លោក Trump និង​លោកស្រី Clinton ដែល​រំពឹង​ថា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​បាន​លាត​ត្រដាង​ឯកសារ​ហិរញ្ញវត្ថុ​របស់​ខ្លួន

​លោកស្រី Hillary Clinton និង​លោក Donald Trump។

លោក Donald Trump និង​លោកស្រី Hillary Clinton បាន​បញ្ចេញ​ហិរញ្ញវត្ថុ​របស់​ពួកគេ​រៀង​ខ្លួនៗ ជាមួយ​នឹង​ឯកសារ​ដែល​បង្ហាញ​ថា បេក្ខជន​ដែល​សង្ឃឹម​ថា​នឹង​ទទួលបាន​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទាំង​២​រូប​នេះ រក​ប្រាក់​ចំណូល​បាន​រាប់​លាន​ដុល្លារ ថ្វីត្បិត​តែ​ក្នុង​កម្រិត​ខុស​គ្នា​ក៏​ដោយ។

នៅ​ក្នុង​ឯកសារ​ដែល​បាន​លាតត្រដាង​កាល​ពី​ថ្ងៃ​ពុធ​ទៅ​កាន់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​សហព័ន្ធ​ លោក Trump ដែល​រំពឹង​ថា​នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ដែល​តែងតាំង​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ រក​ចំណូល​បាន​ចំនួន​៥៥៧​លាន​ដុល្លារ និង​មាន​កំណើន​ប្រាក់​ចំណេញ​ពី​ជំនួញ​របស់​លោក​ចំនួន​១៩០​លាន​ដុល្លារ​នៅ​ក្នុងរយៈពេល​១៧​ខែ​កន្លង​ទៅ​នេះ។​

តួលេខ​នេះ​មាន​ការ​លំបាក​ក្នុង​ការ​បញ្ជាក់ ពីព្រោះ​ថា លោក Trump បាន​បដិសេធ​មិន​ព្រម​លាតត្រដាង​ឯកសារ​ពន្ធ​របស់​លោក​នោះ​ទេ ដោយ​លោក​បាន​និយាយ​ថា សវនកម្ម​របស់​សេវាកម្ម​ពន្ធដារ​ផ្ទៃ​ក្នុង​អាមេរិក​ដែល​ហៅ​កាត់​ថា (IRS) បាន​រារាំង​លោក​មិន​ឲ្យ​ធ្វើ​ដូច្នេះ​នោះ​ទេ។ IRS មិន​បាន​និយាយ​ទេ​ថា ខ្លួន​កំពុង​តែ​ធ្វើ​សវនកម្ម​លើ​លោក Trump ឬ​យ៉ាង​ណា ប៉ុន្តែ​ស្ថាប័ន​នេះ​បាន​ឲ្យ​ដឹង​ថា ការធ្វើ​សវនកម្ម​មិន​រារាំង​ដល់​ការលាតត្រដាង​ឯកសារ​ពន្ធ​នោះ​ទេ។

ប៉ុន្តែ​ឯកសារ​ដែល​មាន​ចំនួន​១០៤​ទំព័រ​របស់​លោក Trump បង្ហាញ​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​មាន​ផលប៉ះពាល់​តិចតួច​ណាស់​ទៅ​លើ​ជំនួញ​របស់​លោក បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ឲ្យ​ធ្វើ​ពហិការ​ទៅ​លើ​ជំនួញ​មួយ​ចំនួន​របស់​លោក​កាល​ពី​ពេល​ដែល​លោក​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​ក៏​ដោយ។​

លោកស្រី Clinton ដែល​ជា​បេក្ខជន​ដែល​រំពឹង​ថា​នឹង​ទទួល​បាន​តំណែង​ជា​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​នោះ បាន​រៀបចំ​ឯកសារ​ហិរញ្ញវត្ថុ​របស់​លោក​ស្រី​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ ហើយ​បាន​ប្រើប្រាស់​ឯកសារ​នេះ​ជា​ឱកាស​មួយ ជំរុញ​ឲ្យ​លោក Trump លាតត្រដាង​ពី​ឯកសារ​ពន្ធ​របស់​ខ្លួន​ផង​ដែរ។ លោកស្រី Christina Reynolds អ្នកនាំពាក្យ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី Clinton បាន​មាន​ប្រសាសន៍​ថា «វា​គឺ​ជា​លក្ខខណ្ឌ​ផ្លូវ​ច្បាប់​ដែល​តម្រូវ​ដល់​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ទាំងអស់»៕