមករណី​ខុសៗ​គ្នា​របស់​ពួកគេ​នៅ​ក្នុង​រយៈពេល​ពិនិត្យ​ប៉ុន្មាន​ខែ​នោះ​តែ​ប៉ុណ្ណោះ។

បើ​យោង​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ កាសែត Politico បាន​កំណត់​អត្តសញ្ញាណ​របស់​ប្រទេស​ដែល​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង ទាំង​នោះ​មាន​ដូច​ជា​ប្រទេស​ អេហ្ស៊ីប​ អ៊ឺរ៉ង់​ អ៊ឺរ៉ាក់​ លីប៊ី​ ម៉ាលី​ ក៉ូរេ​ខាង​ជើង​ សូម៉ាលី​ និង​ ស៊ូដង់​ខាងត្បូង។ ​

កម្មវិធី​ជនភៀសខ្លួន​ក្នុងរយៈពេល​២ឆ្នាំមុននេះ​ ដែល​អាស្រ័យ​ទៅលើ​ចំនួន​កំណត់​ដោយ​ប្រធានាធិបតី​នៅដើមឆ្នាំ​សារពើពន្ធ​ បាន​បង្ហាញ​ថា​កម្មវិធី​នេះ ​អាច​ប្រែប្រួល​នៅក្នុង​អំឡុង​ពេល​ឆ្នាំ​នោះ។ នៅ​ក្នុង​អាណត្តិ​ទី២​របស់​អតីត​ប្រធានាធិបតី​ Barack Obama ​បានជួយ​ច្រើន​ដល់​ការ​ទទួលយក​ជនភៀសខ្លួន​ជនជាតិ​ស៊ីរី​ដែល​កំពុង​រង់ចាំ​ការ​តាំង​លំនៅថ្មី​ ខណៈដែលលោក​ ត្រាំ​ បានធ្វើ​ឲ្យ​កម្មវិធី​នេះ​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​អំឡុង​ពេល​៩ខែ​ដំបូង​ក្នុង​ការ​កាន់​តំណែងជាប្រធានាធិបតីរបស់​លោក៕

ប្រែ​សម្រួល​ដោយ លឹម​ ហ្គេចហៀង