អាមេរិក​ផ្តល់​រង្វាន់​រហូត​ដល់ ៥ លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​អំពី​ជនជាតិ​សិង្ហបុរី​​ដែល​​ជួយ​ដល់​​សកម្មភាព​ខុស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង

រូបថត​ផ្សាយ​ដោយ​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត FBI បង្ហាញ​សេចក្តី​ប្រកាស​រក​​ព័ត៌មាន​អំពី​លោក Kwek Kee Seng។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ប្រកាសនឹង​ផ្តល់​រង្វាន់​រហូត​ដល់ ៥ លាន​ដុល្លារ​សម្រាប់​ការ​ផ្ដល់​ព័ត៌មានអំពីជនជាតិ​សិង្ហបុរី​ម្នាក់ដែល​ធ្វើ​សកម្មភាព​ខុស​ច្បាប់​គាំទ្រ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ការ​លាង​លុយ​កខ្វក់ និង​ប្រតិបត្តិការ​តាម​អ៊ីនធឺណិត​មួយ​ចំនួន​ទៀត។

លោក Kwek Kee Seng រង​ការ​ចោទ​ប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​គេចវេះ​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​របស់​អង្គការ​សហប្រជាជាតិ​ ដោយការ​ដឹកជញ្ជូន​ប្រេង​ឥន្ធនៈ​ដោយ​សម្ងាត់​ទៅ​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ តាមរយៈ​ក្រុមហ៊ុន​នាវា​ដឹក​ជញ្ជូន​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ឈ្មោះ Swanseas Port Services (S) Pte Ltd។

សេចក្តី​ប្រកាស​របស់ក្រសួង​ការ​បរទេស​ក៏​បាន​បញ្ជាក់​ថា​ ទី​តាំង​ដែល​គេ​ដឹង​ថា​លោក​មាន​វត្តមាន​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ក្រាបសកម្មភាព​ខុស​ច្បាប់របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ​បាន​ធ្វើ​ឡើងនៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាញ់សាកល្បង​មីស៊ីល​ជា​ច្រើន​គ្រាប់​មិន​ធ្លាប់​មាន​ពី​មុន​មក​និង​បង្កើន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ។

កាលពី​ថ្ងៃ​ពុធ យោធា​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល ៣ គ្រាប់​តម្រង់​ឆ្ពោះ​ទៅ​កាន់​ដែនដី​កូរ៉េ​ខាងត្បូង។ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល ៣ គ្រាប់​ថែម​ទៀត ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់​ផង​ដែរ។

ប្រភព​ការទូត​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ VOA ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​រួម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មាន «សមត្ថភាព​ពេញលេញ‍» ដើម្បី «លុប​បំបាត់» ប្រទេស​កូរ៉េ​ខាង​ជើង​ចេញ​ពី​ផែនទី​ពិភពលោក ប្រសិនបើ​កូរ៉េ​ខាង​ជើង​វាយ​ប្រហារ​កូរ៉េ​ខាង​ត្បូង។

ប្រភព​នេះ​បាន​ថ្លែង​បន្ថែម​ថា នៅ​ពេល​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​គ្មាន​ផែនការ​ស្នើ​សហរដ្ឋ​អាមេរិក​ឱ្យ​ដាក់​ពង្រាយ​ជា​ថ្មី​នូវ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​នោះ​ទេ ដែល​អាវុធ​ប្រភេទ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដក​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ដើម​ទសវត្សរ៍ ១៩៩០។

កម្មវិធី​រង្វាន់​សម្រាប់​យុត្តិធម៌ (Rewards for Justice Program) នេះ​គឺ​ជា​កម្មវិធី​ដែល​រៀបចំ​ឡើង​ដោយ​ផ្នែក​សន្តិសុខ​ការទូត​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។ កន្លង​មក កម្មវិធី​នេះ​បាន​ផ្តល់​ប្រាក់​ជាង ២៥០ លាន​ដុល្លារ​ដល់​មនុស្ស​ជាង ១២៥ នាក់ ដែល​បាន​ផ្តល់​ព័ត៌មាន​ដែល​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ហា​គំរាមកំហែង​ចំពោះ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​តាំងពី​ឆ្នាំ ១៩៨៤ មក៕