ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែមិនទាន់ដឹងលទ្ធផលដាច់ស្រេច កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញ ដោយគូប្រជែងខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានខិតទៅកាន់សំឡេងភាគច្រើននៃអង្គបោះឆ្នោត ហើយលោកប្រធានាធិបតី Donald Trump ទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។ គណបក្សសាធារណរដ្ឋ កំពុងដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ពីការបោះឆ្នោតមានភាពមិនប្រក្រតី។
លោកប្រធានាធិបតី Trump បានចោទប្រកាន់ដោយគ្មានភស្តុតាង កាលពីថ្ងព្រហស្បតិ៍ម្សិលមិញ លើគណបក្សប្រជាធិបតេយ្យ ពីការរៀបចំឲ្យមានការលួចបន្លំ និងមានភាពមិនប្រក្រតីយ៉ាងខ្លាំង ដើម្បីរារាំងលោក មិនឲ្យជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាណត្តិទី ២។
លោកប្រធានាធិបតី Trump បានប្រាប់សន្និសីទកាសែតថា៖ «នេះជាករណីដែលពួកគេកំពុងព្យាយាមលួចបន្លំក្នុងការបោះឆ្នោត ហើយយើងមិនអាចអនុញ្ញាតឲ្យបញ្ហានេះកើតឡើងបានទេ»។
ផ្ទុយទៅវិញ លោក Biden កាលពីពេលរសៀលថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានការអត់ធ្មត់ ខណៈដែលរដ្ឋនានាកំពុងរាប់សន្លឹកឆ្នោតដែលមានជាង ១៥០ លានសន្លឹក នៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ។
លោក Biden បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា៖ «សន្លឹកឆ្នោតនីមួយៗត្រូវតែរាប់។ ហើយនេះជាអ្វីដែលយើងកំពុងឃើញនៅពេលឥឡូវនេះ។ ហើយនេះជាអ្វីដែលគួរកើតមានឡើង។ ជួលកាល លទ្ធិប្រជាធិបតេយ្យ មានការច្របូកច្របល់»។
លោក Biden ត្រូវបានបណ្តាញផ្សាយព័ត៌មានរាយការណ៍ថា នាំមុខនៅក្នុងការទទួលបានអង្គបោះឆ្នោត គឺ ២៥៣ ទល់នឹង ២១៤។
បេក្ខជនដែលទទួលបានសំឡេងភាគច្រើនគឺចំនួន ២៧០ នឹងមានជ័យជម្នះនឹងឡើងកាន់ដំណែងប្រធានាធិបតី ដែលមានរយៈពេល ៤ ឆ្នាំ។ ក៏ប៉ុន្តែ ការរាប់សន្លឹកឆ្នោតនៅកំពុងធ្វើនៅឡើយ នៅក្នុងរដ្ឋ ៤ ដែលនឹងសម្រេចលទ្ធផលនៃការបោះឆ្នោតគឺ រដ្ឋ Georgia, Pennsylvania, Arizona និងរដ្ឋ Nevada៕